ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តដឹកគ្រឿងសមុទ្រ ១គ្រឿង ងងុយដេក ងោក១ភាំង ធ្វើឱ្យរេចង្កូតបុករះរថយន្ត ៣គ្រឿង ដែលកំពុងចតលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាតរថយន្តយ៉ាងធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើក រថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2CC-6564 ដឹកគ្រឿងសមុទ្រ ពេញរថយន្ត ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅបុករះរថយន្ត ចំនួន៣គ្រឿង ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យការខូចខាតយ៉ាងធ្ងន់ ក្នុងនោះមានរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-0793 ខូចខាតមួយចំហៀងឆ្វេង រថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BT-2638 រងការខូចខាតធ្ងន់ធ្ងរ ដោយផ្ទប់នឹងដើមឈើ និងរថយន្ត ១គ្រឿងទៀត ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BT-4972 ខូចខាតផ្នែកខាងក្រោយ តែក្នុងហេតុការណ៍នេះ មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ។

ដោយឡែករថយន្តបង្កហេតុ ម៉ាកសាំងយ៉ុង ខូចខាតខ្ទេចផ្នែកខាងមុខ ចំហៀងខាងស្តាំ ហើយអ្នកបើកបរ បាននិយាយថា គាត់បើករថយន្តដឹកគ្រឿងសមុទ្រ ចេញពីខេត្តព្រះសីហនុ គោលដៅយកទៅបោះឱ្យម៉ូយ នៅម្តុំផ្សារធំថ្មី លុះមកដល់ចំណុចកើតហេតុ ងោកមួយភាំង ទើបធ្វើឱ្យជួបគ្រោះថ្នាក់បែបនេះតែម្តង។

ក្រោយកើតហេតុ ដោយសារតែមិនអាចដោះស្រាយគ្នាបានភ្លាមៗ ទើបសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់ វែង រួចអូសយកមធ្យោបាយទាំងអស់ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះ ស្រា យនៅពេលក្រោយ៕