ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញ ក្នុងទីតាំងចំនួន៤ ផ្សេងគ្នា ស្ថិតនៅភូមិសាស្ត្របុរីប៉េងហួត បឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង សរុបចំនួន៣២នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធីដោយលោកមុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យអមសាលាដំបូងរាជធានី ភ្នំពេញ។
នៅក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាង កុំព្យូទ័រលើតុ និងទូរស័ព្ទដៃមួយចំនួន ក្នុងនោះរកឃើញថា ជនសង្ស័យបានក្លែងខ្លួនជាសមត្ថកិច្ចនគរបាល និងរដ្ឋអាជ្ញាកូរ៉េ ដើម្បីជំរិតគំរាមទារប្រាក់ពីជនរងគ្រោះដែលជាជនជាតិកូរ៉េខាងត្បូង ដូចគ្នា។

សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣២នាក់ ខាងលើ មកសាកសួរបំភ្លឺ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងចាត់ការតាមនីតិវិធី៕