ខេត្តកំពង់ស្ពឺ ៖ ប្តីប្រពន្ធវ័យចំណាស់ ២នាក់ ក្រោយពីរួមរស់មិនចុះសម្រុងនឹងគ្នា បានព្រមព្រៀងលែងលះគ្នា (ត្រឹមសាលាឃុំ) រួចដាច់ស្រេចទៅហើយ លុះក្រោយមក នៅពេលដែលប្រទះឃើញអតីតប្រពន្ធកំពុងអង្គុយផឹកស៊ីជាមួយប្រុស ស្រាប់តែបុរសជាអតីតប្តី ផ្ទុះភ្លើង ប្រចណ្ឌ ស្ទុះទៅវាយបោចសក់អតីតប្រពន្ធ ទម្លាក់ពីលើកៅអី រួចគំរាមសម្លាប់ ធ្វើឱ្យស្ត្រីរងគ្រោះទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនអតីតប្តី យកទៅចាត់ការតាម ច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង០៦នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផុន ខ្លង ភេទប្រុស អាយុ៥៨ឆ្នាំ មានលំនៅ ភូមិតាំងស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះសេង ផា ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង។ អ្នកទាំងពីរ ជាអតីតប្តីប្រពន្ធ (បានលែងលះត្រឹមសាលាឃុំ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៣៣នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ស្ត្រីរង គ្រោះឈ្មោះ សេង ផា បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទំព័រមាស ដោយប្តឹងទៅលើឈ្មោះផុន ខ្លង ជាអតីតប្តី ដែលបានលែងលះគ្នានៅត្រឹមសាលាឃុំ ពីបទហិង្សាដោយចេតនា។
ស្ត្រីរងគ្រោះ បានរៀបរាប់ថា កាលពីវេលាម៉ោង ៥និង០៦នាទីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលគាត់ (ស្ត្រីរងគ្រោះ) កំពុងអង្គុយហូបស្រាបៀរ នៅមុខតូបលក់ដូររបស់ខ្លួន ជាមួយអ្នកជួលតូបក្បែរគ្នា ស្រាប់តែលេចមុខជនសង្ស័យ ជាអតីតប្តី ឈ្មោះផុន ខ្លង បានដើរចូលមកក្នុងតូប រួចបានស្ទុះមកចាប់បោចសក់របស់គាត់ ចំនួន២លើក បណ្តាលឱ្យដួលធ្លាក់ពីលើកៅអី ផ្ងារក្រោយ និងបានជេរប្រមាថ គំរាមគំហែងថានឹងសម្លាប់លើរូបគាត់ទៀតផង ពេលឃើញបែបនេះ ក៏មានអ្នកស៊ីផឹក ហូបចុកជាមួយគ្នា ឃាត់បំបែកចេញទៅ។
ក្រោយពីទទួលបានពាក្យបណ្តឹងស្ត្រីរងគ្រោះជាអតីតប្រពន្ធខាងលើ នៅវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទំព័រមាស បានកោះហៅឈ្មោះផុន ខ្លង មកធ្វើការសាកសួរពីដំណើររឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាអតីតប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាចាប់បោចសក់ ជេរប្រមាថ និងគំរាមគំហែងទៅលើស្ត្រីរងគ្រោះជាអតីប្រពន្ធប្រាកដមែន។ មូលហេតុ ដោយសារខ្លួនមានចិត្តប្រចណ្ឌ ខឹងអតីតប្រពន្ធអង្គុយផឹកស្រាជាមួយអ្នកដទៃ។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីសាកសួរ និងកសាងសំណុំ រឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕