ភ្នំពេញ ៖ ស្ត្រីម្នាក់ បានចេញមកបង្ហាញពីបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលជួបរឿងនឹកស្មានមិនដល់ ដោយទទួលបានដំណឹងថា ខ្លួនមានជំងឺមហារីកសុដន់ មុនថ្ងៃចូលរោងការ ត្រឹមតែ១អាទិត្យ រហូតធ្វើឱ្យមានការរារែក ចិត្ត ចង់ផ្អាកមង្គលការ ប៉ុន្តែគូស្នេហ៍នាង ជាជនជាតិឥណ្ឌា ដែលមានស្នេហាស្មោះស្ម័គ្រ ទោះបីជាដឹងថា នារីជាទីស្រឡាញ់ មានជំងឺកាចសាហាវនេះ ក៏គេមិនបោះបង់នាងចោលឡើយ ដោយបន្តកាន់ដៃគ្នាដើរលើផ្លូវជីវិតរួមគ្នា មកដល់សព្វថ្ងៃ។

ស្ត្រីជាអ្នកជំងឺមហារីកសុដន់ ដែលមានសំណាងបានជួបស្នេហាស្មោះនោះ មានឈ្មោះ នាថ ជនជាតិខ្មែរ។ ចំណែកបុរសជាប្តី មានឈ្មោះគ្រិសាន (Krishan) ជាជនជាតិឥណ្ឌា កាត់អង់គ្លេស។

កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ត្រីឈ្មោះនាថ ដែលជាអ្នកជំងឺមហារីកសុដន់ បានបង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នូវរូបថតច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពមង្គលការរបស់ខ្លួន (កាលពី ១ឆ្នាំមុន) និងដំណាក់កាលនៃការព្យាបាលជំងឺមហារីក ដោយមានបុរសជាប្តី ចាំផ្តល់ជាកម្លាំងចិត្ត និងតែងនៅក្បែរ មើលថែនាង យ៉ាងយកចិត្តទុកដាក់ ភ្ជាប់ជាមួយនឹងសំណេរថា “ថ្ងៃនេះ ឆ្នាំមុន មួយអាទិត្យគត់ មុនមង្គលការ ខ្ញុំទទួលបានលទ្ធផលថា មានដុំសាច់មហារីក នៅសុដន់ខាងឆ្វេង។ អ្វីដែលនឹកឃើញមុនគេនោះ គឺតើគួរបន្តមង្គលការ ឬផ្អាក? ពេលនោះ ខ្ញុំសួរទៅគួដណ្តឹងខ្ញុំ គាត់ស្រក់ទឹកភ្នែក ហើយនិយាយយ៉ាងខ្លី “ចាំការហើយ ចាំគិតទៀត”។ មង្គលការ ប្រព្រឹត្តទៅធម្មតា បងប្អូន សាច់ញាតិ មិត្តភក្តិ ភ្ញាក់ផ្អើលគ្រប់គ្នា ពេលឮដំណឹងនេះ។ ក្រោយមង្គលការ ពួកយើងបានផ្អាកដំណើរកម្សាន្តក្រេបទឹកឃ្មុំ និង គម្រោងឯទៀត ត្រូវបានប្រែប្រួល។ ខ្ញុំចាប់ផ្តើមព្យាបាលភ្លាម ក្រោយមង្គលការ ព្រោះមិនអាចទុកយូរបានទេ…”។

ស្ត្រីខាងលើ បានបន្តថា “ថ្ងៃ១៦ ខែ១១ អាទិត្យក្រោយ គឺជាគម្រប់ខួបអាពាហ៍ពិពាហ៍ មួយឆ្នាំរបស់ពួកយើង ហើយមកដល់ថ្ងៃនេះ ខ្ញុំបានបញ្ចប់ការព្យាបាល ជាង 95% ហើយ។ ពេលវេលា ពិតជាដើរលឿនមែន។ ២០២៥ ជាឆ្នាំដែលពិបាកបំផុតសម្រាប់ខ្ញុំ និងក្រុមគ្រួសារ ក៏ប៉ុន្តែខ្ញុំបានរៀនច្រើនពីវា ខ្ញុំស្រលាញ់ខ្លួនឯងច្រើនជាងមុន ចេះឱ្យតម្លៃជីវិត ទទួលក្តីស្រលាញ់យ៉ាងច្រើនពីក្រុមគ្រួសារ ហើយក៏បានរកឃើញបុរសម្នាក់ដែលមិនដែលបោះបង់ចោលខ្ញុំពេលលំបាក…”។

ស្ត្រីជាអ្នកជំងឺមហារីកសុដន់ ខាងលើ បានឲ្យដឹងបន្តថា នាងបានកើតមានជំងឺមហារីកសុដន់ រយៈពេល ១ឆ្នាំមកហើយ ដោយដំបូងឡើយ នាងបានដឹង ក្រោយពេលដែលនាងនិងប្តី បានទៅឆែកសុខភាព ដើម្បីយកបុត្រ ស្រាប់តែទទួលបានលទ្ធផលថា ខ្លួនមានជំងឺមហារីកសុដន់ទៅវិញ។ ភ្លាមនោះ អ្វីដែលនាងនឹកឃើញមុនគេ គឺស្វាមី ព្រោះមិនដឹងថា ពេលដឹងថា នាងមានជំងឺដ៏កាចសាហាវបែបនេះ តើអារម្មណ៍របស់គាត់ នឹងគិតយ៉ាង ណា? ដោយសារតែភ្លាមៗពេក ព្រោះកៀកថ្ងៃមង្គលការទៅហើយ។ នៅពេលនាងប្រាប់ពីស្ថានភាពជំងឺរបស់នាង ដំបូងប្តីនាងមានអារម្មណ៍តក់ស្លុត និងពិបាកចិត្ត ប៉ុន្តែទន្ទឹមនឹងនេះ គាត់បានលើកទឹកចិត្តនាងភ្លាមៗថា “យើងអាចរៀបការនឹងគ្នាធម្មតាសិនទៅ ចាំរៀបការហើយ ចាំយើងគិតទៀត…”។

អ្នកស្រី នាថ បានបន្តថា ក្រោយពីដឹងថា ខ្លួនមានជំងឺមហារីក នាងចាប់ផ្តើមស្វែងរកមន្ទីរពេទ្យ ហើយក៏បានទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត លុះក្រោយពីបានប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត នាងក៏សម្រេចចិត្តថា ទទួលយកការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែម្តង ដោយប្រើប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដោយការចំណាយទៅលើការព្យាបាល ត្រូវបានខាង ប.ស.ស ចេញឱ្យ ជាង៩០ភាគរយ។

ស្ត្រីខាងលើ បន្តយថា ចំពោះការព្យាបាលជំងឺមហារីក របស់នាង ត្រូវបានក្រុមគ្រូពេទ្យជំនាញនៃ មន្ទីរពេទ្យកាល់ម៉ែត យកចិត្តទុកដាក់យ៉ាងខ្លាំង រាប់តាំងពីការវះកាត់ ការចាក់គីមី បាញ់កាំរស្មី និងការមើលថែទាំផ្សេង ទៀត ដោយគ្រូពេទ្យ មិនត្រឹមតែព្យាបាលផ្លូវកាយនោះទេ ប៉ុន្តែនៅថែមទាំងបានប្រឹក្សាផ្លូវចិត្តអ្នកជំងឺផងដែរ ព្រោះថាអ្វីដែលអ្នកជំងឺមហារីក ត្រូវការចាំបាច់ បំផុតនោះ គឺកម្លាំងចិត្ត។

តាមការបញ្ជាក់ពីស្ត្រីខាងលើ រហូតមកដល់ពេលនេះ ស្ថានភាពជំងឺមហារីកសុដន់ របស់នាង សម្រេចការព្យាបាលយ៉ាងជោគជ័យបានជាង ៩៥ភាគរយហើយ អ្វីដែលជាកាដូពិសេសសម្រាប់ជីវិតប្តីប្រពន្ធរបស់នាង គឺក្រោយពីពិគ្រោះជាមួយគ្រូពេទ្យជំនាញរួច គ្រូពេទ្យបានណែនាំថា ក្រៅពីអាការជំងឺបានធូរស្រាលហើយ នាងនៅតែអាចមានលទ្ធភាពពពោះ (មានកូន) បាន ប៉ុន្តែត្រូវរង់ចាំរយៈពេលចាប់ពី ១ឆ្នាំកន្លះ ទៅ២ឆ្នាំ ក្រោយបញ្ចប់ការព្យាបាលជំងឺមហារីកសុដន់នេះ៕

