Thursday, November 27, 2025
Homeកីឡាជាតិក្រសួងអប់រំ ដាក់គោលការណ៍៧ចំណុច ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅថៃ

ក្រសួងអប់រំ ដាក់គោលការណ៍៧ចំណុច ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅថៃ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានកីឡា របស់ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសគោលការណ៍៧ចំណុច ពីការត្រៀមលក្ខណៈរបស់ប្រតិភូនិងអត្តពលិកកម្ពុជា សម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។

ការប្រកាសរបស់អគ្គនាយកដ្ឋានកីឡា បានធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីប្រជាជនកម្ពុជា ជាច្រើន បង្ហាញការព្រួយបារម្ភខ្លាំងអំពីសុវត្ថិភាពរបស់អត្តពលិកកម្ពុជា ដែលនឹងទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ នាខែធ្នូ ស្របពេលស្ថានភាពព្រំដែនរវាងប្រទេសទាំង២ កំពុងនៅបន្តមានភាពតានតឹងនៅឡើយ។

ឆ្លើយតបនឹងការព្រួយបារម្ភរបស់ប្រជាជនកម្ពុជា អគ្គនាយកដ្ឋានកីឡា បានប្រកាសពីលក្ខខណ្ឌ ៧ចំណុច ស្តីពីការត្រៀមលក្ខណៈរបស់ប្រតិភូកីឡាកម្ពុជា ៖

១- ការប្រកួតកីឡាស៊ីហ្គេម ស្ថិតនៅក្រោមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាស៊ីហ្គេម អនុលោមតាមធម្មនុញ្ញកីឡាអាស៊ីអាគ្នេយ៍ សម្រាប់ប្រទេសសមាជិក មិនមែនជាព្រឹត្តការណ៍របស់ប្រទេសណាមួយផ្តាច់មុខឡើយ។

២- អនុវត្តទៅតាមគោលការណ៍កីឡាអន្តរជាតិ និងធម្មនុញ្ញកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានរៀបចំសកម្មភាពចំពោះកិច្ច ដោះស្រាយវិវាទ ដោយមានអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក ឬនាយបេសកកម្ម និងតំណាងអូឡាំពិក ប្រចាំការ។

៣- ថ្នាក់ដឹកនាំប្រតិភូកីឡាស៊ីហ្គេមកម្ពុជា បានរៀបចំក្រុមអន្តាគមន៍ពិសេស ពិនិត្យ តាមដាន វាយតម្លៃសភាព ការណ៍ និងទំនាក់ទំនងភ្លាមៗជាមួយក្រុមការងារទទួលបន្ទុករបស់ភាគីថៃ និងបានរៀបចំផែនការគ្រប់ជ្រុងជ្រោយ ចំពោះសុវត្ថិភាពអត្តពលិក និងការគ្រងគ្រងពេល មានវិបត្តិ។

៤- ក្រុមអន្តាគមន៍ពិសេស បានដាក់អនុវត្តគោលការណ៍ណែនាំតឹងរ៉ឹង និងយន្តការសន្តិសុខ ចំពោះប្រតិភូនិងក្រុមកីឡា ដើម្បីធានាសន្តិសុខក្នុងពេលស្នាក់នៅ-ធ្វើដំណើរ និងសុវត្ថិភាពក្នុងពេលប្រកួត។

៥- ក្រុមការងារចុះត្រួតពិនិត្យគ្រប់ការប្រកួតទាំងអស់ ករណីមានបញ្ហាកើតឡើង ភាពមិនប្រក្រតី និងពិនិត្យនីតិវិធីប្តឹងនៅនឹងកន្លែង។ ចំពោះករណីកម្រិតធ្ងន់ធ្ងរ ក្រុមការងារ នឹងពិនិត្យនីតិវិធីបញ្ចូនប្រតិភូកីឡា ត្រលប់មកកម្ពុជា វិញ។

៦- ក្រុមកីឡាដែលប្រកួតចប់ភ្លាម ត្រូវរៀបចំធ្វើដំណើរត្រលប់មកកម្ពុជា វិញ។

៧- ការចូលរួមរបស់ប្រតិភូកីឡាកម្ពុជា ជាយុទ្ធនាការការទូត ដើម្បីកិត្យានុភាពជាតិ លើឆាកអន្តរជាតិ និងបញ្ជូនសារទៅកាន់ពិភពលោកថា កម្ពុជា គឺជាប្រទេសស្រលាញ់សន្តិភាព និងការអភិវឌ្ឍ៕

RELATED ARTICLES