ខេត្តស្វាយរៀង ៖ ឃ្លាំងដាក់គ្រឿងសំណង់ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង បន្ទាប់ពីគេឃើញមានជនសង្ស័យជាមនុស្សបែកថ្នាំ បានដើរចូល រួចទើបនឹងចេញ វិញបានមួយសន្ទុះ ក៏កើតមានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ហើយដោយសារតែនៅក្នុងឃ្លាំង មានគ្រឿងជ័រ ទុយោជ័រជាច្រើន ទើបធ្វើឱ្យការឆាបឆេះមានល្បឿនលឿន មិនអាចពន្លត់ទាន់ពេលឡើយ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចឃ្លាំងដាក់គ្រឿងសំណង់មួយកន្លែង ស្ថិតនៅខាងក្រោយអគារកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា តាមប្រជាពលរដ្ឋបានឃើញហេតុការណ៍ បានរាយការណ៍ថា មុនពេលកើតហេតុ គេឃើញជនសង្ស័យម្នាក់ ជាមនុស្សបែកថ្នាំ បានចូលទៅជិតឃ្លាំងដាក់គ្រឿងសំណង់ខាងលើ តែមិនមានអ្នកចាប់អារម្មណ៍នោះទេ។ លុះក្រោយមក ពេលដែលជនសង្ស័យដើរចេញមួយសន្ទុះ ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅ តែម្តង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចភ្លាមៗ ហើយភ្លាមនោះសមត្ថកិច្ចបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ដើម្បីចុះមកជួយអន្តរាគមន៍ ដោយក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថក្រុង និងរថយន្តពន្លត់អគ្គិភ័យ របស់អធិការក្រុងបាវិត បានចុះមកដល់ និងបានបាញ់ទឹកពន្លត់ភ្លាមៗដែរ ក៏ប៉ុន្តែដោយក្នុងឃ្លាំងមានគ្រឿបជ័រច្រើន ទើបធ្វើឱ្យមានការឆាបឆេះលឿន មិនអាចគ្រប់គ្រងបាន និងបណ្តាលឱ្យឃ្លាំងទាំងមូល ត្រូវក្លាយជាចំណីភ្លើងអស់ទាំងស្រុង ប៉ុន្តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់ មនុស្សទេ។ ចំណែកទំហំខូចខាត មិនទាន់សរុបបាននៅឡើយទេ ខណៈសមត្ថកិច្ច កំពុងធ្វើការសាកសួរម្ចាស់ឃ្លាំង និងស្រាវជ្រាវរកជនបង្កហេតុ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕