ភ្នំពេញ ៖ ម៉ូតូ ចំនួន៥គ្រឿង កំពុងឈប់ចាំភ្លើងស្តុប ស្រាប់តែត្រូវរថយន្ត ១គ្រឿង បើកមកពីក្រោយ ដាច់ហ្វ្រាំង ជ្រុលបុករះ បណ្តាលខូចខាត តែសំណាងល្អ គ្រាន់តែមានមនុស្សរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចស្តុបផ្លូវ៣០ម៉ែត្រ កែង៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូចំនួន៥គ្រឿង កំពុង តែឈប់ចាំភ្លើងស្តុប ត្រង់ផ្លូវបំបែកជាបួនខាងលើ ខណៈនោះស្រាប់តែមានបុរសម្នាក់ បើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ពណ៌ស ពាក់ស្លាកលេខ 2AJ-0192 ធ្វើដំណើរក្នុងទិសដៅស្របគ្នា មកពីក្រោយ តាមបណ្តោយផ្លូវ ៣០ម៉ែត្រ លុះដល់ចំណុចភ្លើងស្តុប ស្រាប់បុករះម៉ូតូ ៥គ្រឿង ដែលកំពុងឈប់ចាំភ្លើង បណ្តាលឱ្យរងការខូចខាត និងធ្វើឱ្យមនុស្សប្រុសស្រីជាច្រើននាក់ រងរបួសស្រាល។

តាមសម្តីម្ចាស់រថយន្តបង្កហេតុ បានឱ្យដឹងថា រថយន្តរបស់គាត់ ពេលដែលធ្វើដំណើរដល់កន្លែងកើតហេតុ ស្រាប់តែដាច់ហ្វ្រាំង ធ្វើឱ្យជ្រុលទៅបុកម៉ូតតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកសម្របសម្រួល ដោយភាគីរថយន្តបង្កហេតុ សម្រេចចេញថ្លៃជួសជុលម៉ូតូទាំង៥គ្រឿង ដើម្បីបញ្ចប់រឿង នៅនឹងកន្លែង៕
