Thursday, January 8, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា បដិសេធទាហានថៃ រឹបអូសឃ្លាំងអាវុធកម្ពុជា ក្នុងកាស៊ីណូថ្មដា

កម្ពុជា បដិសេធទាហានថៃ រឹបអូសឃ្លាំងអាវុធកម្ពុជា ក្នុងកាស៊ីណូថ្មដា

ខេត្តពោធិ៍សាត់ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសបដិសេធការផ្សាយរបស់កាសែតអនឡាញថៃ ដែលផ្សាយថ្មីៗនេះថា “ទាហានជើងទឹកថៃ រឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា” ។ ការពិតទីតាំងនោះ គឺជា “ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ច្រកផ្លូវ៥៦” ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទាំងស្រុង ដែលនេះគឺជាសកម្មភាពឆក់ប្លន់ ដែលបង្ហាញកាន់តែច្បាស់នូវការប្រើប្រាស់ច្បាប់ព្រៃ របស់រដ្ឋាភិបាល និងយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ហើយភាគីថៃ ខ្លួនឯង ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ដោយមិនអាចគេចវេះបានឡើយ។

សេចក្តីប្រកាសបដិសេធ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១០ សប្រក ចុះថ្ងៃអង្គារ ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន របស់ប្រទេសថៃ បានធ្វើការផ្សព្វផ្សាយអត្ថបទផ្ទុយពីការពិតមួយ ដែលមានខ្លឹមសារថា “…ទាហានជើងទឹកថៃ បានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជា នៅក្នុងអគារកាស៊ីណូថ្មដា» ។

 អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត របស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ និងសូមបំភ្លឺជូនមតិសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា រូបភាពនិងទីតាំងដែលបានផ្សព្វផ្សាយពីការរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជា មិនមែនស្ថិតនៅក្នុងរបស់ដែលហៅថា «បរិវេណអគារកាស៊ីណូថ្មដា» នោះទេ តែផ្ទុយទៅវិញ ទីតាំងនោះគឺជា «ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ច្រកផ្លូវ៥៦ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍ សាត់ ដែលស្ថិតក្នុងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទាំងស្រុង។

ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានបង្ហាញពីចេតនាទុច្ចរិតនិងស្មោកគ្រោក មិនអាចប្រកែកបាន ផ្ទុយពីខ្លឹមសារដែលមានចែងក្នុងចំណុច ថ នៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាថា “ភាគីទាំងពីរ ឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី» ។ លើសពីនេះទៀត ការរឹបអូសសព្វាវុធនៅក្នុងប៉ុស្តិ៍នគរបាល ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាសកម្មភាពឆក់ប្លន់ដែលបង្ហាញកាន់តែច្បាស់នូវការប្រើប្រាស់ច្បាប់ព្រៃ របស់រដ្ឋាភិបាល និងយោធាថៃ មកឈ្លានពានទឹកដីកម្ពុជា  ហើយភាគីថៃ ខ្លួនឯងត្រូវតែទទួលខុសត្រូវចំពោះមុខ ច្បាប់អន្តរជាតិ ដោយមិនអាចគេចវេះយករួចខ្លួនបានឡើយ។

ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទាត់ចោលទាំងស្រុងការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃ និងជំរុញឱ្យភាគីថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ហើយងាកមកអនុវត្តតាមខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណា ចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតីបង្កើនជំនឿទុកចិត្ត ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងគោរពគ្នាទៅវិញទៅមក“ ៕

RELATED ARTICLES