ភ្នំពេញ ៖ តារាចម្រៀង Original Songs លោក លី ណូលី ហៅ Noly Record នឹងរៀបការជាមួយគូស្នេហ៍ថ្មី អ្នកលក់ Online ស្រីកា (Ka Ismee) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ។ លោកណូលី បានដឹកដៃអនាគតភរិយា ទៅថត Pre-Wedding នៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ហើយលោកក៏មមាញឹកដើរចែកធៀបការផងដែរ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈមង្គលការ នៅសល់តែ ៣ថ្ងៃទៀត។

នាគតភរិយាលោក Noly Record អ្នកនាង Ka Ismee និយាយទាំងអារម្មណ៍រំភើបនៅពេលរៀបចំធៀបការហៅភ្ញៀវថា នាងមានអារម្មណ៍ស្លន់ ព្រោះកៀកដល់ថ្ងៃការមែនទែនហើយ ហៅភ្ញៀវច្រើនគឺទាំងភ្ញៀវខាងនាង និងលោកណូលី បញ្ចូលគ្នា មានចំនួនច្រើនតុ។នាងថា អ្នកខ្លះថា នាងរៀបការស្ងាត់ តែតាមពិត នាងនិងលោកណូលី ក៏ធ្លាប់ភ្ជាប់ពាក្យដែរ អត់មានស្ងាត់ទេ ។

គួរបញ្ជាក់ថា លោក លី ណូលី ជាតារាចម្រៀង Original Songs លេចធ្លោម្នាក់ ដែលបទ «លក់គោយន្ដ» ល្បីជាងគេ អំឡុងផ្ទុះកូវីដ-១៩ ។ តារាចម្រៀងចូលចិត្តលេងស្ទីលពាក់ក្រវិលជាច្រើនជាន់ រូបនេះ ក៏ត្រូវបានស្គាល់តាមរយៈបទមួយចំនួនទៀត ដូចជា «មិនបង្ហាញ តែមិនលាក់បាំង» ដែលលោកថត MV ជាមួយអ្នកនាង ស្រីកា តែម្ដង ។ ក្រៅពីនេះ លោកណូលី ក៏ល្បីបទ «បណ្ដូលពេជ្រ», «កំដរគ្នាចាំគូ», «អូនជាព្រះនាង» និង «តួរង» ជាដើម ។ ប៉ុន្ដែការលេងស្ទីលសំឡេងច្រៀងបទ «មិនបង្ហាញ តែមិនលាក់បាំង» នៅ Pnn នោះ លោក Noly Record ត្រូវបានគេរិះគន់ស្រោចនៅលើបណ្ដាញសង្គម ព្រោះតែលោកច្រៀងសំឡេងច្រឡំមនុស្សស្រី ទើបខ្លះថា លោកជាតារាសំឡេងយ៉ាប់ជាងគេ បើទោះជាមាន Fan ខ្លះ ចេញមុខការពារថា សំឡេងរបស់លោក ពិបាករកអ្នកអាចធ្វើដូច ឬគ្មានអ្នកណាដណ្ដើមតំណែងលោកបានក្ដី ។

សូមរំលឹកថា Noly Record មុនត្រៀមរៀបការជាមួយអ្នកនាង Ka Ismee នេះ លោកក៏ធ្លាប់មានប្រពន្ធ ជាអ្នកលក់ Online ម្នាក់ដែរ តែបានចែកផ្លូវគ្នាយ៉ាងចម្រូងចម្រាស។ តារាចម្រៀងដែលធ្លាប់តែមានមាឌធំ ឡើងគីឡូជ្រុល រូបនេះ បានសម្រកគីឡូវិញបានជោគជ័យមុនរៀបការប្រពន្ធថ្មី ទើបធ្វើឲ្យលោកមានទីផ្សារចម្រៀងជាថ្មី ចេញមុខច្រៀងសម្ដែងតាមក្លឹប រាត្រី និង Pub ជាច្រើន ។ អ្នកសិល្បរួមអាជីពនិង Fan របស់លោក លី ណូលី សរសើរតារាចម្រៀងរូបនេះថា ភ្នែកមុត រកប្រពន្ធស្អាតដូចទេពអប្សរ ហើយពួកគេជូនពរឲ្យលោករក្សាចំណងស្នេហាថ្មីនេះបានយូអង្វែង។

ក្រៅពី លី ណូលី តារាដែលយកប្រពន្ធជាអ្នកលក់ Online មានដូចជា លោកនី រតនា, ថុល សុភិទិ, សំ សុវណ្ណារ៉ាក់, ឃុន វត្ថា, រស់ រាជ្ជសាល, បឺរី, Vj រតនា និងនាង ដាវីន ជាដើម ។ សម្រាប់លោកណូលី ក្រោយរៀបការរួច គេជឿថាលោកនឹងជួយពង្រឹងអាជីវកម្ម Online ប្រពន្ធថែមទៀតជាមិនខាន ដូចជាការហៅប្រពន្ធថត MV បទថ្មីៗ និងធ្វើវីដេអូ លក់ឡេ ជាមួយប្រពន្ធ ។ ប៉ុន្ដែគេចាំមើលថា លោក Noly Record នឹងត្រូវប្រពន្ធទិញឡានថ្លៃៗឲ្យជិះ ដូចប្រពន្ធថុល សុភិទិ ដើម្បីជាយុទ្ធសាស្រ្ដវាយលុកទីផ្សារ Online ដែរឬអត់ ? …៕


