ភ្នំពេញ ៖ ពិធីការិនី កែវ សីហា បានសម្រាលកូនដំបូង នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ចំពេលស្នូរគ្រាប់កាំភ្លើងកំពុងតែផ្ទុះលាន់កក្រើកនៅតាមតំបន់ព្រំដែន ដែលយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ។ សីហា ចាត់ទុកថា នេះជាកាដូដ៏ធំសម្រាប់ក្រុមគ្រួសារនាង ព្រោះកូនសម្រាលចំថ្ងៃបុណ្យគ្រិស្ដម៉ាស (Christmas ) ឬបុណ្យណូអែល ជាបុណ្យដ៏ធំមួយ នៃទិវាប្រសូតរបស់ព្រះយេស៊ូគ្រិស្ដ (Jesus Christ) ដែលត្រូវបានប្រារព្ធធ្វើឡើងទូទាំងពិភពលោក។

ប្រភពអ្នកស្និទ្ធសីហា បង្ហើបថា អតីតពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ រូបនេះ សម្រាលបានកូនស្រី ប៉ុន្ដែនៅប្រអប់ខម្មិន នៅពេលដែលគេសួរនាំពីឈ្មោះនិងភេទកូន សីហា មិនឆ្លើយតបអ្វីទាំងអស់ បើទោះជាតារារួមអាជីព និង Fan បានខម្មិនសារជូនពរនាងជាច្រើនក៏ដោយ ។

សូមបញ្ជាក់ថា ការសម្រាលកូន របស់កែវ សីហា នៅពេលនេះ គឺបញ្ចប់ទាំងស្រុងនូវពាក្យខ្សឹបខ្សៀវថា នាងរៀបការប្ដីពេទ្យ ៦ឆ្នាំ អត់កូន ព្រោះពេលនេះអ្វីៗបានបញ្ជាក់ច្បាស់ហើយថា ប្ដីពេទ្យរបស់នាង មានទៅអន់ឯណា ពោលគឺឲ្យតែដល់ពេលវេលាចង់បាន ត្រូវតែបានភ្លាម ។ សម្រាប់សីហា ការសម្រាលកូនទី១ នេះ បញ្ជាក់ថា អាជីពសិល្បៈរបស់នាងកាន់តែខើចទៅហើយ បន្ទាប់ពីអាស៊ីអាគ្នេយ៍ បិទ Concerts ធ្វើឲ្យនាងក្លាយជាពិធីការិនីfreelance ដែលយូរៗចេញមុខម្ដង តាមប៉ុស្ដិ៍ PNN និងក្រុមហ៊ុន Agency នោះ ឥឡូវនាងអាចយកពេលមើលថែកូន ដោយផ្ទាល់ និងផ្ដោតលើការរកស៊ី ច្រើនជាងលេងសិល្បៈ ព្រោះស្វាមីនាង ក៏បានបើកឱសថស្ថានមួយ នៅក្រុងព្រះសីហនុ ផងដែរ ។

កែវ សីហា រៀបការជាមួយលោកគ្រូពេទ្យសង្ហា ហឹង សត្យា កាលពីថ្ងៃ២៧ វិច្ឆិកា ឆ្នាំ២០១៩ តែនាងទើបបង្ហាញក្បាលពោះសិចស៊ី ពពោះជាង៨ខែ លើកដំបូង នៅថ្ងៃប្រារព្ធខួបអាពាហ៍ពិពាហ៍ ៦ឆ្នាំ របស់ខ្លួន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយស្រាប់តែរំលងបានមិនដល់ ១ខែផង នាងបានសម្រាលកូន ដូចក្ដីប្រាថ្នា ។ ទាំងសីហា និងលោកដុកទ័រសត្យា ញញឹមបិទមាត់មិនជិតដូចគ្នា ព្រោះកាដូមិនអាចកាត់ថ្លៃបាន នាមុនឆ្លងឆ្នាំសកលនេះ មិនត្រឹមតែពួកគេសម្រេចគោលដៅធំរបស់ខ្លួន តាមគម្រោងការយកកូនបន្ដពូជនោះទេ ប៉ុន្ដែវាជាការបញ្ចប់ទាំងស្រុងនូវពាក្យចចាមអារ៉ាមទាំងឡាយដែលថា ពួកគេគ្មានលទ្ធភាពយកកូនបាន ព្រោះសីហា សម្រេចចិត្តពន្យារកំណើត ច្រើនឆ្នាំពេក ខ្លាចប៉ះពាល់អាជីពសិល្បៈ ខណៈដែលតារាៗដែលរៀបការក្នុងឆ្នាំតែមួយជាមួយសីហា ខ្លះមានកូន ២-៣អស់ទៅហើយ។

កែវ សីហា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងចង់បានកូន ៣នាក់ ហេតុនេះសម្រាប់ការយកកូនទី២ និងទី៣ មិនមែនជាឧបសគ្គចំពោះនាងឡើយ ក្រោយបើកផ្លូវយកបានកូនទី១ ។ ប៉ុន្ដែតាមដំណឹងថា លោកគ្រូពេទ្យ ចង់កំណត់ឆ្នាំច្បាស់លាស់ក្នុងការយកកូនបន្ទាប់ ហើយលោកនៅតែមិនហាមឃាត់ ឬហួងហែងភរិយាក្នុងការលេងសិល្បៈនោះទេ លើកលែងតែប្រពន្ធលោកលែងចង់ល្បី។

ក្រៅពីកែវ សីហា តារាសម្រាលកូន ឆ្នាំ២០២៥ មានដូចជា កែវ សុបញ្ញា (កូនស្លាប់ក្រោយកើតបាន ៤ខែ) ,រិន បុផា ហៅភីយ៉ា, ហ៊ិន ច័ន្ទនីរ័ត្ន ,អាលីហ្សា និងតារាកំប្លែង អ្នកនាងស្រេង សុកាន់ដ ហៅខ្ញុង ជាដើម ៕
