ខេត្តកំពង់ធំ ៖ រថយន្តក្រុងដឹកអ្នកដំណើរពេលយប់ ១គ្រឿង ផ្ទុកអ្នកដំណើរក្មេងចាស់ប្រុសស្រី សរុបចំនួន៣៧ នាក់ កំពុងបើកបរនៅលើដងផ្លូវសុខៗ ស្រាប់តែអ្នកបើកបរងងុយដេក ងោក១ភាំង ធ្វើឱ្យរថយន្តរេចង្កូតទៅបុក បង្កាន់ដៃស្ពាន រួចក្រឡាប់ធ្លាក់ចូលទឹក ទាំងកំរោល បណ្តាលឱ្យអ្នកដំណើរ ចំនួន១៣នាក់ បានស្លាប់នៅនឹងកន្លែង ចំណែក២៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្ពានអូរប្រសាទ ស្ថិតក្នុងភូមិជ័យជម្នះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ថា មកដល់ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចបានស្ទួចយកឡានចេញពីទឹក និងរកឃើញមនុស្សស្លាប់ ចំនួន១៣នាក់ (ស្រី៨ នាក់) និងអ្នករបួស សរុបចំនួន២៤នាក់។
លោកស្នងការ បានបន្តថា ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរស្ថិតក្នុងស្ថានភាពងងុយដេក។
សពជនរងគ្រោះទាំង១៣នាក់ ក្រោយស្រង់ពីទឹក សមត្ថកិច្ចបានដឹកយកទៅតម្កល់នៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា មានប្រជាពលរដ្ឋខេត្តសៀមរាប ចំនួន៦នាក់ ស្ថិតនៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ សរុប ១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងក្រឡាប់ធ្លាក់ចូលទឹកប្រឡាយ នៅស្រុកសន្ទុក ខេត្តកំពង់ធំ។
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបន្តថា ក្នុងចំណោមពលរដ្ឋរស់នៅខេត្តសៀមរាបដែលស្លាប់ ទាំង៦នោះ មាន៤នាក់ ជាអ្នកស្រុកពួក និង២នាក់ ជាអ្នកស្រុកក្រឡាញ់ ហើយអ្នកដែលស្លាប់នោះ ភាគច្រើនជាកម្មករសំណង់ ដែលកំពុងធ្វើការនៅរាជធានីភ្នំពេញ។ ក្រៅពីអ្នកស្លាប់ ក្នុងនោះក៏មានអ្នករបួសធ្ងន់-ស្រាល ជាច្រើននាក់ ដោយក្នុងនោះ មានពលរដ្ឋរស់ស្រុកពួក របួសធ្ងន់-ស្រាល ១១នាក់ និងនៅស្រុកក្រឡាញ់ របួសធ្ងន់-ស្រាល ៦នាក់។ ត្រូវបានក្រុមគ្រួសារកំពុងដឹកសពមកធ្វើបុណ្យនៅគេហដ្ឋានរៀងៗខ្លួន។

ដោយឡែក នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានសម្តែងនូវការសោកស្តាយយ៉ាងពន់ពេក ចំពោះសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ១៣នាក់ របួសជាង ២០នាក់ នៅខេត្តកំពង់ធំ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងសារដែលមានខ្លឹមសារទាំងស្រុងថា «ក្នុងនាមពលរដ្ឋខ្មែរ ១រូប ខ្ញុំពិតជាមានក្តីក្តុកក្តួល និងតក់ស្លុតជាខ្លាំងចំពោះសោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តក្រុង ដឹកអ្នកដំណើរពេលយប់ ១គ្រឿង ផ្ទុកមនុស្ស ៣៧នាក់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅ ចំណុចស្ពានអូរប្រ សាទ ក្នុងភូមិជ័យជម្នះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋយើង ស្លាប់១៣នាក់ និងរបួសធ្ងន់-ស្រាល ជាង២០នាក់។

ខ្ញុំក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសពទាំងអស់។ ជាមួយគ្នានេះ ខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរដល់ជនរងគ្រោះដែលកំពុងសម្រាក ព្យាបាលទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អឡើងវិញគ្រប់ៗគ្នា។
សោកនាដកម្មដ៏ធំធេងនេះ គឺជាការដាស់តឿនដ៏ឈឺចាប់បំផុតមួយ សម្រាប់យើងទាំងអស់គ្នា អំពីតម្លៃនៃជីវិត និងសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍។ ខ្ញុំយល់ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន អាចបង្ការបាន បើ សិនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ មានស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវចំណុចខ្លះៗ ដូចខាងក្រោម ៖
– កុំបើកបរហួសល្បឿនកំណត់ ៖ ការបើកបរលឿន គឺជាមូលហេតុចម្បងនៃការស្លាប់នៅលើដងផ្លូវ

– កុំបើកបរក្នុងស្ថានភាពស្រវឹង ៖ គ្រឿងស្រវឹង បណ្តាលឱ្យបាត់បង់ការគ្រប់គ្រង និងស្មារតីប្រុងប្រយ័ត្ន
– ពាក់មួកសុវត្ថិភាព, ខ្សែក្រវាត់ ៖ ឧបករណ៍ការពារទាំងនេះ អាចជួយសង្គ្រោះជីវិតអ្នកបាន ពេលមានគ្រោះថ្នាក់
– កុំវ៉ាជែងដោយប្រថុយប្រថាន ៖ ត្រូវវ៉ាជែង តែនៅពេលចាំបាច់បំផុត និងធានាថា មិនមានគ្រោះថ្នាក់
– ប្រកាន់ស្តាំជានិច្ច ៖ ត្រូវបើកបរដោយយកចិត្តទុកដាក់ និងគោរពសញ្ញាចរាចរណ៍ទាំងអស់។
ជាមួយគ្នានេះ ដើម្បីបង្ការ ទប់ស្កាត់នូវឧបទ្ទវហេតុដ៏អាក្រក់នេះ អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនគរបាលចរាចរណ៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន គួរបន្តពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ៖

– យុទ្ធនាការអប់រំ ៖ ត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយដល់សាធារណជន ពិសេសតាមសហគមន៍ និងសាលារៀន
– ត្រួតពិនិត្យយានយន្ត ៖ ត្រូវពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសរបស់យានយន្តដឹកជញ្ជូនសាធារណៈ និងធុនធ្ងន់ជាប្រចាំ

– កែលម្អហេដ្ឋារចនាសម្ព័ន្ធ ៖ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវត្រួតពិនិត្យមើលផ្លូវដែលងាយបង្កគ្រោះថ្នាក់ (Black Spots) ដើម្បីដំឡើងស្លាកសញ្ញាបន្ថែម លាបគំនូសថ្មី ឬកែលម្អសភាពផ្លូវ។

សូមបងប្អូនជនរួមជាតិ ជាពិសេសអ្នកប្រើប្រាស់ដងផ្លូវ និងយានជំនិះគ្រប់ប្រភេទ ចងចាំថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើដើម្បីតែគេ ឬដើម្បីគេចពីការពិន័យនោះទេ តែដើម្បីការពារជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើង។ សូមរំលឹកខ្លួនឯងជារឿយៗថា “កុំប្រញាប់ពេក ទៅយឺតបានយូរ ដល់គោលដៅជុំគ្រួសារ”៕