ភ្នំពេញ ៖ ទីតាំងភោជនីយដ្ឋាន ១កន្លែង យីហោ “ផ្ទះអូន” ដែលជាប់សង្ស័យលួចលាក់បង្កប់សេវាកម្មផ្លូវភេទ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ ឆ្មក់ធ្វើការឡោមព័ទ្ធបង្ក្រាប ដោយឃាត់ខ្លួន បានមនុស្សប្រុសស្រី ជាង១០០នាក់ ភាគច្រើននារីៗ ជាអនីតិជន បញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តតាមនីតិវិធី។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភោជនីយដ្ឋាន “ផ្ទះអូន” មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមការបញ្ជាក់មន្ត្រីនគរបាលជំនាញ បានឱ្យដឹងថា បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងខាងលើនេះ មានលួចលាក់បង្កប់សេវាកម្មផ្លូវភេទ និងមានស្រាវជ្រាវយ៉ាងជាក់លាក់ពីនគរបាលជំនាញ អស់ជាច្រើនថ្ងៃ ទើបកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ បានចុះឆ្មក់បង្ក្រាបទីតាំងភោជនីយដ្ឋាន “ផ្ទះអូន” ឃាត់ខ្លួនមនុស្សប្រុសស្រី ជាច្រើននាក់។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់បានមនុស្សប្រុសស្រីដែលជាបុគ្គលិក ប្រមាណជាង១០០នាក់ភាគ ច្រើននារីៗ ជាអនីតិជន អាយុក្រោម១៨ឆ្នាំ។ ចំពោះអ្នកដែលមិនពាក់ព័ន្ធ នឹងឱ្យត្រឡប់ទៅផ្ទះវិញ។

មនុស្សប្រុសស្រីទាំងអស់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរ តាមនីតិវិធី៕
