Sunday, January 11, 2026
Homeនយោបាយអ្នកជំនាញថា តតាំងសត្រូវឈ្លានពាន ត្រូវការសាមគ្គីជាតិរឹងមាំ មានយុត្តិធម៌សង្គម

អ្នកជំនាញថា តតាំងសត្រូវឈ្លានពាន ត្រូវការសាមគ្គីជាតិរឹងមាំ មានយុត្តិធម៌សង្គម

ភ្នំពេញ ៖ អ្នកជំនាញ បានលើកឡើងថា នៅក្នុងការតតាំងនឹងសត្រូវឈ្លានពាន ត្រូវការសាមគ្គីជាតិរឹងមាំ និងត្រូវការកែទម្រង់ប្រព័ន្ធយុត្តិធម៌ប្រាកដនិយម គឺធ្វើឲ្យឃើញលទ្ធផលជាក់ស្ដែង កុំកែទម្រង់គ្រាន់តែជាសារន យោបាយ មាននៅក្នុងគោលនយោបាយ ឬនៅលើក្រដាស ។ ជាពិសេស បើមានការបែងចែក ឬបង្កើតនូវភាពអយុត្តិធម៌នៅក្នុងសង្គម ឬសង្គមមិនមែនជារបស់ទាំងអស់គ្នា ប៉ុន្តែជារបស់ក្រុម ឬក៏បក្ខពួកណាមួយ ដែលក្រុម ដទៃទៀត ត្រូវបានផាត់ចេញពីសង្គម មិនទទួលបានអត្ថប្រយោជន៍ពីសង្គម នោះវាពិបាកក្នុងការបង្កើតឲ្យមានស្មារតីសាមគ្គីជាតិរួម ។

 អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ បានបញ្ជាក់ប្រាប់  “នគរធំ” នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ថា ពេលនេះកម្ពុជា ត្រូវការសាមគ្គីភាព ដើម្បីភាពរឹងមាំនៃប្រទេស និងប្រជាជាតិ ដើម្បីតទល់នឹងសត្រូវឈ្លានពាន ។ ប៉ុន្តែប្រសិនបើការរួបរួមនេះ ត្រូវប្រើរយៈពេលយូរ ហើយយើងមិនបានដោះស្រាយនូវយុត្តិធម៌សង្គម និងគម្លាតសង្គម នោះប្រជាពលរដ្ឋ សង្គមខ្មែរ នឹងបែកបាក់សាមគ្គីក្នុងខណៈពេលណាមួយ ។ ដូច្នេះយើងត្រូវការកែទម្រង់ឲ្យមានភាពប្រាកដនិយម មានន័យថា ធ្វើឲ្យឃើញលទ្ធផលជាក់ស្ដែង កុំឲ្យកែទម្រង់គ្រាន់តែជាសារនយោបាយ គ្រាន់តែមាននៅក្នុងគោលនយោ បាយ មាននៅលើក្រដាស ។

 លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “ចំណុចគន្លឹះសំខាន់នៃកំណែទម្រង់នៅក្នុងប្រទេសកម្ពុជា គឺគន្លឹះទី១ យុត្តិធម៌សង្គម និងប្រព័ន្ធយុត្តិធម៌ ។ នេះជាចំណុចសំខាន់ណាស់ ដើម្បីកុំឲ្យប្រជាពលរដ្ឋទទួលរងទុក្ខបុកម្នេញ និងសោកសង្រេង ដោយសារតែប្រព័ន្ធយុត្តិធម៌ ដោយសារតែអយុតិ្តធម៌សង្គម ដែលធ្វើឲ្យមានគម្លាតសង្គម និងការអនុវត្តច្បាប់ មានស្ដង់ដារផ្សេងៗគ្នា ដូចដែលយើងធ្លាប់ឃើញកន្លងទៅហ្នឹងហើយ ដែលធ្វើឲ្យសង្គម អាចឈានទៅដល់ការបែកបាក់សាមគ្គី ។ ពេលនេះកម្ពុជា ត្រូវការសាមគ្គីភាព ដើម្បីភាពរឹងមាំនៃប្រ ទេស នៃប្រជាជាតិ ដើម្បីតទល់នឹងសត្រូវឈ្លានពាន ។ អ៊ីចឹងប្រសិនបើការរួបរួមនេះ ត្រូវប្រើរយៈពេលយូរ ហើយយើងអត់បានដោះស្រាយនូវយុត្តិធម៌សង្គម និងគម្លាតសង្គមនេះទេ ប្រជាពលរដ្ឋ សង្គមខ្មែរ នឹងបែកបាក់សាមគ្គី ក្នុងខណៈពេលណាមួយ” ។

 លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្តថា “យើងត្រូវការកែទម្រង់ឲ្យមានភាពប្រាកដនិយម មានន័យថា ឲ្យឃើញលទ្ធផលជាក់ស្ដែង កុំឲ្យកែទម្រង់គ្រាន់តែជាសារនយោបាយ គ្រាន់តែមាននៅក្នុងគោលនយោ បាយ នៅក្នុងក្រដាស ។ អ៊ីចឹងកែទម្រង់ឲ្យប្រជាពលរដ្ឋទទួលផលជាក់ស្ដែងនៃកំណែទម្រង់ហ្នឹង គឺយើងអនុវត្តដូចៗគ្នានៅក្នុងការគោរពច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យ ។ អ៊ីចឹងអាហ្នឹងទើបបាន ហើយប្រសិនបើការអនុ វត្តច្បាប់មានការរើសអើង ប្រជាពលរដ្ឋមិនអាចទទួលបានកំណែទម្រង់ជាក់ស្ដែងទេ ដូចខ្ញុំនិយាយខាងដើមអ៊ីចឹង ប្រព័ន្ធយុត្តិធម៌នេះ ដើរតួនាទីសំខាន់ណាស់សម្រាប់ភាពរឹងមាំនៃសង្គម ក្រៅពីកំណែទម្រង់ផ្សេងៗទៀត ប្រព័ន្ធយុត្តិធម៌នេះ ដើរតួនាទីសំខាន់ ។ អ៊ីចឹងហើយ យើងត្រូវឲ្យមានកំណែទម្រង់ជាក់ស្ដែង ដែលប្រជាពលរដ្ឋអាចទទួលបានផល ហើយមានភាពកក់ក្ដៅនៅក្នុងប្រព័ន្ធរដ្ឋ ដែលយើងហៅថា នីតិរដ្ឋហ្នឹង ឲ្យទទួលយកបានទាំងអស់គ្នា ។ ប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ប្រព័ន្ធរដ្ឋបាល ប្រព័ន្ធច្បាប់រឹងមាំ ប្រទេសហ្នឹងមានសុខដុម មានការអភិវឌ្ឍលឿន ប្រជាពលរដ្ឋមានទំនុកចិត្តនៅក្នុងការប្រកបផលរបរទាំងឡាយ អាហ្នឹងវាអ៊ីចឹង“ ។

 ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ថា ដើម្បីឲ្យមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ទាល់តែមានការគ្រប់គ្រង ដឹកនាំដែលផ្ដោតទៅលើនីតិរដ្ឋ ដោយផ្ដល់នូវយុត្តិធម៌ តម្លាភាព សមភាព គុណធម៌ សីលធម៌នៅក្នុងការរស់នៅនិងធ្វើការជាមួយគ្នាផងដែរ ។ បើមានការបែងចែក ឬបង្កើតនូវភាពអយុត្តិធម៌នៅក្នុងសង្គម ឬសង្គមមិនមែនជារបស់ទាំងអស់គ្នា ប៉ុន្តែជារបស់ក្រុមឬក៏បក្ខពួកណាមួយ ដែលក្រុមដទៃទៀតត្រូវបានផាត់ចេញពីសង្គម មិនទទួលបានអត្ថប្រយោជន៍ពីអ្វីដែលសង្គមកំពុងតែមាននោះ វាពិ បាកនៅក្នុងបង្កើតឲ្យមានស្មារតីសាមគ្គីជាតិតែមួយណាស់ ។ អ្វីដែលសំខាន់ដូចគ្នានេះដែរ ដើម្បីកែទម្រង់ពាក់ព័ន្ធយុត្តិធម៌ប្រាកដនិយមបាន វាទាល់ទាំងអស់គ្នា ត្រូវធ្វើឲ្យលើសពីនិយាយ លើសពីការប្រកាស លើសពីវោហារសាស្រ្តនយោបាយ ស្មារតីស្នេហាជាតិ រួបរួមជាតិ សាមគ្គីភាព អភិវឌ្ឍ ធ្វើឲ្យខ្មែរខ្លាំង គឺកុំគ្រាន់តែនិយាយហើយចោល ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! ជាការពិត គឺប្រជាជាតិមួយរីកចម្រើនរុងរឿងហ្នឹង គឺវាអាស្រ័យទៅលើប្រជាជាតិហ្នឹង មានប្រជាពលរដ្ឋច្រើនដែលមានស្មារតីរឹងមាំ មានមនសិការជាតិខ្ពស់ មាន ការស្រលាញ់ ឬក៏យើងហៅថា សេចក្ដីស្នេហាជាតិហ្នឹងខ្ពស់ដែរ ។ ខ្ញុំមិនសូវជាឲ្យតម្លៃទៅលើពាក្យ “ជាតិនិយម” ទេ ពីព្រោះពាក្យជាតិនិយមហ្នឹង វាច្រើនតែធ្វើឲ្យវាជ្រុល ។ ខ្ញុំឲ្យតម្លៃទៅលើពាក្យ ឬក៏ស្មារតីបែបស្នេហា ជាតិវិញ ពីព្រោះនៅក្នុងន័យទូទៅ កាលណាយើងនិយាយជាតិនិយម គឺយើងស្រលាញ់ជាតិយើងមួយ គិតថាជាតិយើងហ្នឹងវាអស្ចារ្យជាងគេ ជាតិមួយហ្នឹងវាអស្ចារ្យជាងគេ ហើយជាតិដទៃទៀតហ្នឹងវាអន់ថយ ។ ប៉ុន្តែស្មារតីបែបស្នេហាជាតិនិយមវិញ គឺស្រលាញ់ជាតិយើង ហើយយើងក៏មិនទៅមើលងាយ មើលស្រាលជាតិដទៃដែរ យើងគិតថាជាតិយើងល្អ មានកន្លែងល្អ ជាតិគេក៏មានកន្លែងល្អ ក៏មានកន្លែងអន់ ហើយយើងព្យាយាមថែរក្សាការពារនិងអភិវឌ្ឍអ្វីដែលជារបស់ជាតិយើងហ្នឹងឲ្យបានខ្លាំង ជាជាងយើងទៅស្អប់ ឬក៏យើងទៅមើលស្រាលជាតិដទៃ ហើយនៅក្នុងស្ថានភាពដែលជាតិមួយកំពុងប្រឈមមុខទៅនឹងការយាយី ការឈ្លានពានពីបរទេស ដូចជាករណីកម្ពុជា ដែលកំពុងតែប្រឈមមុខជាមួយនឹងសង្រ្គាមឈ្លានពានរបស់ថៃ នេះវាជាការពិត គឺកម្លាំងសាមគ្គី ការប្រមូលផ្ដុំទាំងស្មារតី ទាំងសម្ភារៈ និងធនធានដទៃទៀតរួមគ្នា ដើម្បីទប់ទល់សត្រូវពីក្រៅហ្នឹង គឺជារឿងចាំបាច់ហើយ ពីព្រោះប្រសិនបើពេលដែលយើងកំពុងតែប្រឈមមុខជាមួយនឹងសត្រូវឈ្លានពានពីក្រៅ តែនៅខាងក្នុងនេះ ក៏យើងបែកបាក់គ្នា ឬក៏យើងនិយាយភាសាសាមញ្ញថា យើងបង្កសមរភូមិនៅខាងក្នុង ហើយខាងក្រៅហ្នឹងក៏មានការឈ្លានពាន ពេលនោះគឺយើងនឹងបែកខ្ញែកគ្នា បាត់បង់ទាំងស្មារតី បាក់ទាំងកម្លាំង ខ្វះទាំងធនធាន ពីព្រោះយើងត្រូវប្រឈមមុខជាមួយនឹងសមរភូមិទាំងក្នុង ទាំងក្រៅ ហើយនេះវាជារឿងចាំបាច់ ដែលខ្មែរ ឬគ្រប់និន្នាការនយោបាយ ឬក៏មនោគមន៍វិជ្ជា ត្រូវតែទម្លាក់ភាពខុសគ្នាខាងផ្នែកនយោបាយ ឬក៏ទស្សនៈទុកមួយដុំសិន ដោយធ្វើម៉េចរួបរួមគ្នាជាកម្លាំង ដើម្បីទប់ទល់ជាមួយសត្រូវឈ្លានពានពីក្រៅ ដើម្បីថែរក្សាការពារជាតិរបស់យើង ពីព្រោះកាលណាជាតិ បាត់ទៅ យើងក៏គ្មានកន្លែងដើម្បីនឹងតតាំង ឬក៏ប្រកួតប្រជែងគ្នាខាងផ្នែកនយោបាយ ឬក៏សកម្មភាពអីផ្សេងៗខាងផ្នែកនយោបាយ ឬក៏សកម្មភាពអីផ្សេងៗជាដើម»។

លោកបណ្ឌិត ប៉ា ចន្ទរឿន បន្តថា «សំខាន់នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់ ឬការឈ្លានពានពីក្រៅ ត្រូវតែរួមគ្នាបានទៅជាកម្លាំង កាលណាយើងរួមគ្នាទៅ យើងនឹងមានឥទ្ធិពល យើងនឹងមានថាមពលខ្ពស់នៅក្នុងការត តាំងសត្រូវ ។ ប៉ុន្តែនៅក្នុងការរួបរួមសាមគ្គីគ្នាហ្នឹង កុំឲ្យធ្វើលក្ខណៈជាភ្លើងចំបើង ពីព្រោះរួមគ្នាគា្រន់តែមួយភ្លើងចំបើង តែមួយឆាវទៅហ្នឹង គ្រោះថ្នាក់ជាងការបែកបាក់គ្នាទៀត ពីព្រោះការរួមគ្នាជាភ្លើងចំបើងហ្នឹង វាខ្វះទឹកបន្សារសង្គម គឺវាធ្វើឲ្យសង្គមហ្នឹងវាមិនរឹងមាំបានយូរទេ ហើយវាកាន់តែរង្គោះរង្គើទៅទៀត ។ ដូច្នេះហើយដើម្បីឲ្យមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំហ្នឹង វាទាល់តែមានការគ្រប់គ្រង ការដឹកនាំដែលផ្ដោតទៅលើនីតិរដ្ឋ ដោយផ្ដល់នូវយុត្តិធម៌ តម្លាភាព សមភាព គុណធម៌ និងជាពិសេសគឺសីលធម៌នៅក្នុងការរស់នៅនិងធ្វើការជាមួយគ្នាផងដែរ ។ កាលណាយើងមានការបែងចែកឬបង្កើតនូវភាពអយុត្តិធម៌នៅក្នុងសង្គម សង្គមមិនមែនជារបស់ទាំងអស់គ្នា ប៉ុន្តែជារបស់ក្រុមឬក៏បក្ខពួកណាមួយ ដែលក្រុមដទៃទៀតត្រូវបានផាត់ចេញពីសង្គម មិនទទួលបានអត្ថប្រយោជន៍ពីអ្វីដែលសង្គមកំពុងតែមានហ្នឹង អាហ្នឹងវាពិបាកនៅក្នុងបង្កើតឲ្យមានស្មារតីសាមគ្គីជាតិតែមួយណាស់ ។ ដូច្នេះហើយការដឹកនាំ ការគ្រប់គ្រងឈរនៅលើច្បាប់ជាធំ ហើយច្បាប់ខ្ពស់ជាងនរណាៗទាំងអស់ ការដឹកនាំដែលមានគុណតម្លៃ មានចក្ខុវិស័យ មានភាពស្អាតស្អំ បើសិនជាយើងចេះតែអំពាវនាវឲ្យមានការសាមគ្គី។ ប៉ុន្តែបើសិនជានៅក្នុងក្រុមសាមគ្គីដែលកំពុងតែអំពាវនាវហ្នឹង មានអំពើពុករលួយ អាហ្នឹងក៏យើងឲ្យគេយកឈើល្អ មកផ្អោបជាមួយនឹងឈើពុក អ៊ីចឹងដែរ យូរទៅវាផុយស្រួយទាំងអស់គ្នា វាមិនត្រឹមតែមិនអាចជួយបានទេ វាធ្វើឲ្យអន្តរាយទាំងអស់គ្នា »។

លោកបណ្ឌិត ប៉ា ចន្ទរឿន បន្តថា «ដូច្នេះសាមគ្គីដែលរឹងមាំ គឺសាមគ្គីដែលឈរនៅលើគុណតម្លៃ សាមគ្គីដែលឈរនៅលើសីលធម៌ សាមគ្គីដែលឈរនៅលើនីតិរដ្ឋ និងយុត្តិធម៌សង្គម អាហ្នឹងបានសាមគ្គីហ្នឹងវារឹងមាំ ហើយជាពិសេសគឺសម្រាប់ស្រុកខ្មែរយើងហ្នឹង យើងឃើញក្នុងរយៈពេលប៉ុន្មានខែ តាំងពីខែ៧ មកហ្នឹង ពេលដែលយើងប្រឈមជាមួយនឹងការឈ្លានពានពីប្រទេសសៀម មកហ្នឹង គឺមានការលើកជជែករកវិធីដើម្បីធ្វើឲ្យខ្មែរខ្លាំង ហើយសម្រាប់ខ្ញុំកត្តាចម្បងមួយ ដើម្បីឲ្យខ្មែរខ្លាំង គឺត្រូវតែកាត់បន្ថយ លុបបំបាត់អំពើពុករលួយ ពីព្រោះអំពើពុករលួយហ្នឹង វាចាក់ឫស វាធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធសង្គម វាធ្វើឲ្យស្មារតីមនសិការជាតិហ្នឹង វាពុកផុយអស់ ហើយកាលណាអំពើពុករលួយហ្នឹង វាពុករលួយទាំងស្មារតី ទាំងសម្ភារៈ មានន័យថា ទាំងចិត្តគំនិតហ្នឹងវាមិនស្មោះត្រង់ មិនល្អ ការធ្វើកិច្ចការងារប្រចាំថ្ងៃហ្នឹង វាមិនសុចរិត អាហ្នឹងជាអំពើពុករលួយដែលសុទ្ធតែជាដើមចមដែលធ្វើឲ្យសង្គមមួយពុកផុយ ហើយយើងមើលជាក់ស្ដែង គឺមិនបាច់ទៅមើលដល់អាមេរិក ឬក៏អូស្រ្តាលី ឬក៏ប្រទេសអង់គ្លេស អីទេ មើលតែសាំងហ្គាពួរ នៅក្បែរយើងនេះ គឺពេលដែល លី ក្វាន់យូ គាត់ចាប់ផ្ដើមដឹកនាំកសាងប្រទេសគាត់មកហ្នឹង គឺអ្វីដែលគាត់ពង្រឹងខ្លាំងជាងគេហ្នឹង គឺវិស័យអប់រំ ទី២ គឺវិស័យគ្រប់គ្រងរដ្ឋបាលសាធារណៈ ដោយជ្រើសរើសមន្រ្តីដែលមានទាំងសមត្ថភាពខ្ពស់ មានមនសិការខ្ពស់ ហើយនិងមានភាពស្អាតស្អំ ដោយឲ្យប្រាក់ខែ ឲ្យប្រាក់កម្រៃ ទៅមន្រ្តីទាំងអស់ហ្នឹងខ្ពស់ ដែលគេអាចរស់បានស្រួល រស់មានសេចក្ដីថ្លៃថ្នូរ ។ ដូច្នេះគេមិនពុករលួយទេ ហើយបើមានអ្នកពុករលួយ គឺចាប់ដាក់ទោស គ្មានត្រាប្រណី គ្មានលើកលែងអីទេ និងទី៣ គឺការវិនិយោគទៅលើសេដ្ឋកិច្ចនិងបច្ចេកវិទ្យា ។ អ៊ីចឹងការបណ្ដុះស្មារតីស្នេហាជាតិនិយមហ្នឹងជារឿងចាំបាច់ ការជំរុញឲ្យមានការសាមគ្គីភាពហ្នឹង វាជារឿងត្រឹមត្រូវ ប៉ុន្តែអ្វីដែលត្រូវធ្វើបន្តទៀតនោះ គឺត្រូវធ្វើម៉េចបង្កបង្កើតបរិយាកាសនៅក្នុងសង្គមហ្នឹង ឲ្យវាក្លាយទៅជាសង្គមមួយរបស់ទាំងអស់គ្នា ទាំងអស់គ្នាអាចទទួលបានផលប្រយោជន៍ពីការរីកចម្រើនសង្គម ទាំងអស់គ្នាមានសិទ្ធិ មានសេរីភាពនៅក្នុងការនិយាយស្ដី បញ្ចេញមតិ ចូលរួមចំណែកទាំងការឆ្លុះបញ្ចាំង ក៏ដូចជាការធ្វើសកម្មភាពទាំងឡាយ ដើម្បីប្រែក្លាយសង្គមហ្នឹង ឲ្យវាមានការផ្លាស់ប្ដូរជាវិជ្ជមាន និងរឹងមាំ ។ អាហ្នឹងទើបជាមូលដ្ឋានគ្រឹះនៃសាមគ្គីជាតិបាន ដែលនៅស្ថិតស្ថេររឹងមាំ“ ។

 លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “សង្គមយើង យើងមានបញ្ហាច្រើន ទាក់ទងរឿងយុត្តិធម៌ ទាំងយុត្តិធម៌សង្គម ទាំងក្នុងការបែងចែកធនធានពីការអភិវឌ្ឍន៍ ក៏ដូចជាការផ្ដល់ឱកាសល់ពលរដ្ឋគ្រប់គ្នានៅក្នុងសង្គម និងយុត្តិធម៌នៅក្នុងរឿងក្ដីក្ដាំតាមប្រព័ន្ធតុលាការ ចំពោះវិវាទទាំងឡាយដែលកើតមាន យើងឃើញមានសម្រែកស្រែករកយុត្តិធម៌ហ្នឹង មានរាល់ថ្ងៃ ។ ជាការពិត គឺនៅក្នុងអាណត្តិថ្មីនេះ ក៏ដូចជាកាលពីចុងអាណត្តិមុនហ្នឹងមានការផ្លាស់ប្ដូរខ្លះ ហើយប្រព័ន្ធយុត្តិធម៌ ឃើញមានការកែទម្រង់ការដោះស្រាយរឿងបណ្ដឹងដែលនៅសេសសល់ ក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីយុត្តិធម៌ថ្មីហ្នឹង ឃើញមានការផ្លាស់ប្ដូរច្រើន ក៏ប៉ុន្តែក៏នៅមានបញ្ហាច្រើនទៀតដែលត្រូវយកចិត្តទុកដាក់កែទម្រង់ និងដោះស្រាយ ដើម្បីផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ។ ជាពិសេសរឿងអយុត្តិធម៌ទាក់ទងនឹងរឿងការចាប់ខ្លួន ការរឹតត្បិតសិទ្ធិសេរីភាព ការដាក់ទោសទណ្ឌអ្នកទោសមនសិការ ការបន្តឃុំខ្លួនអ្នកទោសមនសិការ មានសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស បរិស្ថាន សកម្មជនសង្គម អីជាដើម នៅមិនទាន់ឃើញមានការដោះលែង ឬក៏បន្ធូរបន្ថយនៅឡើយទេ ។ ដូច្នេះដើម្បីធ្វើឲ្យសាមគ្គីភាព ឬក៏ប្រជាពលរដ្ឋនៅក្នុងសង្គមហ្នឹង មានការស្ងប់ចិត្ត ហើយទាំងអស់គ្នាមានឱកាសនៅក្នុងការចូលរួមកសាងនិងការពារជាតិហ្នឹង វាទាល់តែយើងបើកឲ្យមានសិទ្ធិសេរីភាព ឬក៏បន្ធូរបន្ថយ និងដោះលែងអ្នកទោសទាំងឡាយដែលគេហៅថា ជាអ្នកទោសមនសិការ កំពុងតែត្រូវបានឃុំខ្លួននាពេលបច្ចុ ប្បន្ន និងចំណុចមួយទៀតដែលកម្ពុជា ត្រូវតែដោះស្រាយ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ដែរនោះ គឺបំបាត់អំពើ ពុករលួយនៅក្នុងការធ្វើជំនួញអាជីវកម្ម ដែលយើងឃើញកន្លងមក មានរឿងអាស្រូវទាក់ទងនឹងរឿងស្កេម (scame) ការឆបោកអនឡាញ ដែលសព្វថ្ងៃនេះ ក៏ជាបញ្ហាស្នូលមួយ ដែលធ្វើឲ្យប៉ះពាល់ទៅដល់ទាំងសុវត្ថិ ភាព ក៏ដូចស្ថិរភាព និងសាមគ្គីភាពនៅក្នុងស្រុកយើងផងដែរ ។ បើពិនិត្យជារួម ជាការពិត គឺរឿងការបោក ប្រាស់អនឡាញនេះ វាមានភាពស្មុគស្មាញ វាមានការប្រទាក់ក្រឡាគ្នាទាំងក្នុងប្រទេស ទាំងក្រៅប្រទេស វាមានភាពស្មុគស្មាញនៅក្នុងការដោះស្រាយ ។ ប៉ុន្តែបើសិនមានឆន្ទៈនយោបាយពិតប្រាកដ នៅក្នុងការលុបបំបាត់ គឺខ្ញុំជឿថា មិនយូរទេ ច្បាស់ជាអាចដោះស្រាយបញ្ហានេះបាន ហើយការលុបបំបាត់នូវរឿងអាស្រូវទាក់ ទងនឹងរឿងការឆបោកអនឡាញ ដែលភាគច្រើនទទួលផលតែមនុស្សមួយចំនួនតូចដែលជាអ្នកពាក់ព័ន្ធនឹងរឿងហ្នឹង ប៉ុន្តែប្រជាពលរដ្ឋភាគច្រើន មួយនគរ មិនបានផល គឺរងគ្រោះដោយសារតែរឿងអាស្រូវទាក់ទងការឆបោកអនឡាញនេះ ហើយយើងឃើញមានការផ្លាស់ប្ដូរជាវិជ្ជមាន កាលពីម្សិលម៉្ងៃ មានការចាប់ខ្លួនលោក ចេន ហ្ស៊ី ដែលគេស្គាល់ថា ជាមេខ្លោងធំនៃសកម្មភាពឆបោកទាំងនៅស្រុកខ្មែរ និងនៅក្នុងពិភពលោកហ្នឹង ក៏ជាការវិវត្តថ្មីមួយ

ហៅថាជាជំហាននៃការផ្លាស់ប្ដូរជាវិជ្ជមានមួយ ដែលក្នុងនាមខ្ញុំជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម មើលឃើញថា ជាជំហានធំមួយនៅក្នុងការឈានទៅរកការលុបបំបាត់និងប្រយុទ្ធប្រឆាំងនូវការឆបោកអនឡាញ ទាំងនៅកម្ពុជា និងនៅក្នុងពិភពលោកផងដែរ“ ។

  នៅពេលត្រូវសួរថា តើត្រូវធ្វើយ៉ាងណាក្នុងការកែទម្រង់ពាក់ព័ន្ធយុត្តិធម៌ប្រាកដនិយម? លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! ទាំងអស់គ្នាត្រូវតែធ្វើឲ្យលើសពីនិយាយ ធ្វើឲ្យលើសពីការប្រកាស ធ្វើឲ្យលើសពីជាវោហារសាស្រ្តនយោបាយ ស្មារតីស្នេហាជាតិ រួបរួមជាតិ សាមគ្គីភាព អភិវឌ្ឍ ធ្វើឲ្យខ្មែរខ្លាំងហ្នឹង គឺកុំគ្រាន់តែនិយាយហើយចោល គឺចាប់ផ្ដើមធ្វើពីយើងម្នាក់ទៅ ប្រជាពលរដ្ឋធម្មតា ធ្វើត្រឹមកម្រិតប្រជាពលរដ្ឋម្នាក់ មន្រ្តីរាជការមានតួនាទីកាន់តែខ្ពស់ ត្រូវតែរស់និងអនុវត្តដោយឈរទៅលើទស្សនវិជ្ជា ឈរនៅលើគោលនយោ បាយ ឬក៏ជាទស្សនវិស័យជាតិហ្នឹងឲ្យបានច្រើន ហើយធ្វើជាប្រចាំ រាប់តាំងពីការគាំទ្រផលិតផលក្នុងស្រុក ការឲ្យតម្លៃខ្មែរគ្នាឯង មានអធ្យាស្រ័យ មានខន្តីចំពោះខ្មែរគ្នាឯង ទោះបីជាមានការនិយាយបញ្ចេញមតិលើសលស់ខ្លះក្ដី ក៏កុំប្រកាន់ទោសអូសដំណើរខ្លាំងពេក ហើយត្រូវតែមានភាពម៉ឺងម៉ាត់ និងត្រូវតែដាច់ខាត និងប្រយុទ្ធប្រឆាំងចំពោះសត្រូវបរទេសឈ្លានពាន ហើយយើងត្រូវផ្លាស់ប្ដូរឥរិយាបថយើង ចំពោះប្រជាពលរដ្ឋយើងហ្នឹង ត្រូវតែមានភាពខន្តីខ្ពស់ ហើយយើងត្រូវតែខ្លាំងចំពោះសត្រូវបរទេស ដែលជាសត្រូវឈ្លានពានរបស់យើង ហើយខ្ញុំឃើញស្មារតីខ្មែរ មួយរយៈនេះ មានការកក្រើកស្ទុះភ្ញាក់ឡើង ប៉ុន្តែសុំឲ្យភ្ញាក់មែនទែន កុំឲ្យគ្រាន់តែភ្ញាក់មកទាំងមមីមមើ ហើយត្រលប់ទៅដេកបន្តទៀត ពីព្រោះដើម្បីឲ្យខ្មែរ ខ្លាំងពិតប្រាកដហ្នឹង វាទាល់តែស្មារតីសង្គមហ្នឹង វាភ្ញាក់រលឹក ហើយនាំគ្នាធ្វើអីបានធ្វើហ្នឹង នៅកន្លែងណាធ្វើអីកើត ធ្វើជាមួយអ្នកណាបាន ជាមួយអ្នកនោះអីដែលយើងមាន គឺធ្វើម៉េចឲ្យតែក្លាយទៅជាពលរដ្ឋសកម្ម »។

បណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍បន្ថែមថា «ក្នុងន័យនេះដែរ នៅក្នុងសង្គមយើងនេះ រឿងការរើសអើងជាតិសាសន៍ ដូចជាមិនមានអីជាដុំកំភួនទេ ប៉ុន្តែការរើសអើងផ្នែកនយោបាយ គឺមានខ្ពស់ ។ ដូច្នេះត្រូវកាត់ បន្ថយនិងលុបបំបាត់ការរើសអើងផ្នែកនយោបាយ ដែលអាចនាំឲ្យខ្មែរហ្នឹងចាត់ទុកគ្នាជាសត្រូវ ហើយបើចង់ឲ្យបានសាមគ្គីភាពខ្ពស់ហ្នឹង វាទាល់តែមានការផ្សះផ្សា សម្របសម្រួលគ្នា កុំចាត់ទុកខ្មែរណាជាសត្រូវ កុំចាត់ទុកខ្មែរណាដែលមានទស្សនៈ មានការយល់ឃើញ ឬក៏លើកឡើងពីបញ្ហានៅក្នុងសង្គមហ្នឹង ចាត់ទុកថាជាសត្រូវ អាហ្នឹងបានយើងអាចផ្សះផ្សា រួបរួមសាមគ្គីជាតិ និងធ្វើឲ្យសង្គមយើងរឹងមាំបាន ។ ខ្ញុំឃើញចំណុចមួយនៅក្នុងសង្គមយើង ដែលពិបាករួបរួមសាមគ្គីគ្នាហ្នឹង គឺយើងចាត់ទុកគ្នាជាសត្រូវ ក្នុងការធ្វើនយោបាយ ពីមុំនយោ បាយ ពីទស្សនៈនយោបាយ ។ ខ្មែរយើង ខ្ញុំគិតថា ជាសង្គមមួយដែលមានការអត់ឱនខ្ពស់ចំពោះបរទេស ទាំង ចិន ទាំងចាម ទាំងយួន ទាំងសៀម នៅលើទឹកដីខ្មែរហ្នឹង យើងមិនទៅរើសអើងគេទេកន្លងមក អ្នកកាន់ សាសនាណាក៏កាន់ទៅ ខ្មែរហ្នឹងមានខន្តីខ្ពស់ណាស់ អាហ្នឹងបើប្រៀបធៀបទៅនឹងបទពិសោធន៍ខ្ញុំដែលទៅរៀន ទៅរស់នៅបស្ចិមប្រទេស និងប្រទេសមួយចំនួននៅក្នុងពិភពលោកហ្នឹង ។ ប៉ុន្តែរឿងការរើសអើងគ្នាខាងផ្នែកនយោបាយហ្នឹង ខ្មែរយើងមានក្រាស់ ។ ដូច្នេះការកាត់បន្ថយនិងលុបបំបាត់នូវការរើសអើងផ្នែកនយោបាយ បក្ខពួកនយោបាយ គណបក្សនយោបាយ មនោគមន៍វិជ្ជានយោបាយហ្នឹង គឺជារឿងចាំបាច់ណាស់ បើសិនជាយើងឈរនៅលើគុណតម្លៃប្រជាធិបតេយ្យ សេរី និងគោលការណ៍សិទ្ធិមនុស្ស ខ្ញុំជឿថា យើងអាចរស់នៅជាមួយគ្នាដោយសុខដុមរមនា ។ ទោះបីជាយើងគិតខុសគ្នា មានគណបក្សនយោបាយខុសគ្នា ឬក៏ជឿតាមរបៀបមនោគមន៍វិជ្ជានយោបាយផ្សេងគ្នាក៏ដោយ ក៏យើងអាចឈរនៅលើជំហរជាតិរួមមួយដែរ“ ៕ កុលបុត្រ

RELATED ARTICLES