Tuesday, December 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះអគារស្នាក់នៅ ផ្អើលក្រុងព្រះសីហនុ

ភ្លើងឆេះអគារស្នាក់នៅ ផ្អើលក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អគារស្នាក់នៅកណ្តាលក្រុងព្រះសីហនុ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កជាផ្សែងហុយខ្មួលខ្មាញ់ និងផ្អើលដល់ប្រជាពរលដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមណ៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹក អស់ ចំនួន ៤រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចអគារស្នាក់នៅ មួយកន្លែង ស្ថិតនៅខាងក្រោយចំណតរថយន្តទីប្រជុំជនផ្សារលើ ស្ថិតក្នុងក្រុម៧ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

ម្ចាស់អគារដែលរងការឆាបឆេះ ឈ្មោះឡា វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ។ ចំពោះការឆាបឆេះ បានបណ្តាលឱ្យខូចខាត បន្ទប់មានទំហំ ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ជាន់ផ្ទាល់ដី ផ្នែកខាងក្នុង ដាក់សម្ភារៈប្រើប្រាស់ ខូចខាតអស់ទាំងស្រុង។

នៅក្នុងករណីអគ្គិភ័យនេះ បណ្តាលឱ្យរងរបួសមនុស្ស ចំនួន២នាក់ ទី១-ឈ្មោះអិប សាវន់ ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរជាងសំណង់ ត្រូវជាម្តាយ និងទី២-ឈ្មោះខេវិន ភេទប្រុស អាយុ១ខួប ត្រូវជាកូន។ ជនរងគ្រោះទាំង២នាក់ ម្តាយកូន ត្រូវបានបញ្ជូនទៅសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចម្ការចេក) តែមិនមានមនុស្សណាម្នាក់ មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

នៅក្នុងប្រតិបត្តិការក្នុងការសង្គ្រោះ កម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រើប្រាស់រថយន្ត ចំនួន៣គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន២រថយន្ត ស្មើនឹង១៦ម៉ែត្រគូប និងរថយន្តបង្ការនិងពន្លត់អគ្គិភ័យ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ស្មើនឹង ៤ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព៩១១ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្ត ស្មើនឹង ៤ម៉ែត្រគូប ដោយប្រើប្រាស់ពេលវេលាប្រមាណ ជាង១ម៉ោងកន្លះ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនមានឆ្លងរាលដាលបន្តទៀតឡើយ។

មូលហេតុនៃអគ្គិភ័យខាងលើនេះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវបន្ថែម៕

RELATED ARTICLES