Saturday, November 22, 2025
Homeសង្គម និងជីវិតអភិបាលខេត្តកណ្តាល អំពាវនាវពលរដ្ឋ កុំជឿមេខ្យល់ យកប្តីបរទេស

អភិបាលខេត្តកណ្តាល អំពាវនាវពលរដ្ឋ កុំជឿមេខ្យល់ យកប្តីបរទេស

ខេត្តកណ្តាល ៖ លោកគួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលមានកូនស្រី ដល់វ័យរៀបការ សូមកុំចាញ់បោកការលួងលោមរបស់មេខ្យល់ ថាយកប្តីជនជាតិបរទេស ហើយបានទៅរស់ នៅបរទេស មានអនាគតល្អ មានលុយ ជាដើម ពីព្រោះចំណុចទាំងនេះ គឺជារឿងបោកប្រាស់តែប៉ុណ្ណោះ និងជាអំពីការជួញដូរមនុស្ស ដោយខុសច្បាប់។

លោកអភិបាលខេត្ត បានអំពាវនាវបែបនេះ នៅក្នុងពិធីចែកប្លង់ដី ជូនប្រជាពលរដ្ឋ នៅស្រុកកៀនស្វាយ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា “ពួកដែលមកលួងលោមនោះ សំដីផ្អែមល្ហែម ល្អណាស់ ព្រោះពួកគេចង់បោកកូនពូមីងទាំងអស់គ្នា យកទៅលក់នៅស្រុកគេ ដោយកុហកថា រៀបការជាមួយប្តីអ្នកមាន ទៅនៅស្រុកគេ មានអនាគតល្អ ជាដើម តែតាមពិតមិនបែបនេះទេ វាជាការបោកប្រាស់សុទ្ធសាធ ពួកគេយកមនុស្សទៅលក់ ជាការជួញដូរមនុស្សខុសច្បាប់ ខណៈដែលក្មេងស្រី ជាង១០នាក់ហើយ នៅខេត្តកណ្តាល ដែលទទួល ដំណឹងថា បានចាញ់បោកគេ ចេញទៅក្រៅប្រទេស ហើយបាត់ដំណឹងឈឹង”។

លោកគួច ចំរើន  បានកោតសរសើរនគរបាលនៅច្រកព្រំដែនកម្ពុជា ជ្រៃធំ ផងដែរ ដែលបាននិងកំពុងអនុវត្តន៍បទបញ្ជាបានយ៉ាងល្អ ខណៈដែលក្មេងស្រីមួយចំនួន ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ពីការបោកប្រាស់នេះ។ ពួកបោកប្រាស់ លួងលោមឱ្យចេញទៅក្រៅស្រុក តាមរយៈការឆ្លងដែនកាត់ខេត្តកណ្តាល ទៅប្រទេសជិតខាង ហើយយកទៅលក់តែម្តង តែនគរបាលយើង ធ្វើការបានល្អ ដោយសង្គ្រោះពួកគេទាន់ពេល ហើយយកទៅផ្ញើនៅអង្គការមួយ ដើម្បីជួយមើលថែរក្សា។

លោកគួច ចំរើន បានអំពាវនាវបន្ថែមថា ពីពេលនេះទៅ សូមប្រជាពលរដ្ឋការពារកូនស្រី ឱ្យបានល្អ ពីការលួងលោមគ្រប់ទម្រង់ ហើយខ្លួនឯងផ្ទាល់ ក៏មិនត្រូវស្តាប់ការលួងលោម បង្ខំកូនខ្លួនឯងនោះដែរ បើសិនឃើញមានករណីមនុស្សណាប្រព្រឹត្តការអូសទាញបែបនេះ សូមរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ បង្ការនិងបង្ក្រាបការបោកប្រាស់ ការជួញដូរមនុស្ស គ្រប់រូបភាព ៕

RELATED ARTICLES