ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើង ចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលឃុំវាល សហការជាមួយប្រជាការពារភូមិ ធ្វើការបង្ក្រាប នាំយកទៅកោរសក់ រួចធ្វើការអប់រំណែនាំ ខណៈដែលក្រុមក្មេងទំនើងទាំងនេះធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យ និងថែមទាំងបានថតរូប និងវីដេអូយកទៅបង្ហោះចែកចាយបង្អួតក្នុងសង្គមហ្វេកប៊ុក ថែមទៀតផង។

ការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី។
ក្រុមក្មេងទំនើងទាំង៣នាក់ ដែលសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនបាន រួមមាន ទី១-ឈ្មោះស៊ីន ផាន់នី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី (ជាអ្នកបង្ហោះម៉ូតូ)។ ទី២-ឈ្មោះអុង សាងយូ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិឈើទាលជ្រុំ ឃុំវាល ស្រុកគងពិសី (អ្នកអង្គុយពីក្រោយ) និងទី៣-ឈ្មោះទេស សិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិព្រៃខ្លុង ឃុំវាល ស្រុកគងពិសី (ជាអ្នកថតបង្ហោះតាមបណ្តា ញសង្គមហ្វេកប៊ុក)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាកម្លាំងដោយលោកអធិការនគរបាលស្រុកគងពិសី នៅវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាល និងប្រជាការពារ បានធ្វើការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ត្រង់ចំណុចភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនបានចំនួន៣នាក់។

ក្រោយបង្ក្រាបនិងឃាត់ខ្លួន កម្លាំងនគរបាលដកហូតវត្ថុតាង ម៉ូតូ ចំនួន២គ្រឿង រួមមាន ១-ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KY-2040 និង២-ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ កំពង់ស្ពឺ 1AA-2347។

ក្រុមជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបានអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ចំនួន៣ចំណុច រួមមាន ទី១-កោរសក់ពុះជើងក្អែក ទី២-ធ្វើការអប់រំនិងធ្វើកិច្ចសន្យា ប្រគល់ឱ្យអាណាព្យាបាលយកទៅធ្វើការអប់រំបន្ត និងទី៣-មធ្យោបាយធ្វើសកម្មភាព (ម៉ូតូ) ត្រូវរក្សាទុកនៅអធិការដ្ឋាននគរលស្រុក រយៈពេល៣ខែ ឬស្មើចំនួន៩០ថ្ងៃ ទើបអនុញាតឱ្យយកឯកសារមកធ្វើការផ្ទៀងផ្ទាត់ ប្រគល់ឱ្យយកទៅប្រើប្រាស់វិញ៕

