Thursday, October 9, 2025
Homeចរាចរណ៍ឡានកុងតឺន័រឡើងចំណោតមិនរួច រអិលថយបុកគេ

ឡានកុងតឺន័រឡើងចំណោតមិនរួច រអិលថយបុកគេ

ខេត្តកំពង់ស្ពឺ ៖ រថយន្តធុនធំ ប្រភេទសណ្តោងកុងតឺន័រ ១គ្រឿង បានបើកបរឡើងចំណោតលោកយាយម៉ៅ ពេជ្រនិល តែឡើងមិនរួច ធ្វើឱ្យរអិលថយក្រោយ ជ្រុលទៅបុករថយន្តកុងតឺន័រ ១គ្រឿងទៀត បណ្តាលឱ្យរងការខូចខាតទាំង២គ្រឿង ចំណែកអ្នកបើកបររថយន្តទាំងសងខាង បានចុះរត់គេចខ្លួនបាត់អស់ បន្សល់ទុករថយន្តនៅកណ្តាលផ្លូវ បង្កការកកស្ទុះយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៤-១០៥ ចំណុចលោកយាយម៉ៅ ពេជ្រ និល ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្តធុនធំ ចំនួន២ គ្រឿង  ក្នុងនោះ រថយន្ត ទី១-ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1017 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-1637 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ចុះគេចខ្លួនក្រោយពេលកើតហេតុ) បើកបរពីទិសខាងលិច ទៅកើត លុះមកដល់ចំណុចខាងលើ ឡើងចំណោតមិនរួច ក៏រអិលថយក្រោយ ទៅប៉ះជាមួយរថយន្តធុនធំ ១គ្រឿងទៀត ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3075 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4B-9828 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនក្រោយពេលកើតហេតុ) ដែលកំពុងបើកបរស្របទិសគ្នា ប៉ុន្តែមិនបណ្តាលឱ្យគ្រោះថ្នាក់មនុស្សឡើយ គ្រាន់តែធ្វើឱ្យខូចខាតរថយន្តទាំង២គ្រឿងធ្ងន់ និងខូចខាតរនាំងសុវត្ថិភាព ចំនួន៣ផ្ទាំង ប្រវែងប្រមាណ ១២ម៉ែត្រ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍ជូនអ្នកដំណើរឆ្លងកាត់បានទៅមក។ រីឯវត្ថុតាងទាំង២គ្រឿងខាងលើ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច ក៏ស្ទួចយកចេញពីកន្លែងកើតហេតុ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES