ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចរថយន្ត ១គ្រឿង បានសម្រេច ពីក្នុងបុរីលឹមឈាងហាក់ ស្ថិតនៅភូមិសាស្ត្រខណ្ឌដង្កោ រួចនាំគ្នាគេចខ្លួនបាត់រយៈពេល ១ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌដង្កោ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបចាប់ខ្លួនជនសង្ស័យសរុបចំនួន៤នាក់។

ករណីអំពើលួចរថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខផ្ទះលេខ 35B ផ្លូវលេខ 2B បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះឈឹម បូរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ។ ទី២-ឈ្មោះលី រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។ ទី៣-ឈ្មោះពៅ ពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ និងទី៤-ឈ្មោះប្រាក់ អុល ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ចំណែករថយន្តដែលក្រុមជនសង្ស័យលួចយកទៅ ម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាក លេខ ភ្នំពេញ 2BK-0148 លេខតួ JTDKB20U367081254 លេខម៉ាស៊ីន 1NZU051712 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះគ្រី រីកូ ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះលេខ 35B ផ្លូវលេខ 2B បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នង ការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះធ្វើការស្រាវជ្រាវ បង្ក្រាបបានករណីលួចរថយន្ត ១គ្រឿង ពីក្នុងបុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានឃាត់ជនសង្ស័យ ចំនួន៤នាក់ (១-ឈ្មោះឈឹម បូរ៉ា ២-ឈ្មោះលី រ៉ាវី ៣- ឈ្មោះពៅ ពេជ្រ ៤-ឈ្មោះប្រាក់ អុល) ព្រមទាំងចាប់យកវត្ថុតាង រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាក លេខ ភ្នំពេញ 2BK-0148 លេខតួ JTDKB20U367081254 លេខម៉ាស៊ីន 1NZU051712។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះគ្រី រីកូ បានទុករថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ខៀវ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2BK-0148 លេខតួ JTDKB20U367081254 លេខម៉ាស៊ីន 1NZU051712 នៅមុខផ្ទះលេខ 35B ផ្លូវលេខ 2B បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានចាក់សោទ្វាររថយន្តត្រឹមត្រូវ រួចជនរងគ្រោះបានបានចូលសម្រាកក្នុងផ្ទះ។ លុះដល់វេលាម៉ោង ៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះបានក្រោកពីដេក ចេញទៅមើលរថយន្ត ស្រាប់តែបាត់រថយន្ត ពីកន្លែងទុក ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយអន្តរាគមន៍ តែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវតាមជំនាញ ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត រហូតឈានដល់ការឃាត់ខ្លួនក្រុមជន សង្ស័យសរុបចំនួន៤នាក់ នៅវេលាម៉ោង២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។
ជនសង្ស័យទាំង៤នាក់ រួមនិងត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធី៕