Friday, October 10, 2025
Homeតារាខ្មែរDj ក្ដឹប ស្ដារមុខមាត់ស្មើ វណ្ណដា

Dj ក្ដឹប ស្ដារមុខមាត់ស្មើ វណ្ណដា

ភ្នំពេញ ៖ បាត់មុខជាច្រើនឆ្នាំ ក្នុងទីផ្សារចម្រៀង ហ៊ីបហប់ ឬរ៉េប និងច្រៀងនៅហាងមួយ នាពេលរាត្រី យ៉ាងសាមញ្ញ ឃ្លាតពីក្រុមតារាចម្រៀងល្បីៗ ក្រោយធ្លាក់ខ្លួននោះ ស្រាប់តែកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ Dj ក្ដឹប (DJ Kdep) បានលេចមុខមកវិញ ក្នុងតំណែងជាគ្រូង្វឹក កម្មវិធី The Next Levelៈ Rapstar ដែលរៀបចំដោយផលិតកម្មបារមី ផ្តល់កៅអីស្មើកំពូលតារារ៉េប វណ្ណដា  ។ នេះជាជំហានថ្មីរបស់ Dj ក្ដឹប ដែលអាចឲ្យលោកស្ដារមុខមាត់ឡើងវិញបាន ក្នុងវិស័យចម្រៀងរ៉េប បន្ទាប់ពីប៉ុន្មានឆ្នាំមកនេះ លោកត្រូវបានទស្សនិកជន និងតារារួមអាជីព ហាក់បំភ្លេចបាត់ទៅហើយនោះ។

Dj ក្ដឹប បានថ្លែងសារដោយអារម្មណ៍រីករាយ នៅពេលទទួលបានតំណែងថ្មីនេះថា «រំភើបណាស់! រីករាយណាស់! ត្រេកអរណាស់ ដែលបានខិតខំតស៊ូរហូតអាចធ្វើដំណើរមកដល់ចំណុចចាប់ផ្ដើមនេះ។ សូមអរគុណដល់មនុស្សល្អគ្រប់គ្នា ដែលធ្លាប់បានជួយខ្ញុំកន្លងមកគ្រប់រូបភាពទាំងអស់! អរគុណសម្រាប់ការលើកទឹកចិត្ត! អរគុណសម្រាប់ការជំរុញទឹកចិត្ត! ទីបំផុតខ្ញុំធ្វើបានហើយ ខ្ញុំមិនធ្វើឲ្យបងប្អូនខកចិត្តឡើយ (អរគុណណាស់)។ ពិសេស! សូមអរគុណដល់បារមី អរគុណដល់ប្អូន Mann  Vannda សម្រាប់ការឲ្យតម្លៃ ការផ្ដល់ឱកាសការងារ ការលើកស្ទួយដើម្បីភាពរីកចម្រើននៅក្នុងវិស័យហ៊ីបហបខ្មែរ ឲ្យកាន់តែល្អអស្ចារ្យនៅលើឆាកអន្តរជាតិ បន្តទៅ មុខទៀត។ ខ្ញុំពិតជាអរគុណណាស់! អរគុណ ដែលមិនបំភ្លេចឌីជេ ក្ដឹប” ក្មេង ស្រលាញ់ការតែងនិពន្ធ” ម្នាក់នេះ។ ចុងក្រោយ! សូមអរគុណខ្លួនឯង ដែលបានប្រឹងប្រែងផ្ដល់ស្នាមញញឹម ជូនទៅលោកប៉ា ដែលបានឃ្លាតទៅឆ្ងាយ អ្នកម្ដាយដែលកំពុងគេងញញឹមនៅផ្ទះ កូនៗដែលមិនទាន់មានឱកាសជួប មិត្តភក្តិបងប្អូនដែលកំពុង តែសាទរពីចម្ងាយ ក៏ដូចជាអ្នកមានគុណទាំងអស់ដែលបានជួយខ្ញុំ។ ទីបំផុត! ខ្ញុំអាចក្រោកឈរវិញបានហើយ»។

តាមរយៈតួនាទីថ្មីនេះ មានន័យថា Dj ក្ដឹប អង្គុយកៅអីស្មើតារារ៉េប សិស្សប្អូន ម៉ាន់ វណ្ណដា ដែរ ដែលត្រូវប្រកួតប្រជែងសមត្ថភាពជាមួយគ្រូង្វឹក (Coach) ផ្សេងៗទៀត ដើម្បីជ្រើសរើសកូនក្រុមល្អៗ មកធ្វើជាសមាជិករបស់ខ្លួន ។ ប៉ុន្ដែ Dj ក្ដឹប អាចពិបាកយកឈ្នះលើគ្រូបង្វឹកវណ្ណដា ព្រោះតារារ៉េប រូបនេះ កំពុងតែមានទីផ្សារសិល្បៈល្អ ហេតុនេះ គេមិនដឹងថា លោកមានយុទ្ធសាស្រ្ដបែបណា ដើម្បីជ្រើសបានកូនក្រុមល្អៗនោះឡើយ ។

សូមរំលឹកថា Dj ក្ដឹប អតីតតារាចម្រៀងហង្សមាស ក៏មានសមត្ថភាពនិពន្ធចម្រៀង និងMelody ផងដែរ ។ Dj Kdep ជាម្ចាស់បទ «សុរា», «មែនក៍អី» … និងធ្លាប់ច្រៀងដៃគូជាមួយលោកខេមរៈ សិរីមន្ដ, កែវ វាសនា និងមាស សុខសោភា ជាដើម ។ ប៉ុន្ដែបញ្ហាដែល Dj ក្ដឹប សឹងតែបាត់បង់អ្វីៗគ្រប់បែបយ៉ាងជាង១០ឆ្នាំមកនេះ គឺពាក់ព័ន្ធការសេពគ្រឿងញៀន ដែលធ្វើឲ្យជីវិតរបស់លោក សឹងតែធ្លាក់ដល់សូន្យ ដូចគ្នាទៅនឹងប៊ុត សីហា, សាន ផានិត, ថៃ នរៈពិទូរ និងអ៊ុំ គន្ធា (ស្លាប់) ជាដើម តែឥឡូវ Dj ក្ដឹប កំពុងតែប្រឹងស្រោចស្រង់កេរ្ដិ៍ឈ្មោះរបស់ខ្លួនជាថ្មី ដែលនេះជាឱកាសដ៏កម្រមាន ដែលថៅកែលោកវណ្ណដា ផ្ដល់ឲ្យ។

 Dj ក្ដឹប  និយាយដោយមោទនភាព ទៅកាន់វិញ្ញាណក្ខន្ធឪពុកលោក ដែលបានលាចាកលោកទៅហើយនោះថា «ប៉ា កំពុងឃើញកូនប្រុសប៉ា កំពុងធ្វើអីអត់?»។

គួរបញ្ជាក់ថា កម្មវិធី The Next Levelៈ Rapstar រដូវកាលទី១ របស់ផលិតកម្មបារមី បានធ្វើដំណាលគ្នាទៅនឹងកម្មវិធី Cambo Rapper រដូវកាលទី១ របស់ Galaxy និង Rapper Fighter រដូវលកាលទី២ របស់ Pnn ហេតុនេះហើយបានជាធ្វើឲ្យបេក្ខភាពចូលរួមប្រកួត បានបែកខ្ញែកគ្នាតាមការចូលចិត្ត Coach នីមួយៗរបស់ពួកគេ ។ មហាជនកត់សម្គាល់ថា បច្ចុប្បន្ន វិស័យរ៉េប នៅកម្ពុជា កំពុងផុសផុល បើទោះជាចង្វាក់មួយនេះ មិនមានប្រភពច្បាស់លាស់ក្ដី តែនៅពេលដែលប្រលងចម្រៀងរ៉េប បែរជាមានអ្នកទស្សនាច្រើនជាងប្រលងចម្រៀ ងចង្វាក់ប្រពៃណី សម័យ និងបុរាណ របស់ខ្មែរ ទៅវិញ នៅរយៈពេលចុងក្រោយនេះ ដែលធ្វើឲ្យអ្នកជំនាញសិល្បៈ លើកឡើងថា ពេលនេះវប្បធម៌បរទេស កំពុងតែវាយលុយយុវវ័យខ្មែរ ។ គិតត្រឹមឆ្នាំ២០២៥ នេះ តារារ៉េប មាន២ដួងដែលនាំមុខគេ នោះគឺលោក វណ្ណដា និង ងួន ចាន់ដេវីត ហេតុនេះទស្សនិកជន រង់ចាំមើលថា ក្រោយពីថៅកែបារមី លើក Dj ក្ដឹប ឡើងវិញ ដោយឲ្យអង្គុយកៅអីស្មើវណ្ណដា នេះ ម្ចាស់ផលិតកម្មនេះ នឹងផ្ដល់ឱកាសឲ្យលោកក្ដឹប ធ្វើជាតារាជ្រកនៅផលិតកម្មរបស់ខ្លួន ដែរឬយ៉ាងណា ?…៕

RELATED ARTICLES