Saturday, October 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរថ្លើមធំ លួចគោ ដឹកតាមឡាន ប៉ូលិសចាប់ ៣នាក់ គោ ៦ក្បាល

ចោរថ្លើមធំ លួចគោ ដឹកតាមឡាន ប៉ូលិសចាប់ ៣នាក់ គោ ៦ក្បាល

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចសត្វគោ ចំនួន៦ក្បាល ក្នុងភូមិសាស្ត្រ ស្រុកជុំគិរី ខេត្តកំពត រួចដឹកតាមរថយន្តកូរ៉េ ១គ្រឿង គេចខ្លួន លុះធ្វើដំណើរមកដល់ភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ ឃាត់សាកសួរ តែរថយន្តចោរដឹកគោ មិនព្រមឈប់ ព្យាយាមបើករត់គេច ក៏ត្រូវសមត្ថកិច្ចប្រដេញឃាត់បានទាំងរថយន្ត និងជនសង្ស័យ ចំនួន៣នាក់ រកឃើញសត្វគោ ចំនួន៦ ក្បាល ។

ការបង្ក្រាបក្រុមចោរលួចគោដឹកតាមឡាននេះ បានធ្វើឡើងកាលពីវេលាម៉ោង ២និង៥៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦-១៧ ស្ថិតក្នុងភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី។

ជនសង្ស័យទាំង៣នាក់ ដែលជាចោរថ្លើមធំ លួចគោម្តងដល់ទៅ៦ក្បាល ដឹកតាមឡាន ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ រួមមាន ទី១-ឈ្មោះពៅ ម៉េងហុង ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅ ភូមិអន្លង់គគីត ឃុំអន្លង់គគីរ ស្រុកកងមាស ខេត្តកំពង់ចាម។ ទី២-ឈ្មោះយូសូ ម៉ូសស្លីម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល និងទី៣-ឈ្មោះម៉ាត់ យូស៊ូស ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

ចំពោះវត្ថុតាងចាប់យក រួមមាន រថយន្តកូរ៉េ ពណ៌ខៀវ មានទ្រុង ចំនួន១គ្រឿង។ ទូរស័ព្ទដៃ  ចំនួន៥គ្រឿង។ គោរស់ ចំនួន៦ក្បាល។ ដង្កាប់១។ ខ្សែគោ ៤ខ្សែ។ ពិលកែវ១ និងធូបមូសចំនួន២ដុំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាបបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគបាលខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ព្រមតាំងចុះបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងទទួលការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាល នៅវេលាម៉ោង ២និង៥៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលស្រុកគងពិសី សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្ត បានចុះល្បាតនៅលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោល គីឡូម៉ែត្រ លេខ១៦-១៧ ស្ថិតក្នុងភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី បានឃើញរថយន្តកូរ៉េ ១គ្រឿង ពណ៌ខៀវ មានបាំងទ្រុងជិត ពាក់ស្លាកលេខ រតនគិរី 3A- 0074 (ជាភិនភាគរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាពលួចគោ កន្លងមក) កំពុងបើកបរក្នុងទិសដៅពីត្បូង ទៅជើង ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានធ្វើ ការឃាត់រថយន្តនោះ ដើម្បីសាកសួរ តែរថយន្តខាងលើ មិនព្រមឈប់ និងព្យាយាមបើកគេច ទើបកម្លាំងសមត្ថ កិច្ចបានប្រដេញតាមឃាត់បានទាំងរថយន្ត និងជនសង្ស័យ ៣នាក់ នៅចំណុចខាងលើ។

ប្រភពដដែល បន្តថា បន្ទាប់ពីឃាត់រថយន្តខាងលើបាន សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យឃើញមានដឹកគោ ចំនួន៦ក្បាល (ញី ៥ក្បាល ឈ្មោល ១ក្បាល) រួចក៏នាំខ្លួនជនសង្ស័យទាំង៣នាក់ (១-ឈ្មោះពៅ ម៉េងហុង ២-ឈ្មោះយូសូ ម៉ូសស្លីម ៣-ឈ្មោះម៉ាត់ យូស៊ូស) មកធ្វើការ សាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្ម ភាពលួចគោ ៦ក្បាលនេះប្រាកដមែន ដោយក្រុមខ្លួន បានលួចនៅស្រុកជុំគិរី ខេត្តកំពត។

ជនសង្ស័យទាំង៣នាក់ ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺ ប្រគល់ឱ្យសមត្ថកិច្ចខេត្តកំពត ជាម្ចាស់ករណី ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកសត្វគោ ទាំង ៦ ក្បាល ត្រូវបានប្រគល់ឲ្យជនរងគ្រោះជាម្ចាស់គោវិញ៕

RELATED ARTICLES