ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ បានចេញដីកាកោះហៅជនជាប់ចោទ រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ឲ្យចូលសវនាការ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំនុំជម្រះបណ្ដឹងឧទ្ធរណ៍ ក្នុងសំណរឿងពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម) ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤។

ដីកាកោះជនជាប់ចោទឲ្យចូលសវនាការ របស់មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សំណុំរឿងសភាព្រហ្មទណ្ឌ លេខ១១២៧/០៣.០៦.២០២៥ ចុះថ្ងៃទីព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយអគ្គព្រះរាជអាជ្ញារង អ៊ឹម សុផាន មានខ្លឹមសារទាំងស្រុងថា “យើង អ៊ឹម សុផាន តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។
បង្គាប់មកឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ជនជាតិខ្មែរ មានលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ៨៨ ផ្លូវលេខ៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ឱ្យចូលមកសាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៨និង០០ នាទីព្រឹក នៅបន្ទប់ សវនាការទី០១ ជាកំណត់។
ដើម្បីជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ ក្នុងសំណុំរឿងពីបទ ៖ ញុះញុងបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ការមិនរាងចោលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម) ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤។
ដោយក្រុមប្រឹក្សាជំនុំជម្រះទី១០ មានសមាសភាពដូចខាងក្រោម ៖
-លោក អ៊ុង វណ្ណៈ ជាប្រធានក្រុមប្រឹក្សា
-លោកឃុន សុណា ជាចៅក្រមប្រឹក្សា
-លោក ឌុច សុខសារិន ជាចៅក្រមប្រឹក្សា
តំណាងមហាអយ្យការ ៖ ឯកឧត្តម អ៊ឹម សុផាន ជាអគ្គព្រះរាជអាជ្ញារង
ក្រឡាបញ្ជីសវនាការ ៖ លោកស្រី ណាត ស្រីនុច“ ។
ក្រោយទទួលបានដីកាកោះ ខាងលើនេះ លោករ៉ុង ឈុន បានប្រកាសតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ថា “ដីកាកោះរបស់សាលាឧទ្ធរណ៍ភ្នំពេញ មកដល់ទៀតហើយ!“ ។
បន្ថែមលើការប្រកាសតាមបណ្ដាញសង្គម ខាងលើនេះ លោក រ៉ុង ឈុន បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ថា ក្នុងនាមជាអ្នកដាក់បណ្ដឹងសាទុក្ខ លោកសង្ឃឹមថា សាលាឧទ្ធរណ៍ នឹងទម្លាក់ចោលនូវការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា “បាទ! ហ្នឹងហើយ ខ្ញុំនឹងទៅចូលរួមសវនាការនៅថ្ងៃ២៥ ធ្នូ ហ្នឹង ដូចជាមិនមានការប្រែប្រួលអីទេ យើងនឹងត្រូវចូលរួមតាមការកោះរបស់សាលាឧទ្ធរណ៍ ដែលខ្ញុំទើបតែទទួលបានព្រឹកមិញ ម៉ោងប្រមាណជា ៩ហ្នឹង ។ ការកោះនេះ ខ្ញុំសុំរំលឹកថា បន្ទាប់ពីប្រកាសលទ្ធផលនៅថ្ងៃ ៥ឧសភា ២០២៥ របស់សាលាដំបូង ដែលលទ្ធផលត្រូវបានដាក់ទោសខ្ញុំ ៤ឆ្នាំ ហើយពិន័យ ៤លានរៀល ហើយនិងមានការដកសិទ្ធិ មិនឲ្យខ្ញុំបោះឆ្នោត ដកសិទ្ធិមិនឲ្យឈ្មោះបោះឆ្នោត ហើយបម្រាមនៅតែដដែល មិនឲ្យចេញទៅក្រៅប្រទេសក្ដី ពេលហ្នឹង ខ្ញុំអាចទទួលយកបាននូវលទ្ធផលសម្រេចរបស់សាលាដំបូងទេ វាជារឿងអយុត្តិធម៌ ពីព្រោះយើងមិនមានទោសកំហុសអ្វីផង ។ អ៊ីចឹងហើយបានជាមេធាវីខ្ញុំ ប្ដឹងទៅឧទ្ធរណ៍ បន្តទៀត ។ ចំពោះការដាក់ប្ដឹងនេះ បើគិតទៅ ពេលដែលប្រកាសលទ្ធផលហ្នឹង ដូចជាចុងខែ០៥ ។ តាមការពិតទៅ សាលាឧទ្ធរណ៍ បានកោះម្ដងហើយ ដែលគ្រោងបើកសវនាការ នៅថ្ងៃ ៨សីហា តែដោយសារតែមានសង្រ្គាមផ្ទុះឡើង នៅថ្ងៃ ២៤កក្កដា ដែលសៀមឈ្លានពានហ្នឹង សង្រ្គាមរយៈពេល ៥ថ្ងៃហ្នឹង ក៏សាលាឧទ្ធរណ៍ បានលើកពេល ហើយឥឡូវនេះ បានកោះឡើងសាជាថ្មី“។
លោក រ៉ុង ឈុន បានមានប្រសាសន៍បន្តថា “ជុំវិញបញ្ហាហ្នឹង បើតុលាការ ឈរទៅលើស្មារតីឯករាជ្យភាព អនុវត្តតាមវិជ្ជាជីវៈ មិនទទួលឥទ្ធិពលនយោបាយ ហើយត្រូវគោរពទៅតាមសម្បថរបស់ខ្លួន ពេលហ្នឹង ខ្ញុំនឹងត្រូវបានសាលាឧទ្ធរណ៍ទម្លាក់ចោល ទាត់ចោលនូវសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ព្រោះដូចខ្ញុំបានបញ្ជាក់ខាងដើមអ៊ីចឹង វាអត់មានទោសកំហុសអីទេ ហើយក្នុងកាលៈទេសៈស្រុកដែលសៀម ឈ្លានពាន ហើយខ្ញុំគិតថា មិនតែចំពោះខ្ញុំទេ រដ្ឋាភិបាល ក៏ដូចជាតុលាការកម្ពុជា ហ្នឹងត្រូវតែដោះលែងអ្នកនយោបាយ សកម្មជននយោបាយសង្គម ក៏ដូចជាយុវជនមាតាធម្មតាធម្មជាតិ យុវជន២៣តុលា មេសហជីពក្ដី កញ្ញាសេង ធារី ក្ដី យើងដោះលែងឲ្យមានសិទ្ធិសេរីភាពទាំងអស់គ្នាទៅ បង្ហាញអំពីខ្មែរមានការឯកភាព សាមគ្គីភាពជាតិ អាហ្នឹងទើបខ្មែរយើងខ្លាំង វាស្របទៅនឹងការចង់បានរបស់នាយករដ្ឋមន្រ្តី ក៏ដូចជាប្រធានព្រឹទ្ធសភា ថាបើខ្មែរបែកបាក់ ខ្មែរខ្សោយ ។ អ៊ីចឹងបើសិនថា យើងនៅបន្តផាត់សំឡេងប្រឆាំង ពេលហ្នឹងហើយ ដែលយើងឃើញថា យើងមិនទាន់មានការឯកភាពគ្នា មិនទាន់មានការសាមគ្គីគ្នា ។ អ៊ីចឹងដើម្បីឲ្យខ្មែរយើងខ្លាំង យើងត្រូវសាមគ្គីហើយ បង្ហាញតាមរយៈការដោះលែងឲ្យពួកគាត់មានសេរីភាព ដូចករណីខ្ញុំ ទម្លាក់ចោលអស់ទៅ ពេលហ្នឹងខ្មែរយើងខ្លាំង ហើយប្រទេសជិតខាង គេមិនមើលស្រាលមកលើកម្ពុជា ទេ ហើយក៏មានការសាទរពីសហគមន៍អន្តរជាតិផងដែរ“ ។
លោក រ៉ុង ឈុន បានមានប្រសាសន៍បន្តទៀតថា “និយាយទៅ ការចោទរបស់សាលាដំបូងភ្នំពេញ វាមិនឆ្លុះបញ្ចាំងការពិតទេ ចោទហ្នឹងគ្រាន់តែចេះចោទតែចោទ ការពិតវាអត់មានអ៊ីចឹងផងហ្នឹងថា តើមានខ្ញុំឯណាទៅបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម? គ្រាន់តែចុះជួបប្រជាពលរដ្ឋ សួរសុខទុក្ខប្រជាពលរដ្ឋ ហើយនិងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ក្នុងការកែលម្អសង្គមហ្នឹង មានរឿងដែលត្រូវចោទធ្ងន់ធ្ងរបែបហ្នឹង? ហើយវាស្របទៅនឹងប្រទេសយើង ដែលថាជាប្រទេសប្រជាធិបតេយ្យ ។ តាមការពិត គោលដៅរបស់ខ្ញុំ គឺយើងចង់ជួយស្រុកទេស ជួយរដ្ឋាភិបាលឲ្យស្រុកទេសយើងហ្នឹង ទទួលបានការគាំទ្រ ទទួលបាននូវកំណើនសេដ្ឋកិច្ច ។ អ៊ីចឹងខ្ញុំមិនបោះបង់ទេ ខ្ញុំចង់ឃើញប្រជាពលរដ្ឋ ទទួលបានដំណោះស្រាយមួយល្អប្រសើរ រស់ក្នុងសង្គមដែលប្រកាន់គោលនយោបាយប្រជាធិបតេយ្យ ទោះបីខ្ញុំស្ថិតក្នុងកាលៈទេសៈណា ខ្ញុំនឹងនៅតែជួយ នៅតែធ្វើ ដូចអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃហ្នឹង ។ ត្រលប់មកវិញ ជុំវិញសវនាការ ខ្ញុំគ្រាន់តែចង់ជម្រាបភ្នាក់ងារស្ថានទូត អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ សូមចូលរួមឃ្លាំមើល រួមទាំងប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់យុត្តិធម៌ ចូលរួមឃ្លាំមើលទាំងអស់គ្នា ហើយយើងរំពឹងថា សាលាឧទ្ធរណ៍ នឹងទម្លាក់ចោលនូវការសម្រេចរបស់សាលាដំបូង“ ។
គួររំលឹកថា កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោករ៉ុង ឈុន ឲ្យជាប់ក្នុងពន្ធនាគារ រយៈពេល ៤ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ពីបទមិនរាងចាល ដែលផ្តើមចេញពីសកម្មភាពនយោបាយចុងក្រោយ បន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារ ក្នុងសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំកាលពីឆ្នាំ២០២១។ ក្រៅពីការផ្តន្ទាទោសឲ្យជាប់ក្នុងពន្ធនាគារ និងពិន័យជាប្រាក់ ទីប្រឹក្សាគណបក្សជំទាស់មួយនេះ ក៏ត្រូវបានតុលាការសម្រេចដកហូតសិទ្ធិធ្វើនយោបាយជាស្ថាពរ ពោលគ្មានសិទ្ធិបោះឆ្នោត និងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត។
ទោះយ៉ាងណា មកទល់ពេលនេះ លោករ៉ុង ឈុន មិនត្រូវបានចាប់ខ្លួននាំទៅដាក់ពន្ធនាគារទេ ព្រោះលោកនៅមានសិទ្ធិប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ខណៈដែលលោក ជូង ជូងី មេធាវីការពារក្ដីលោក រ៉ុង ឈុន បានចាត់ទុកការកាត់សេចក្តីនៅពេលនោះថា ជារឿង «អយុត្តិធម៌» សម្រាប់កូនក្តីរបស់លោក ទើបលោករៀបចំដាក់ពាក្យប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ ហើយត្រូវបានសាលាឧទ្ធរណ៍ ចេញដីកាកោះ ជាលើកទី២ នៅពេលនេះ បន្ទាប់ពីលុបចោលដីកាកោះលើកទី១ កាលពីខែកញ្ញា ឆ្នាំ២០២៥ ។

សូមជម្រាបថា អំឡុងឆ្នាំ២០២០ រ៉ុង ឈុន បានចុះទៅព្រំដែន ខេត្តត្បូងឃ្មុំ ហើយរិះគន់ ពាក់ព័ន្ធនឹងការបាត់ដីទៅខាងប្រទេសវៀតណាម។ នៅថ្ងៃទី៣១កក្កដា លោក រ៉ុង ឈុន ត្រូវបានឃាត់ខ្លួន ហើយឆ្នាំ២០២១ ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំម្ដងរួចមកហើយ ពីបទញុះញង់ ដោយសាលាដំបូងរាជធានីភ្នំពេញ។ ការសម្រេចនេះ ដោយសារលោកចុះទៅខេត្តត្បូងឃ្មុំ ហើយរិះគន់ពីបញ្ហាព្រំដែន។ ក្រោយមក តុលាការ បង្គាប់ឱ្យលោក រ៉ុង ឈុន សងសំណងទៅគណៈកម្មការព្រំដែន ជិត១០ម៉ឺនដុល្លារផងដែរ ពីករណីនេះ។ លុះដល់ថ្ងៃទី២៧មីនា ឆ្នាំ២០២៥ តុលាការ បានចេញដីកាបង្ខំលក់អចលនវត្ថុ (ផ្ទះ) លោក រ៉ុង ឈុន ដែលមានទីតាំងនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រោះលោកពុំបាននបង់សំណងទៅតាមការបង្គាប់របស់តុលាការ ៕ កុលបុត្រ