Friday, December 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបោកសង្សារអស់ពីខ្លួន គំរាមសម្លាប់ ខ្នោះ

បោកសង្សារអស់ពីខ្លួន គំរាមសម្លាប់ ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានទាក់ទងនារីម្នាក់ ជាសង្សារ និងបានរួមរស់ជាមួយគ្នាក្នុងបន្ទប់ជួល អស់រយៈពេល២ឆ្នាំ ក៏បែកគំនិតខ្ចីទូរស័ព្ទ និងម៉ូតូរបស់សង្សារ រួចស៊ីដាច់បាត់ មិនយកមកឱ្យវិញ។ លុះខាងស្រីឆាតទៅសួរនាំ ស្រាប់តែប្រុសស្នេហ៍ហេងស៊យ គំរាមសម្លាប់ផ្តាច់ពូជ ធ្វើឱ្យខាងស្រីទ្រាំលែងបាន ក៏ប្រើល្បិចលួងលោមណាត់ឱ្យមកជួបនៅបន្ទប់ជួល រួចប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង។ រហូតមកដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ។ជនរងគ្រោះ មានឈ្មោះ ប.ស.ភ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការនីរោងចក្រ រស់នៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ យ៉យ ផល្លី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិពពេល ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ចំពោះសម្ភារៈបាត់បង់ រួមមាន ទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 12 Pro Max ពណ៌ទឹកប៊ិក។ រីឯសម្ភារៈចាប់យក រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ក្រហមលាយស ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LS-1377 (ជារបស់ជនរងគ្រោះ)។ ទូរស័ព្ទ ចំនួន២គ្រឿង (ម៉ាក OPPO ពណ៌ទឹកសណ្តែក និងម៉ាក Redmi ពណ៌ខៀវ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះ បានធ្វើដំណើរដោយជិះឡានឈ្នូល មកភ្នំពេញ ដើម្បីរៀនផង និងធ្វើការផង។ ពេលមកដល់ភ្នំពេញបានមកជួលផ្ទះនៅម្តុំរោងចក្រដំបូលខៀវ រួចបានធ្វើការរោងចក្រមួយកន្លែងឈ្មោះ សាន់ហ្វែ ក្រុងភ្នំពេញ និងពេលល្ងាច បានឆ្លៀតមករៀននៅសាលាកូរ៉េ (CNK) ពេលជនរងគ្រោះចូលរៀន បានរយៈពេល២ខែ ក៏មានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យ នៅផ្ទះជួល ម្តុំផ្សារឯករាជ្យ១ ហើយជនសង្ស័យ បានខ្ចីទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 12 Pro Max ពណ៌ទឹកប៊ិក ដោយនិយាយថា “ខ្ចីប្រើសិន ពេលមានលុយ ចាំខ្ញុំជួយបង់”។ ប៉ុន្តែជនសង្ស័យ ធ្វើកាម្តងទៅនេះម្តងទៅនោះ រហូតដល់អត់ការងារធ្វើ ហើយយកទូរស័ព្ទជនរងគ្រោះជាសង្សារ ទៅបាត់ មិនឱ្យវិញ តែជនរងគ្រោះជាសង្សារ ចេះតែលើកលែងឱ្យ។

រហូតមកដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២៤ រោងចក្រដែលជនរងគ្រោះធ្វើការ ឈ្មោះសាន់ហ្វែរ បានផ្លាស់ប្តូរទីតាំង ជនរងគ្រោះមកធ្វើនៅម្តុំឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពេលធ្វើការបានរយៈពេល១ឆ្នាំ។ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះបានទៅបង់រំលស់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ក្រហមលាយស ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LS-1377 យកមកដល់ផ្ទះជួល ជនសង្ស័យបាននិយាយថា “ខ្ចីម៉ូតូទៅការគេ នៅស្រុក ស្ថិតនៅភូមិពពេល ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង” ហើយខ្ចីម៉ូតូខាងលើ បានរយៈពេលជិត ១ខែ ជនសង្ស័យបានយកម៉ូតូ ត្រឡប់មកវិញជាធម្មតា។ លុះដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ពេលជនរងគ្រោះចេញពីធ្វើការរោងចក្រខាងលើ មកផ្ទះជួលវិញ ដើម្បីហូបបាយ និងសម្រាក ពេលជិះមកដល់ ជនសង្ស័យបាននិយាយថា “ខ្ចីម៉ូតូ ទៅធ្វើការនៅស្រុកសិន ចាំពេលមានលុយទិញម៉ូតូផ្ទាល់ខ្លួន ចាំឱ្យម៉ូតូវិញ” ជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះខាងលើ ជិះទៅរហូត មិនឃើញត្រឡប់យកមកឱ្យជនរងគ្រោះវិញទេ ទើបជនរងគ្រោះបានទូរស័ព្ទទៅជូនសង្ស័យ ដើម្បីសុំម៉ូតូមកវិញ ស្រាប់តែជនសង្ស័យបាននិយាយថា “បើសិនជាមកយក នឹងវ៉ៃម៉ូតូកម្ទេចចោល” រួចបានផ្ញើសារជាសំឡេង មកគំរាមលើជនរងគ្រោះថា “បើសិនជាមកយក ដឹងតែងាប់ហើយ” មិនតែប៉ុណ្ណោះ ជនសង្ស័យថែមទាំងបានហែកចូលអាខោនហ្វេសប៊ុក របស់ជនរងគ្រោះ ទៅជេរប្រមាថបងប្អូនបង្កើត និងបងប្អូនជីដូនមួយជនរងគ្រោះថែមទៀត ហើយជនសង្ស័យបានទូរស័ព្ទតាមលេខ មកនិយាយគំរាមជនរងគ្រោះថា “បើសិនជាជនរងគ្រោះប្តឹងខ្លួន ពេលត្រឡប់មកវិញ នឹងសម្លាប់ចោលមួយពូជ សូម្បីតែឆ្កែ ក៏មិនទុកដែរ”។

រហូតមកដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ជនរងគ្រោះបានទូរស័ព្ទទៅជនសង្ស័យ បបួលជនសង្ស័យ មកផ្ទះជួល រួចឃាត់ជនសង្ស័យប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫសនាំយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីទូរស័ព្ទ និងម៉ូតូ ហើយថែមទាំងនិយាយគំរាមសម្លាប់ជនរងគ្រោះជាសង្សារ ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES