Friday, November 28, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនឈ្នួល ចូលធ្វើការបាន១ថ្ងៃ លួចលុយម្ចាស់ផ្ទះ ៧ម៉ឺនដុល្លារ

កូនឈ្នួល ចូលធ្វើការបាន១ថ្ងៃ លួចលុយម្ចាស់ផ្ទះ ៧ម៉ឺនដុល្លារ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ដោយមានការអាណិតអាសូរចំពោះស្ត្រីម្នាក់ ដែលអត់ការងារធ្វើ ក៏បានហៅឱ្យមកធ្វើជាកូនឈ្នួលក្នុងផ្ទះ ស្រាប់តែធ្វើការបានតែ១ថ្ងៃ ស្ត្រីជើងល្អ បែកគំនិតលួចទ្រព្យសម្បត្តិ គ្រឿងអលង្ការបស់ម្ចាស់ផ្ទះ មានតម្លៃសរុបប្រមាណ ៧ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់អស់រយៈពេល១០ថ្ងៃ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបាន រួមជាមួយបុរសជាអ្នកទទួលផលចោរកម្មម្នាក់ទៀត នាំយកមកចាត់ការតាម ច្បាប់។

ករណីលួចគ្រឿងអលង្ការ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុច ផ្ទះលេខ១៩ ផ្លូវ១១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ រហូតមកដល់វេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនស្ត្រីជាជនសង្ស័យបាន នៅចំណុចបន្ទប់ជួល ១កន្លែង តាមផ្លូវវត្តចាស់ ស្ថិតក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងបន្តឃាត់ខ្លួនបុរសម្នាក់ទៀត ដែលជាអ្នកទទួលផលចោរកម្ម។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡូស អៃស៊ះ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅបន្ទប់ជួល ក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ចំណែកជនសង្ស័យជាអ្នកទទួលផលចោរកម្ម ពុំទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា ជាមនុស្សប្រុស។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ Dao Guilin អាយុ២៧ឆ្នាំ មានលំនៅផ្ទះលេខ១៩ ផ្លូវ១១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការអាណិតអាសូរពីស្ត្រីជនជាតិចិន ឈ្មោះ Dao Guilin អាយុ២៧ឆ្នាំ មានលំនៅ ផ្ទះលេខ១៩ ផ្លូវ១១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានហៅស្ត្រីសង្ស័យឈ្មោះឡូស អៃសះ មកធ្វើការងារក្នុងផ្ទះ ជាចុងភៅ និងមើលការខុសត្រូវក្នុងផ្ទះ បានតែមួយថ្ងៃ ស្រាប់តែនៅវេលាម៉ោង៩យប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ត្រីសង្ស័យ បានធ្វើសកម្មភាពលួចគ្រឿងអលង្ការ គិតជាទឹកប្រាក់ ប្រមាណ៧ម៉ឺនដុល្លារ រួចគេចខ្លួនបាត់។

ប្រភពដដែល បន្តថា បន្ទាប់មក ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ បានទៅដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច តាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ។ រហូតមកដល់វេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើបាន នៅចំណុចបន្ទប់ជួល ១កន្លែង តាមផ្លូវវត្តចាស់ ស្ថិតក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា យកមកធ្វើការសាកសួរ និងបន្តស្រាវជ្រាវឃាត់ខ្លួនបានអ្នកទទួលផលចោរកម្មម្នាក់ទៀតផង។

ជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES