ភ្នំពេញ ៖ សុខ ពិសី បានឆ្លើយទាំងទើសចិត្ត ចំពោះសំណួរដែល Fan ម្នាក់ បានសួរនាងថា «ថ្ងៃណាយកប្ដី Idol ?» នាងចាត់ទុកថា នេះជាសំណួរដដែលៗ និងគួរឲ្យធុញទ្រាន់មែនទែន ហើយនាងបានឆ្លើយតបទៅម្ចាស់សំណួរនោះ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លើ Tik Tok ទាំងទើសទាល់ថា រឿងយកប្ដី អត់បញ្ហា ដែលនាងត្រូវជ្រួលជ្រើម និងត្រូវគិតគួរទេ ព្រោះទោះជានាងមិនបានប្ដី ក៏នាងអត់ប្រកាច់ដែរ ដោយសារតែនាងថា រឿងយកប្ដី អត់សំខាន់។

ដោយសារតែសុខ ពិសី នៅតែចាត់ទុកថា រឿងយកប្ដី អត់ចាំបាច់នោះ ទើបមានអ្នកគាំទ្រនាងមួយចំនួន បានបានខម្មិននូវយោបល់ផ្សេងៗគ្នា ដើម្បីឲ្យនាងពិចារណា ក្នុងនោះអ្នកខ្លះចោទថា នាងមានប្ដីនិងកូនមួយទៅហើយ គ្រាន់តែនាងលាក់ និងមួយចំនួនទៀតថា នាងទៅចាក់មេជីវិតបុរស យកកូនទៀតផង។
គណនីទិកតុក ឈ្មោះស្រីល័ក្ខ ខម្មិនថា «សម័យនេះ មានលុយ អត់យកប្ដី តែចង់បានកូន យកបាន ឲ្យតែមានលុយ ចំណាយលុយទៅពេទ្យ ចាក់មេជីវិត ដើម្បីយកកូន បានតើ»។ គណនីទិកតុក ឈ្មោះ Helloimgreate ខម្មិនថា «គាត់មានកូនយូរហើយ កូនគាត់ឡើងកំលោះហើយ»។

អ្នកលេងទិកតុកខ្លះ បានសួរទៅសុខ ពិសី ថាបើនាងគ្មានសង្សារ ឬប្ដី ហេតុអ្វីមានចិញ្ចៀនពេជ្រ ១វង់ ពាក់នៅម្រាមដៃឆ្វេង ដូចអ្នកមានគូដណ្ដឹង និងកំណាន់ចិត្ត? តែពិសី បានឆ្លើយតបថា «អត់ទាន់ដល់គូ» ទៅវិញ ។
ទោះជាសុខ ពិសី បន្ដតាំងចិត្តថា មិនអន្ទះសារឿងយកប្តី ប៉ុន្ដែរឿងនេះអ្នកដែលខ្វល់ពីនាងជាងគេ គឺឪពុកនាង ជាមន្រ្ដីយោធា លោកសុខ ហេង ព្រោះលោកមានវ័យចំណាស់ទៅហើយ និងធ្លាប់ជំរុញឲ្យពិសី រៀបការប្ដី ជា ច្រើនឆ្នាំមកហើយ តែពិសី មិនហ៊ានធ្វើកូនក្រមុំមែនទែនឡើយ ។

អ្នកជំនាញសិល្បៈ បានលើកឡើងថា ពិសី មានហេតុផលធំតែម្យ៉ាងគត់ ដែលចេះតែមិនហ៊ានរៀបការប្ដីនោះ គឺនាងខ្លាចការប្ដីរួច អាជីពសិល្បៈ ធ្លាក់ចុះ លែងមានទីផ្សារ។ ប៉ុន្ដែក្នុងជំនួបផ្ទាល់កន្លងមក ពិសី ថាបច្ចុប្បន្ននាងផ្ដោតតែលើអាជីពចម្រៀង មិនចង់គិតរឿងស្នេហាទេ ។

Top Fan ខ្លះ បានរំលឹកដល់សុខ ពិសី ថា ឆ្នាំនេះនាងអាយុ ៣៥ឆ្នាំហើយ បើថាយកប្ដីមិនសំខាន់ ប្រយ័ត្ន១០ ឆ្នាំទៀត ក្លាយទៅជាក្រមុំចាស់ ស្ដាយក្រោយ។ ពួកគេក៏បានឲ្យយោបល់ទៅពិសី ដែរថា អ៊ីវ៉ា ជាសិស្សប្អូននាង លាក់សង្សារបានជាង៧ឆ្នាំ ឥឡូវនេះ នាងព្រមបង្ហាញមុខអនាគតស្វាមី និងត្រៀមរៀបការជាមួយគ្នាទៀតផង ដើម្បីបំពេញបំណងឪពុក ហេតុនេះ គេចង់ឃើញនាងធ្វើដូច ឃីន ស្រីនាថ ដែរ។ ប៉ុន្ដែពិសី នៅតែមានអារ ម្មណ៍ហាក់មិនសប្បាយចិត្តឡើយ នៅពេលដែលមានអ្នកណាសួរនាំនាងរឿងថ្ងៃណាយកប្ដីនេះ…។

សុខ ពិសី មានអាយុ៣៥ឆ្នាំ ស្មើគ្នានឹងនាង មាន សូនីតា និងនៅ សុនិតា តែសម្រស់ពិសី នៅតែក្មេងជាងវ័យ និងរាងស្វែលស្អាត ពោលគឺមិនបណ្ដោយឲ្យឡើងគីឡូ ។ ពិសី ត្រូវប្រុសៗលេងបណ្ដាញសង្គម ច្រើនជាងគេ កាត់តរូបនាងដាក់ភ្ជាប់ជាមួយរូបគេ ដូចគូស្នេហ៍ ដូចជាបណ្ដើរគ្នាទៅញ៉ាំការ និងមើលកុន ជាដើម ទាំងសាមី ខ្លួនមិនបានដឹងខ្លួន ព្រោះប្រុសៗទាំងនោះ ទោះជាដេកក៏យល់សុបិនឃើញថា នាងជាសង្សារដែរ តែសកម្មភាពប្រុសៗទាំងនោះ មិនបានជះឥទ្ធិពលដល់ទំនាក់ទំនងរវាងពិសី និងគូស្នេហ៍ ដែលគេជឿថា ថៅកែសាន់ដេលោកឡាយ សុខចំរើន ឡើយ ព្រោះថៅកែ មិនចេះប្រចណ្ឌឬហួងហែងនាងផ្ដេសផ្ដាសទេ ដោយសាតែលោកបានយល់ពីអាជីពសិល្បៈច្បាស់ ខណៈដែលក្រោយល្បីពួកគេមានស្នេហាមិនបើកចំហ ជាង១០ឆ្នាំមកនេះ អ្នកទាំងពីរ មិនដែលសារភាពស្នេហ៍ម្ដងណាឡើយ ។ បញ្ហានេះហើយ ធ្វើឲ្យសេដ្ឋី នៅតែតាមញ៉ែពិសី ស្របពេលនាងនៅប្រកាន់ជំហរមិនជ្រើសផ្លូវចង់ធ្វើជំទាវលាក់មុខ តែបើនាងនិងថៅកែ នៅតែមិនព្រមសារភាពស្នេហ៍ទៀតនោះ ចំណងស្នេហាពួកគេ មិនត្រឹមតែគ្មានភាពផ្អែមល្ហែមទេ ប៉ុន្ដែក៏ប្រឈមហានិភ័យគ្រប់ពេលវេលា ៕
