Friday, January 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរអប្សរា បំភ្លឺករណីហិង្សា ទេសចរអាមេរិកកាំង និងរុស្ស៉ី

អាជ្ញាធរអប្សរា បំភ្លឺករណីហិង្សា ទេសចរអាមេរិកកាំង និងរុស្ស៉ី

ខេត្តសៀមរាបៈ អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះលើគណនី YouTube ឈ្មោះ The Country Collectors បានបង្ហោះផ្សព្វផ្សាយវីដេអូ រយៈពេល២៤នាទី ដោយបានបញ្ជាក់ថា ខ្លួនបានទទួលរងការវាយប្រហារដោយអំពើហិង្សា នៅរមណីយដ្ឋានអង្គរ នៃប្រទេសកម្ពុជា។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនដូចខាងក្រោមៈ

១- រឿងហេតុបានកើតឡើងតាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ មកម៉្លេះ។ ករណីនេះ គឺជាជម្លោះឯកជនរវាងភ្ញៀវទេសចរជនជាតិអាមេរិក ១រូប និងភ្ញៀវជនជាតិរុស្ស៊ី ១រូប ផ្សេងទៀត ដែលពុំមានពាក់ព័ន្ធជាមួយនឹងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា ទេ ដោយមូលហេតុភាគីទាំងពីរ ដណ្តើមគ្នាយកទីតាំងថតរូប និងប្រើប្រាស់ភាសាហិង្សាដាក់គ្នាទៅវិញទៅមក នៅបរិវេណខាងកើតសាលរបាំ នៃប្រាសាទតាព្រហ្ម។

២- ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះបឋមដល់ជនរងគ្រោះ និងបានបញ្ជូនទៅអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ដើម្បីសម្របសម្រួល និងដោះស្រាយគ្នា។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាបញ្ចប់បញ្ហានេះ តាំងពីថ្ងៃកើតហេតុ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដូចមានកំ​ណត់​ហេតុជូនភ្ជាប់មកជាមួយ។

៣- ភាគីទាំងពីរ បានធ្វើការសុំទោសអាជ្ញាធរពាក់ព័ន្ធ និងប្រជាជនកម្ពុជា ចំពោះបញ្ហាដែលពួកគាត់បានបង្កនេះ និងបានសម្តែងការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនៅទីតាំងប្រាសាទ ជាទីសក្ការៈរបស់កម្ពុជា។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងសូមបញ្ឈប់ការចែករំលែកវីដេអូផ្សព្វផ្សាយនេះតាមការគួរ៕/

RELATED ARTICLES