ភ្នំពេញ ៖ ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលេងស្ទីលសិចស៊ី នៅថ្ងៃប្រារព្ធខួបកំណើតគម្រប់អាយុ២៧ឆ្នាំ កាលពីពេលថ្មីៗនេះ ដោយនាងស្លៀកឈុតបញ្ចេញដើមទ្រូង និងគល់ភ្លៅគ្មានញញើត ប៉ុន្ដែឈុតដែលធ្វើឲ្យប្រុសៗក្ដៅសាច់នោះ គឺនាងស្លៀកលីអូ បង្អួតជាប់ជាមួយនំខេក តែម្ដង ។ អ្នកលេងបណ្ដាញសង្គមជាច្រើន សួរវត្តីសារ៉ាវឌ្ឍី ថាខួបកំណើតឆ្នាំហ្នឹង សំខាន់ចង់ឲ្យគេឃើញនំខេកធំ ឬលីអូស្អាត? ហើយខ្លះទៀតជូនពរឲ្យនាងបានប្ដីឆាប់ ខណៈនាងក៏អរគុណដល់អ្នកជូនពរនាងគ្រប់គ្នាផងដែរ ។

គួរបញ្ជាក់ថា ការស្លៀកពាក់សិចស៊ីនៅថ្ងៃខួបកំណើតរបស់ពេជ្រ វត្តីសារ៉ាវឌ្ឍី នេះគឺដូចគ្នាទៅនឹង ហ្វា ហ្វា, អៀ ម៉េងលិ, នែប ព្រំរិទ្ធិកា និងអាណា រ៉ូស ជាដើម ខណៈដែលតារាល្បីៗវ័យក្មេងមួយចំនួនទៀត កំពុងតែពិចារណាយកស្ទីលតាមតារាខាងលើដែរ ដោយសំអាងហេតុផលថា «មានរបស់ល្អ គួរតែបង្ហាញ» ។ ចំពោះ វត្តីសារ៉ាវឌ្ឍី ត្រឹមលេងឈុតបែបថ្ងៃខួបនោះ គ្មានអ្វីត្រូវអៀនឬស្ទាក់ស្ទើចិត្តឡើយសម្រាប់រូបនាង ព្រោះអំឡុងប្រលងបវរកញ្ញា ទាំងលើឆាកជាតិ និងអន្ដរជាតិ កន្លងមក ស្រីស្អាតរូបនេះបានស៊ាំទៅហើយនឹងការលេងឈុតប៊ីគីនី ហើយនាងមានប្រៀបជាងបេក្ខភាពផ្សេងៗទៀត ក៏នៅលើឈុតពិសេសនេះដែរ ដោយគេសរសើរនាងថា មានរាងស្វែលស្អាត សាច់សខ្ចីរលើបរលោងម៉ដ្ឋខៃ តាំងពីចុងជើង ដល់សក់ ទៀតផង ។ ប៉ុន្ដែគួរឲ្យស្ដាយ សម្រស់របស់វត្តីសារ៉ាវឌ្ឍី ប៉ុណ្ណឹងហើយ នៅតែមិនអាចយកឈ្នះទៅលើអ្នកមេម៉ាយកូនមួយ ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានឡើយ ព្រោះតែការប្រកួតប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Universe Cambodia 2025 កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នោះ នាងបានបរាជ័យទាំងស្រុង ក្នុងការគ្រងមកុដ ។ យ៉ាងណា វត្តីសារ៉ាវឌ្ឍី នៅតែមានទីផ្សារដើរម៉ូដ និងការងារសិល្បៈ ជាហូរហែ ខណៈដែលតាមព័ត៌មានថា នាងនឹងត្រៀមចូលរួមប្រកួតកម្មវិធីប្រលងបវរកញ្ញាផ្សេងទៀត ដើម្បីស្ដារមុខមាត់ឡើងវិញ ។


ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ Miss Grand Cambodia 2022 និង 5th Runner Up MGI 2022 តែកាលពីថ្ងៃទី៣ ខែកក្កដា នាងបានប្រកាសបោះចោលតំណែង 5Th Runner Up MGI 2022 នោះនៅធុងសំរាមទៅហើយ ក្រោយពីបុគ្គលជនជាតិថៃ ស្ថាបនិក MGI ចេញសេចក្ដីប្រកាសដកតំណែងនាង 5th Runner Up MGI 2022 កាលពីថ្ងៃទី៣ ខែកក្កដា។ ក្នុងវ័យ២៧ឆ្នាំនេះ វត្តីសារ៉ាវឌ្ឍី មិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាទេ ហើយនាងក៏មិនដែលបង្ហាញគូស្នេហ៍ជាសាធារណៈម្ដងណាឡើយ ។ យ៉ាងណា ស្រីស្អាតដូចនាង ប្រាកដជាមានជម្រើសស្នេហាច្រើន ព្រោះរាល់ពេលលេងឈុតប៊ីគីនីម្ដងៗ ប្រុសៗមិនតិចនាក់ទេ ជ្រួលជ្រើមដោយសារតែសម្រស់របស់នាង ហេតុនេះបើនៅតែហ៊ានបញ្ចេញសាច់មិនប្រណីបែបនេះទៀត គេជឿថា វត្តីសារ៉ាវឌ្ឍី ប្រាកដ ជាពិបាកគេចអន្ទាក់ដុល្លារ ជាមិនខាន ៕


