Wednesday, November 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ហាញមុខក្រុមចាបជំរិត គាស់ផ្ទះ៥នាក់ 

បង្ហាញមុខក្រុមចាបជំរិត គាស់ផ្ទះ៥នាក់ 

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៥នាក់ ក្នុងនោះម្នាក់ជាបក្ខពួកជនសង្ស័យដែលក្លែងជាកម្លាំងកងរាជអាវុធហត្ថ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ពីជនជាតិចិន ៣នាក់ទៀត ជាក្រុមជនជាតិចិន ធ្វើសកម្មភាពគាត់ផ្ទះជនបរ ទេស យកគ្រឿងអលង្ការ សរុបប្រមាណ១ម៉ឺនដុល្លារ និងម្នាក់ជាជនសង្ស័យបាញ់បោះសេរី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលបង្ហាញមុខ   មានម្នាក់ជាបក្ខពួកជនសង្ស័យដែលក្លែងធ្វើជាសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើសកម្មភាពចាប់ជំរិតជនជាតិចិន។

ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និង លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវ ឈានទៅសហការជាមួយនគរបាលច្រកទ្វារអន្តជាតិក្រុងបាវិត។

នៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៥ បានឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពក្លែងជាសមត្ថកិច្ចកងរាជអាវុធហត្ថ ធ្វើសកម្មភាពចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ ចំនួន ៥២០០០ដុល្លារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោងប្រហែង ០២និង៣០នាទី។

ជនសង្ស័យ ឈ្មោះសុង ឆាយ ហៅគួនអ៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ផ្ទះលេខ១ ផ្លូវ១០៨ ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាង រួម មាន ១-អាវុធខ្លីម៉ាក K54 លេខ 7481 គ្រាប់៨គ្រាប់។  ២-អាវុធខ្លីម៉ាក zaraki M906 គ្រាប់៤គ្រាប់។

ដោយឡែក ជនសង្ស័យចំនួន៣នាក់ ជាជនជាតិចិន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោងប្រហែល ១៧និង៣០នាទី នៅចំណុចស្តុបហេងលាភ ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះជនជាតិអេហ្ស៊ីប សញ្ជាតិខ្មែរ យកប្រាក់និងគ្រឿងអលង្ការ សរុបប្រមាណ ១ម៉ឺនដុល្លារ។

ជនសង្ស័យទាំង៣នាក់នោះ ១-ឈ្មោះ DUAN DE ភេទប្រុស ជនជាតិចិន អាយុ៤៦ឆ្នាំ។ ២-ឈ្មោះ DAI DOONGSHENG ភេទប្រុស ជនជាតិចិន អាយុ៤៦ឆ្នាំ។ ៣-ឈ្មោះ Li HONGQUAN ភេទប្រុស ជនជាតិចិន អាយុ៤៤ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះអែលខូលី ម៉ូហាម៉េដ ភេទប្រុស ឆ្នាំកំណើត១៩៧២ ជនជាតិអេហ្ស៊ីប សញ្ជាតិខ្មែរ មានលំនៅ ពបុរីភ្នំពេញផាក ផ្ទះលេខ C18 ផ្លូវចំប៉ា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរជាពាណិជ្ជករ។

លោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៩និង៣០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារផ្ទះ លួចយកទ្រព្យ សម្បត្តិ) នៅចំណុចបុរីភ្នំពេញផាក ផ្ទះលេខ C18 ផ្លូវចំប៉ា ក្រុមទី១៩ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

នៅក្នុងសកម្មភាព ជនសង្ស័យបានលួចយក ១-នាឡិកាដៃ ចំនួន៩គ្រឿង (១-ម៉ាក Longine ចំនួន១គ្រឿង ២-ម៉ាក Sart ចំនួន២ គ្រឿង ៣-ម៉ាក Tagheur ចំនួន១គ្រឿង  ៤-ម៉ាក Old Tissot ចំនួន២គ្រឿង ៥-ម៉ាក IWatch ចំនួន៣គ្រឿង)។ ២-ខ្សែកម៉ាក LV លោហធាតុពណ៌ទឹកប្រាក់ ចំនួន១ខ្សែ។ ៣-ខ្សែដៃ ម៉ាក LV លោហធាតុពណ៌ទឹកប្រាក់ ចំនួន១ខ្សែ។ សរុបជាទឹកប្រាក់ ប្រហែល ១ម៉ឺនដុល្លារ។

បន្ទាប់ពីក្រុមចោរបរទេសគាស់ផ្ទះ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ ចំនួន៣នាក់ ព្រមទាំងដកហូតបានសម្ភារៈមួយចំនួន យកមកប្រគល់ឱ្យម្ចាស់វិញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ទាំង០៣នាក់ ខាងលើថា ខ្លួនពិតជាបានធ្វើសកម្មភាព គាស់ទ្វារផ្ទះ លួចយកទ្រព្យសម្បត្តិប្រាកដមែន។ ចំណែកជនសង្ស័យម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបាញ់បោះសេរី កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៥ នៅតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យទាំង៥នាក់ខាងលើ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES