ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តម៉ាក RANGE ROVER ១គ្រឿង ក្នុងល្បឿនលឿន រួចរេចង្កូតទៅបុករថយន្ត ១គ្រឿងទៀត ម៉ាក SOUEAST HUAY ដែលជិះគ្នា៣នាក់ បណ្តាលឱ្យប៉ើងខ្ទាតទៅបុកផ្ទប់បង្គោលភ្លើង ១ដើម រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកជិះក្នុងរថយន្ត ទាំង៣នាក់ រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ១០៨៩ ក្នុងសង្កាត់សំរោងអណ្តែត ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តទំនើប ១គ្រឿង ម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-7311 ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងេលី បានរេចង្កូតទៅបុករថយន្តទំនើប ១គ្រឿងទៀត ម៉ាក SOUEAST HUAY ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2BS-2956 ជិះគ្នា៣នាក់ យ៉ាងពេញទំហឹង បណ្តាលឱ្យបុរសទាំង៣នាក់ រងរបួសធ្ងន់ ចំណែករថយន្តខ្ទាតរួចជ្រុលទៅបុកបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងចាត់បញ្ជូនជនរងគ្រោះទាំង៣នាក់ ទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ។

បន្ទាប់មក សមត្ថកិច្ចជំនាញ បានចុះមកដល់ ធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕