Tuesday, December 30, 2025
Homeទេសចរណ៍ឆ្លងឆ្នាំថ្មី ២០២៦ ផ្លូវថ្មើរជើងចតុមុខ បើក៣ថ្ងៃ តែហាមអុជកាំជ្រួច

ឆ្លងឆ្នាំថ្មី ២០២៦ ផ្លូវថ្មើរជើងចតុមុខ បើក៣ថ្ងៃ តែហាមអុជកាំជ្រួច

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការ “ផ្លូវថ្មើរជើងចតុមុខ” រយៈពេល ០៣ថ្ងៃ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៦ ខាងមុខ តែមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ អុជកាំជ្រួចគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ឈានចូលឆ្នាំ២០២៦ នោះឡើយ។

 អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ភស្ស បានឱ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ថារដ្ឋ បាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការជាធម្មតា “ផ្លូវថ្មើរជើងចតុមុខ” រយៈពេល ០៣ថ្ងៃ គឺថ្ងៃទី៣១ ខែធ្នូ និងថ្ងៃទី១-២ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ អមដោយការដាក់តាំងលក់ផលិតផលក្នុងស្រុក ម្ហូបអាហារ និងផ្ទាំងទស្សនីយ៍ភាពសិល្បៈបុរាណ-សម័យចម្រុះជាច្រើន ខណៈរាជធានីភ្នំពេញ ត្រូវបានសារព័ត៌មាន BBC ចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយ ក្នុងចំណោមគោលដៅធំៗទាំង២០ នៅលើពិភពលោក។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបើកឱ្យដំណើរការជាធម្មតា “ផ្លូវថ្មើរជើងចតុមុខ” រយៈពេល ០៣ថ្ងៃនេះ គឺដើម្បី ជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍នៅរាជធានីភ្នំពេញ ឱ្យកាន់តែរស់រវើកស្រប ពេលដែលពិភពលោកទាំងមូល នឹងរៀបចំទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៦ នាពេលខាងមុននេះ។

ការបើកឱ្យដំណើរការជាធម្មតានូវ ផ្លូវថ្មើរជើងចតុមុខ នេះក៏ដើម្បីចូលរួមអបអរសាទរក្នុងឱកាសដែលរាជធានីភ្នំពេញ ត្រូវបានសារព័ត៌មាន BBC ចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយ ក្នុងចំណោមគោលដៅធំៗទាំង២០ នៅលើពិភពលោក ផងដែរ។

ទោះបីជាយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ អុជកាំជ្រួចគ្រប់ប្រភេទ ក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ឈានចូលឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នោះឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា ដើម្បីចូលរួមរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនដល់បងប្អូនប្រជា ពលរដ្ឋក្នុងរាជធានីភ្នំពេញ ព្រមទាំងចៀសវាងការបង្កឱ្យមាន បញ្ហាជាយថាហេតុណាមួយ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ឈានចូលឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ អុជកាំជ្រួចគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នោះទេ។រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន ស្ថាប័នឯកជន ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ ចូលរួមអនុវត្តតាមខ្លឹមសារខាងលើ។

ទន្ទឹមគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

RELATED ARTICLES