Monday, October 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូកញ្ចាស់ លួចដូរម៉ូតូថ្មី

ជិះម៉ូតូកញ្ចាស់ លួចដូរម៉ូតូថ្មី

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូស៊េរីចាស់ ១គ្រឿង ទៅឈប់នៅខាងមុខហាងលក់ទូរស័ព្ទ មួយកន្លែង រួចចុះលួចយកម៉ូតូស៊េរីថ្មី របស់អ្នកលក់ទូរស័ព្ទ ជិះចេញដោយសុវត្ថិភាព ដោយបន្សល់ទុកម៉ូតូកញ្ចាស់ នៅនឹងកន្លែងកើតហេតុ។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង០២នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមុខហាងលក់ទូរស័ព្ទ យីហោ ផ្សារថ្មី មានទីតាំងស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

យោងតាមប្រភពគណនីបណ្តាញសង្គមរបស់ជនរងគ្រោះ បានបង្ហោះរូបភាពពីសកម្មភាពចោរលួចយកយកម៉ូតូនេះ បន្ទាប់ពីជនសង្ស័យបានជិះចេញផុត ដោយភ្ជាប់ជាមួយនឹងលេខទូរស័ព្ទរបស់ខ្លួន សម្រាប់ទំនាក់ទំនងផង ក្នុងករណីប្រទះឃើញជនសង្ស័យ។

នៅក្នុងកាមេរ៉ាសុវត្ថិភាព ឃើញបុរសម្នាក់ ពាក់អាវកីឡាពណ៌ក្រហមលាយខ្មៅ និងពាក់មួកក្រណាត់ពណ៌ក្រហម ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ កាំបន្ទះ ស៊េរីឆ្នាំ២០១៥ (ជិះតែម្នាក់ឯង) មកឈប់ខាងមុខហាងលក់ទូរស័ព្ទខាងលើ រួចទុកម៉ូតូខ្លួនឯងចោល ចុះដើរទៅឡើងជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ប្រផេះ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ 1AV-5917  ចេញទៅបាត់ភ្លាមៗ ដោយសុវត្ថិភាព ដោយបានបន្សល់ទុកម៉ូតូកញ្ចាស់របស់ខ្លួន នៅកន្លែងកើតហេតុ។

យុវតីរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះឡាយ រាជនី អាយុ២០ឆ្នាំ បានបញ្ជាក់ប្រាបថា ម៉ូតូរបស់នាងដែលចោរលួចយកទៅនោះ ទិញបង់រលស់ ដោយបង់មិនទាន់ដាច់នៅឡើយ។ មុនកើតហេតុ នាងទុកម៉ូតូនៅខាងមុខហាងលក់ទូរស័ព្ទដែលនាងធ្វើការនៅទីនោះ តែត្រឹមមួយប៉ប្រិចភ្នែក ដែលនាងមិនបានចាប់អារម្មណ៍។ លុះងាកមើលម៉ូតូ ស្រាប់តែបាត់ពីកន្លែងទុក ក្រោមឆត្រ ទើបមានការផ្អើលឆោឡោ មើលកាមេរ៉ាសុវត្ថិភាព ឃើញជន សង្ស័យម្នាក់ ដែលមានភិនភាគដូចខាងលើ លួចយកទៅបាត់ ទុកតែម៉ូតូកញ្ចាស់ នៅកន្លែងកើតហេតុ ដែលជននេះជិះមកប្តូរ។

ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់បណ្តឹងនៅអធិការក្រុងបាត់ដំបង ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្ត រាគមន៍ស្វែងរកម៉ូតូរបស់នាង ដែលចោរលួចយកទៅ ព្រោះនាងទិញបង់រំលស់ មិនទាន់សងលុយគេរួចនៅឡើយទេ ។

បន្ទាប់មក សមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ យកម៉ូតូជនសង្ស័យ ទៅរក្សាទុក ដើម្បីស្រាវជ្រាវភិន ភាគជនសង្ស័យដែលត្រូវថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព តាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES