ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសប្រឆាំងដាច់ខាត ចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំងប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបានដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ជាពិសេស នៅកំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ ៥២-៥៩ និងលេខ ៤២-៤៧ ដែលការណ៍នេះ បង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃ បាននិងកំពុងព្យាយាមធ្វើឱ្យខូច ដល់កិច្ចប្រឹងប្រែងកំណត់ខណ្ឌសីមាព្រំដែន ដែលកំពុងដំណើរ ការតាមរយៈការបង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ។

លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ថា “…មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដានសភាពការណ៍វិវត្តន៍នៅសមរភូមិមុខ ជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដីស្របច្បាប់។ ជាមួយគ្នានេះ ក្រសួង ក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងប្រជាពលរដ្ឋភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធ បន្តស្រង់ស្ថិតិ ពិនិត្យនិងដោះស្រាយផលប៉ះពាល់ដែលកើតមានឡើង ឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់សភាពការណ៍ទូទៅ ក្នុងខេត្តជាប់ព្រំដែន…”។
លោកទូច សុខៈ បានថ្លែងបន្តថា “ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាត ចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំងប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបានដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ជាពិសេស នៅកំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២ ដល់៥៩ និងលេខ៤២ ដល់៤៧ ដែលការណ៍នេះ បង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃ បាននិងកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខណ្ឌសីមាព្រំដែន ដែលកំពុងដំណើរការ តាមរយៈការបង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ។ សូមអំពាវនាវជនរួមជាតិ បង្កើនការគាំទ្រខាងទស្សនៈ ស្មារតី គោល ជំហរ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងទាមទារឱ្យភាគីថៃ ៖
១-បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធា ប្រកបដោយអរិភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា។
២-ដកបុគ្គលិក និងសម្ភារៈយោធាទាំងអស់ ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់។
៣-គោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក នៃប្រទេសទាំងពីរ ក្នុងការកំណត់ខណ្ឌសីមាព្រំដែន ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
៤-គោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួម ស្តីពីសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី រវាងកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥…”។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងបន្តទៀតថា “ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងស្មោះស្ម័គ្រ និងជឿជាក់ពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងយុទ្ធ សាស្ត្រការពារជាតិ និងនយោបាយការទូត ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងធម្មនុញ្ញអង្គការសហប្រជាជាតិ សូមជនរួមជាតិ ជឿជាក់លើរាជរដ្ឋាភិបាល ដែលរួបរួមស្មារតីជាតិខ្មែរតែមួយ ចៀសវាងចាញ់ឧបាយកលឃោសនា ញុះញង់ពីក្រុមជ្រុលនិយមណាមួយ ធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” ដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ត ដើម្បីធានាសន្តិភាពយូរអង្វែង ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ឱ្យខាងតែបាន។ សូមជនរួមជាតិ បន្តស្មារតីព្រលឹងខ្មែរតែមួយ ជានិរន្តរ៍តរៀងទៅ…”៕