ភ្នំពេញ ៖ សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន Prince Holding Group រួមទាំងជនជាតិចិន ២នាក់ទៀត បញ្ជូនទៅប្រទេសចិន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លង ដែន ។ បន្ទាប់ពីមានការចាប់ខ្លួនអ្នកឧកញ៉ា ចេន ហ្ស៊ី អគ្គនាយកធនាគារព្រីនស៍ រូបនេះ ធនាគារជាតិ នៃកម្ពុជា (National Bank of Cambodia) បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជម្រះបញ្ជីធនាគារព្រីនស៍ ម.ក ដោយមិនអនុញ្ញាតឲ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ ប៉ុន្តែចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលមានកម្ចីប្រាក់ ត្រូវបន្ដបង់ប្រាក់ជាធម្មតា ។

សូមជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១២ សប្រក ចុះថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិន ចំនួន ៣នាក់ រួមមាន ១-ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ២-ឈ្មោះ ស៊ូ ជីលាំង (Xu Ji Liang) និង៣-ឈ្មោះ សៅ ជីហ៊ុយ (Shoa Ji Hui) បញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ ។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ជូនថា ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥ ។

ក្រោយការចាប់ខ្លួនអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន Prince Holding Group និងជាអគ្គនាយកធនាគារព្រីនស៍ នេះមក នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា (NBC) ចេញសេចក្ដីជូនដំណឹង ផ្អាកប្រតិបត្តិការធនាគារព្រីនស៍ មិនឱ្យផ្តល់សេវាធនាគារថ្មីទៀត ទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន ហើយរាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ នឹងត្រូវគ្រប់គ្រងដោយក្រមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក។

សេចក្ដីជូនដំណឹង របស់ធនាគារជាតិ នៃកម្ពុជា លេខ ឆ២៩ ០២៦ ០២៨ ស.ជ.ណ ចុះថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្ដីពីការជម្រះបញ្ជីធនាគារព្រីនស៍ ម.ក បានជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជី ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក (Morisonkak MKA audit-accounting Co., Ltd)” ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក ។ អាស្រ័យហេតុនេះ ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាក មិនឲ្យផ្ដល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្ដល់ឥណទាន ។ ក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើរាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីពេលជូនដំណឹងនេះតទៅ ។
ចំពោះអតិថិជនដែលមានប្រាក់បញ្ញើ នៅធនាគារព្រីនស៍ គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារ ដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី ។

ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត លើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា។
គួររំលឹកថា លោក ចេន ហ្ស៊ី វ័យ៣៧ឆ្នាំ គឺជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដែលបាននិងកំពុងធ្វើប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន នៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។ Prince Holding Group គឺជាក្រុមហ៊ុនធំជាងគេមួយរបស់កម្ពុជា ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ៣០ លើវិស័យអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងទំនិញ ប្រើប្រាស់ចាប់តាំងពីឆ្នាំ២០១៥ មក។ វិសាលភាពអាជីវកម្មរបស់ Prince Holding Group គ្របដណ្តប់យ៉ាងទូលំទូលាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលមានទឹកប្រាក់វិនិយោគក្នុងវិស័យអចលនទ្រព្យ ចំនួន ២ពាន់លានដុល្លារ រួមទាំងផ្សារទំនើបដ៏ធំមួយ នៅក្នុងរាជធានីភ្នំពេញ គឺព្រីនស៍ផ្លាហ្សា។
លោក ចេន ហ្ស៊ី ទទួលបានសញ្ជាតិខ្មែរ តាមរយៈសញ្ជាតិតូបនីយកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ បន្ទាប់ពីមករកស៊ីនៅកម្ពុជា បាន ៤ឆ្នាំ ហើយក្រោយមក លោកបានបង្កើតក្រុមហ៊ុនអចលនទ្រព្យដំបូង របស់លោក ស្ថិតក្នុងរាជធានីភ្នំពេញ រហូតដល់ឆ្នាំ២០១៥ លោកបានក្លាយជាស្ថាបនិកក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលរកស៊ីខាងវិស័យអចលនទ្រព្យ ផ្សារទំនើប ធនាគារ និងវិស័យជាច្រើនទៀត។ ស្លាកយីហោរបស់ក្រុមហ៊ុនលោក ត្រូវបានប្រទះឃើញមានស្ទើរគ្រប់ទីកន្លែង នៅតាមដងផ្លូវនានា ក្នុងក្រុងជាច្រើន នៅកម្ពុជា។ លោក ចេន ហ្ស៊ី បានទទួលគោរមងារជាឧកញ៉ា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ មុននឹងត្រូវបានដំឡើងគោរមងារជាអ្នកឧកញ៉ា នៅឆ្នាំ២០២០។ បន្ទាប់ពីទទួលបានយសខ្ពស់លំដាប់ទី២ នៅក្នុងគោរមងារឧកញ៉ា ហើយនោះ លោក ចេន ហ្ស៊ី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេច ស ខេង នៅឆ្នាំ២០១៩ ជាទីប្រឹក្សារបស់អតីតប្រធានរដ្ឋសភា សម្ដេច ហេង សំរិន និងជាទីប្រឹក្សាសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២០ ។

មុនពេលត្រូវបានចាប់ខ្លួននៅកម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក ចេន ហ្ស៊ី ត្រូវបានអាមេរិក និងចក្រភពអង់គ្លេស នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ រួមគ្នាដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនព្រីនស៍ របស់លោក ក្រោយរកឃើញថា បុគ្គលរូបនេះ ជាបណ្តាញឧក្រិដ្ឋកម្មឆបោកខ្នាតអន្តរជាតិ លួចលុយរាប់ពាន់លានដុល្លារ ពីជនរងគ្រោះជុំវិញពិភពលោក ។ ក្នុងនោះ រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យ សម្បត្តិរបស់លោក ចេន ហ្ស៊ី ពាក់ព័ន្ធនឹងការបើកទីតាំងឆបោកអនឡាញ ជាច្រើនកន្លែង នៅក្នុងប្រទេសកម្ពុជា ហើយបានលួចលុយពីពលរដ្ឋស្លូតត្រង់នៃចក្រភពអង់គ្លេស និងជាប់ពាក់ព័ន្ធការជួញដូរមនុស្ស និងការធ្វើទារុណកម្ម។ រដ្ឋាភិបាលអង់គ្លេស បានចោទលោក ចេន ហ្ស៊ី គឺជាមេបណ្ដាញក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ និងបក្ខពួក កំពុងបើកអាជីវកម្មជាច្រើនកន្លែងនៅក្នុងប្រទេសអង់គ្លេស រួមទាំងការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ ក្នុងទីក្រុងឡុងដ៍ (London) ការកាន់កាប់ភូមិគ្រឹះ មួយកន្លែង ដែលមានតម្លៃ ១២លានផោន មានអគារការិយាល័យតម្លៃ ១០០លានផោន រួមទាំងផ្ទះល្វែង ចំនួន១៧ផ្សេងទៀត ៕ កុលបុត្រ