Friday, December 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្ឌិតខ្មែរថា ថៃចាប់ផ្តើមប្រើ T50 សង្ស័យ F16-Gripen អស់គ្រាប់

បណ្ឌិតខ្មែរថា ថៃចាប់ផ្តើមប្រើ T50 សង្ស័យ F16-Gripen អស់គ្រាប់

ភ្នំពេញ ៖ បណ្ឌិតខ្មែរ ដែលជាអ្នកវិភាគ និងជាអ្នកសិក្សាស្រាវជ្រាវសង្គម កំពុងរស់នៅប្រទេសអូស្រ្តាលី បានលើកឡើងថា នៅក្នុងសង្រ្គាមថៃឈ្លានពានកម្ពុជា នៅពេលនេះ ទាហានថៃ ចាប់ផ្ដើមប្រើយន្តហោះចម្បាំង T50 បន្ថែមលើការប្រើ F-16 និង Gripen សង្ស័យ F-16 និង Gripen អស់គ្រាប់ ។ ដូច្នេះជាយុទ្ធសាស្រ្តល្បែងក្រឡាអុក លោកយល់ថា ដល់ពេលដែលកម្ពុជា អាចប្រើក្បាច់ត្រីបក បានហើយ ។

 លោកបណ្ឌិត សេង សារី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ថា “សង្ស័យ F-16 របស់អាមេរិក និងគ្រីបហ្វីន របស់ស៊ុយអែត អស់គ្រាប់មើលទៅ បានចាប់ផ្តើមប្រើ T50 របស់កូរ៉េខាងត្បូង? អាខ្វាយ ឯងមិនមែនជាប្រទេសផលិតគ្រាប់ដោយខ្លួនឯងទេ ហើយប្រទេសផលិត ក៏មិនលក់ឱ្យអាខ្វាយ ឯងយកមកឈ្លានពានគេដែរ ព្រោះវាខុសច្បាប់អន្តរជាតិ។ ពេលនោះ កម្ពុជា អាចប្រើក្បាច់ត្រីបក បានហើយ!“ ។

 បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត សេង សារី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ថា ទោះបី T50 មានសមត្ថភាពទាបជាង F-16 ក៏ដោយ ក៏ប៉ុន្តែថៃ បញ្ចេញអស់ហើយ ក្នុងចេតនាបំភ័យកម្ពុជា ឲ្យបាក់ស្បាត ។ ប៉ុន្តែអ្វីដែលសំខាន់ លោកសង្កេតឃើញថា កម្ពុជា អត់ទាន់បញ្ចេញនូវគ្រឿងសព្វាវុធដែលខ្លួនមានទេ គឺបញ្ចេញត្រឹម BM-21 ហើយលោកមិនជឿថា រដ្ឋាភិបាលកម្ពុជា មានត្រឹម BM-21 នោះទេ ។ ដូច្នេះលោកគាំទ្រយុទ្ធសាស្រ្តនេះ គឺខណៈដែលថៃ កំពុងប្រើប្រាស់សមត្ថភាពយោធារបស់ខ្លួន អស់ក្បាច់ហើយ វាអាចដល់ពេលវេលាមួយដែលកម្ពុជា នឹងអាចប្រើប្រាស់នៅក្នុងការវ៉ៃបក អំឡុងពេលដែលថៃ លែងមានអាវុធប្រើ ។

 លោកបណ្ឌិត សេង សារី បានមានប្រសាសន៍ថា “ជាការសង្កេតរបស់ខ្ញុំទេ ធម្មតាបើយើងពិនិត្យមើលទៅលើអ្វីដែលមេទ័ពជើងគោកថៃ ហើយនិងមេទ័ពជើងទឹក ហើយនិងជើងអាកាសថៃ ចេញសេចក្ដីថ្លែងការណ៍ ពួក នេះបង្ហាញថា ចេញសារតែមួយ គឺចង់បំបាក់កងទ័ពកម្ពុជា ហ្នឹងឲ្យអស់សមត្ថភាព ឬក៏អសមត្ថភាពនៅក្នុងការតដៃរយៈពេលវែង ។ អ៊ីចឹងហើយបានឃើញប្រទេសថៃ ហ្នឹងបានប្រើប្រាស់គ្រឿងសព្វាវុធទំនើបហ្នឹង អស់ហើយ អ្វីដែលខ្លួនមានហ្នឹង គឺបញ្ចេញអស់ហើយ តាំងពី F-16 តាំងពី Griphen ឥឡូវនេះបញ្ចេញ T50 របស់កូរ៉េខាងត្បូង ។ ទោះបី T50 មានសមត្ថភាពទាបជាង F-16 ក៏ដោយ ក៏ប៉ុន្តែបញ្ចេញអស់ហើយ ក្នុងចេតនាហៅថា បំភ័យខ្មែរ បំភ័យកម្ពុជា ហ្នឹងឲ្យបាក់ស្បាត ។ ប៉ុន្តែអ្វីដែលសំខាន់ហ្នឹង ខ្ញុំសង្កេតឃើញថា កម្ពុជា អត់ទាន់បញ្ចេញនូវគ្រឿងសព្វាវុធដែលខ្លួនមានទេ បញ្ចេញអស់លទ្ធភាពហើយ ត្រឹម BM-21 ហើយខ្ញុំមិនជឿថា រដ្ឋាភិបាលខ្មែរហ្នឹង មានត្រឹម BM-21 ទេ ។ អ៊ីចឹងហើយ ការបញ្ចេញត្រឹម BM-21 នេះ ខ្ញុំគិតថា ជាយុទ្ធសាស្រ្តទេ ខណៈដែលថៃ កំពុងតែបង្ហាញ ឬកំពុងតែអួតពីសព្វាវុធរបស់ខ្លួន ហើយកន្លងមក យើងឃើញហើយថា នៅពេលដែលខ្លួនប្រើប្រាស់សព្វាវុធហួសអ្វីដែលជាស្ថានភាពពិតប្រាកដ អ្វីដែលហួសពីការការពារខ្លួន ព្រោះកន្លងមក ខ្លួនឯងហ្នឹងបង្ហាញថា ការធ្វើសង្រ្គាមនេះ គ្រាន់តែជាការធ្វើសង្រ្គាមការពារខ្លួនទេ ប៉ុន្តែឥឡូវនេះវាដើរហួសពីការការពារខ្លួនទៅហើយ វាឈានទៅដល់ការបញ្ជាក់ប្រាប់ពិភពលោកថា ខ្លួនកំពុងតែឈ្លានពាន អ៊ីចឹងបញ្ចេញអស់ហើយ អួតអស់ហើយ»។

លោកបណ្ឌិត សេង សារី បន្តថា «អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំថា ប្រហែលជាអួតដំបូងហ្នឹង អួត F-16 ហ្នឹងវាអត់លទ្ ធភាពអួត ។ អ៊ីចឹងហើយ រាងខកខ្លួន ក៏រក្សា F-16 ទុក ប្រហែលជាអាចអស់គ្រាប់ ឬក៏សល់តិចតួច ហើយក៏បញ្ចេញសព្វាវុធផ្សេង ខណៈដែលកម្ពុជា នៅស្ងៀម ប្រើប្រាស់ត្រឹម BM-21។ អ៊ីចឹងហើយថៃ ក៏មានការប្រយ័ត្នប្រយែងដែរ ក្នុងករណីដែលកម្ពុជា អាចប្រើយុទ្ធសាស្រ្តវ៉ៃបក អំឡុងពេលដែលខ្លួនអស់លទ្ធភាពនៅក្នុងការប្រើប្រាស់សព្វាវុធទំនើប ចំណុចទី១ ។ ចំណុចទី២ ធម្មតាការទិញសព្វាវុធរបស់ថៃ ហ្នឹងគេហៅទិញតាមរបៀបអិនញួល ឬក៏ទិញតាមរបៀបប្រូក្រាមអុកឃ្យូមិន ។ អាប្រូក្រាមអុកឃ្យូមិន នេះ មិនមែនកម្មង់ភ្លាម ទិញបានភ្លាមទេ គឺវាមានការកម្មង់ប្រចាំឆ្នាំ ហើយធម្មតានៅក្នុងច្បាប់អន្តរជាតិ នៅពេលដែលយើងទិញសព្វាវុធ យកមកឈ្លានពានគេបែបនេះ សូម្បីតែអាមេរិក សូម្បីតែស៊ុយអែត សូម្បីតែកូរ៉េខាងត្បូង ហ្នឹងក៏ពិបាកលក់គ្រាប់ឲ្យដែរ ។ អ៊ីចឹងវាខុសច្បាប់អន្តរជាតិ ។ ដូច្នេះសម្រាប់ខ្ញុំ ខ្ញុំថាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ខ្ញុំនិយាយនេះ គឺហាក់ដូចជារឿងគាំទ្រយុទ្ធសាស្រ្តនេះ គឺខណៈដែលថៃ កំពុងប្រើប្រាស់សមត្ថភាពយោធារបស់ខ្លួន អស់ហើយ អស់ក្បាច់ហើយ គឺវាអាចដល់ពេលវេលាមួយដែលកម្ពុជា នឹងអាចប្រើប្រាស់នៅក្នុងការវ៉ៃបក អំឡុងពេលដែលថៃ លែងមានអាវុធក្នុងការប្រើ“ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិត សេង សារី ខាងលើនេះ បានធ្វើឡើងក្រោយពីមានការបញ្ជាក់ពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថា នៅម៉ោង ១០:០០នាទី និងម៉ោង ១៤:០២នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥  យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង ប្រភេទ T50 ទម្លាក់គ្រាប់បែក ចំនួន ៤គ្រាប់ ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង និងបានប្រើប្រាស់យន្តហោះចម្បាំង T50 ទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅម៉ោង ១០:២៨នាទី ដល់ម៉ោង ១៦:៣៨នាទី នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ។

  ក្រសួងការពារជាតិកម្ពុជា ចាត់ទុកសកម្មភាពប្រើប្រាស់យន្តហោះចម្បាំង T50 ទម្លាក់គ្រាប់បែកនៅក្នុងភូមិស្ថានស៊ីវិលខេត្តបាត់ដំបង គឺជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅ របស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

  យោងតាមបណ្តាញព័ត៌មានថៃ កងទ័ពអាកាសថៃ បានទិញយន្តហោះចម្បាំង ម៉ាក T50  ដែលផលិតនៅកូរ៉េ ចំនួន ១៤ គ្រឿង  ក្នុងតម្លៃ ៧៨លានដុល្លារអាមេរិក ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនផលិតកូរ៉េខាងត្បូង Korea Aerospace Industries Co (KAI) និងថៃ ។ T50 ជាធម្មតា ជាប្រភេទយន្តហោះយោធាដែលបម្រើសម្រាប់ការហ្វឹកហាត់ ប៉ុន្តែអាចទម្លាក់គ្រាប់បែកក្នុងងារជាយន្តហោះចម្បាំង។ ក្រោមកិច្ចព្រមព្រៀង KAI បានផ្គត់ផ្គង់ T50  ចំនួន ៤គ្រឿង នៅឆ្នាំ២០១៨ និង ៨គ្រឿង នៅឆ្នាំ២០១៩ និង ២គ្រឿងចុងក្រោយ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ដល់កងទ័ពអាកាសថៃ ។

  មជ្ឈដ្ឋានតាមដាន បានលើកឡើងថា ការដែលថៃ ប្រើយន្តហោះផលិតនៅកូរ៉េខាងត្បូង ប្រភេទនេះ មកឈ្លានពានកម្ពុជា គឺជាការបំពានលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងទិញ-លក់ រវាងថៃ និងកូរ៉េខាងត្បូង។ ជាពិសេស ការប្រើប្រាស់យន្តហោះ ដើម្បីទម្លាក់គ្រាប់បែក លើជនស៊ីវិល មន្ទីរពេទ្យ ឬតំបន់បេតិកភណ្ឌវប្បធម៌ ដូចជាប្រាសាទបុរាណ សុទ្ធតែជាការបំពានលក្ខខណ្ឌ។

  តាមការផ្សាយរបស់ Flight Global, ទោះផលិតដោយកូរ៉េខាងត្បូង តែយន្តហោះ T50 នេះ ក៏មានប្រើប្រាស់បច្ចេកវិទ្យាស្នូលរបស់សហរដ្ឋអាមេរិក ដែរ ដូចជាម៉ាស៊ីន GE F404 និងប្រព័ន្ធរ៉ាដា។ ដូច្នេះការទិញយន្តហោះ T50 ពីកូរ៉េខាងត្បូង របស់កងទ័ពអាកាសថៃ មិនមែនជាកិច្ចសន្យាទិញ-លក់ធម្មតាឡើយ ប៉ុន្តែវាជាកិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាល ដែលមានចងភ្ជាប់នូវលក្ខខណ្ឌសំខាន់ៗ។

  បើនិយាយត្រឹមលក្ខខណ្ឌនៃការប្រើប្រាស់ កិច្ចព្រមព្រៀងនោះ បានចងថា ប្រសិនបើថៃ យកយន្តហោះនេះទៅប្រើប្រាស់ក្នុងសកម្មភាពដែលរំលោភលើច្បាប់អន្តរជាតិធ្ងន់ធ្ងរ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានសិទ្ធិកាត់ផ្ដាច់ការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលធ្វើឲ្យយន្តហោះ មិនអាចហោះហើរបាន។ ក្នុងនោះដែរ ទោះបីផលិតដោយក្រុមហ៊ុន KAI របស់កូរ៉េខាងត្បូង ប៉ុន្តែគ្រឿងបន្លាស់ស្នូលជាង ៥០% ទៅ ៦០% គឺជាបច្ចេកវិទ្យារបស់អាមេរិក។ ដូច្នេះក្នុងករណីថៃ យក T50 វាយប្រហារទៅលើប្រទេសជិតខាង ដោយគ្មានមូលហេតុច្បាស់លាស់ ឬមិនមែនជាការការពារខ្លួនតាមច្បាប់អង្គការសហប្រជាជាតិទេនោះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានសិទ្ធិអនុវត្តវិធានការកាត់ផ្ដាច់ ។ ជាមួយនេះ របៀបនៃការកាត់ផ្ដាច់ បើកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក បិទប្រព័ន្ធ Software មិនព្រមឲ្យ Update និងបើកសោរសុវត្ថិភាពនោះ យន្តហោះ អាចហោះបានតែល្អមើលប៉ុណ្ណោះ តែមិនអាចប្រើអាវុធទំនើប ឬរ៉ាដាបានឡើយ។ លើសពីនេះ ក្រុមហ៊ុន KAI តែងតែមានអ្នកជំនាញប្រចាំការនៅថៃ។ បើមានបញ្ហា គេនឹងដកអ្នកជំនាញទាំងនោះចេញភ្លាមៗ ។

  គួរកត់សម្គាល់ថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានប្រើយន្តហោះចម្បាំង ៣ប្រភេទផ្សេងគ្នា ឈ្លានពានលើដែនអាកាសកម្ពុជា។ ដំបូងឡើយ ថៃ ប្រើយន្តហោះ F-16 ដែលទិញពីអាមេរិក ហើយបន្តមកទៀត ប្រើ Gripen ដែលទិញពីស៊ុយអែត និងពេលចុងក្រោយនេះ ប្រើយន្តហោះ T50 ដែលបានទិញកូរ៉េខាងត្បូង ៕ កុលបុត្រ

RELATED ARTICLES