ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋសរុប ចំនួន៦ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយក្នុងនោះ ផ្ទះ៣ខ្នង ខូចខាតអស់ទាំងស្រុង ខណៈ ៣ខ្នងទៀត ខូចខាតប្រមាណ ៥០ភាគរយ និងត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ ដោយប្រើ ប្រាស់ទឹកបាញ់ពន្លត់ សរុបចំនួន៣៣ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១៥នាទីព្រលប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំង ជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជា ផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឱ្យទាន់ពេលវេលា កុំឱ្យរាលដាល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣៣គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹក អស់២១ឡាន ស្មើនឹង ៨៤ម៉ែត្រគូប រថយន្តជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង១៨ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់បុរី ប៉េង ហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យ របស់ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹក អស់៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះនរា ចំនួន១គ្រឿង ប្រើប្រាស់អស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។

សំណង់ខាងលើនេះ គឺជាប្រភេទថ្មក្រោម ឈើលើ ទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ ឆេះខូចខាតផ្ទះថ្មក្រោម ឈើលើ ចំនួន៣ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង និងឆេះផ្ទះថ្មក្រោម ឈើលើ ចំនួន ៣ខ្នង ខូចខាត ៥០ភាគរយ។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពន្លត់ចប់ នៅម៉ោង៧និង២០នាទីយប់ ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។ យ៉ាងណា ករណីខាងលើនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ៕

