ខេត្តសៀមរាប ៖ ក្រុមគ្រួសារមួយ មានសមាជិក ៤នាក់ បានរួមដំណើរក្នុងរថយន្តតូយ៉ូតា ព្រូស ១គ្រឿង បើកបរនៅពេលយប់ ដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែជ្រុលចង្កូតធ្លាក់ចូលកសិណអង្គរ បណ្តាលឱ្យឪពុកម្តាយ រងរបួសស្រាល ចំណែកកូនតូចៗ ចំនួន២នាក់ រងរបួសធ្ងន់ ឈ្លក់ទឹកសន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តធ្លាក់ទឹកកសិណអង្គរនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចកសិណអង្គរ លើរុក្ខវិថីព្រះសីហនុ ចំណុចផ្លូវអក្សរតេ (ចំបក់កំណប់) ស្ថិតក្នុងភូមិក្រវាន់ សង្កាត់នគរធំ ក្រុងសៀមរាប។

ជនរងគ្រោះ ទាំង៤នាក់ រួមមាន ទី១-ឈ្មោះរដ្ឋ ពិសិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តី និងជាអ្នកបើកបររថយន្ត (រងរបួសស្រាល)។ ទី២-ឈ្មោះហឿង ថាវី ភេទស្រី អាយុ២៨ឆ្នាំ ជាប្រពន្ធ (រងរបួសស្រាល)។ ទី៣-ឈ្មោះ រដ្ឋ រក្សា ភេទស្រី អាយុ៥ឆ្នាំ ជាកូន (រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធរបុប្ផា សៀមរាប) និងទី៤-ឈ្មោះ រដ្ឋ ពិសាសុទ្ធ ភេទប្រុស អាយុ៣ឆ្នាំ ជាកូន (រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធរបុប្ផា សៀមរាប)។ ក្រុមគ្រួសារជនរងគ្រោះខាងលើ មានលំនៅ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បន្ទាប់ពីមានគ្រួសារមួយ មានសមាជិកចំនួន៤នាក់ គឺឪពុក ម្តាយ និងកូនតូច ២នាក់ ធ្វើដំណើរដោយរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 2C-5595 បើកបរក្នុងទិស ដៅពីត្បូង ទៅជើង លុះដល់ចំណុចផ្លូវអក្សរតេ បានរេចង្កូតធ្លាក់ចូលកសិណអង្គរវត្ត ខាងត្បូង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ។ ក្រោយកើតហេតុ រថយន្តសង្គ្រោះ បានដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។

សមត្ថកិច្ច បានឱ្យដឹងថា ករណីរថយន្តតូយ៉ូតា ព្រូស បើកធ្លាក់ចូលទឹកកសិណអង្គរ ខាងលើនេះ គឺមូលហេតុអ្នកបើកបររថយន្ត បើកលឿន ដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យមានហេតុការណ៍នេះកើតឡើង និងបង្កឱ្យឪពុកម្តាយ រងរបួសស្រាល ចំណែកកូនប្រុសស្រីតូចៗ២នាក់ រងរបួសធ្ងន់ ឈ្លក់ទឹកសន្លប់ ត្រូវបានរថ យន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ រថយន្តខាងលើ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តសៀមរាប ជាបណ្តោះអាសន្ន៕

