Thursday, January 15, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបហាងកាហ្វេ បង្កប់ល្បែង ឃាត់ខ្លួន៧នាក់

បង្ក្រាបហាងកាហ្វេ បង្កប់ល្បែង ឃាត់ខ្លួន៧នាក់

ភ្នំពេញ ៖ ទីតាំងលួចលាក់លេងល្បែងស៊ីសង នៅក្នុងហាងកាហ្វេ ១កន្លែង ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្ក្រាប ឃាត់ខ្លួនអ្នកញៀនល្បែង ចំនួន៦នាក់ និងម្ចាស់ទីតាំង ១នាក់ សរុប៧នាក់ បញ្ជូនទៅសាកសួរ។

ការបង្ក្រាបល្បែងស៊ីសងនេះ បានធ្វើឡើង កាលពីរសៀលទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

លោកជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា លោកបានចាត់ឱ្យលោក ឌន ដាវុឌ នាយករងរដ្ឋ បាលខណ្ឌ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសង មួយកន្លែង ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដោយបានដកហូតបានកុំព្យូទូ័រ ១គ្រឿង បៀ មួយហ៊ូ និងឃាត់ខ្លួនមនុស្ស៦នាក់ កំពុងប្រព្រឹត្តល្បែងស៊ីសង និងម្ចាស់ទីតាំង ១នាក់ សរុប៧នាក់។

លោកអភិបាល បានឱ្យដឹងបន្តថា ក្រុមការងារ បានធ្វើកំណត់ហេតុនិងកិច្ចសន្យាដល់បងប្អូនទាំង៧នាក់ ព្រមទាំងណែនាំឱ្យបញ្ឈប់ប្រព្រឹត្តល្បែងស៊ីសងតទៅទៀត ព្រោះអាចធ្វើឲ្យខាតបង់លុយកាក់ សម្ភារៈ ឈ្លោះគ្នា ខាតពេលវេលា បែកបាក់គ្រួសារ មានអំពើចោរកម្ម និងឈានដល់មានទោសប្រឈមមុខនឹងច្បាប់ថែមទៀតផង។

បន្ទាប់ពីបានធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលគីឡូម៉ែត្រលេខ៦ រួចមក ក៏បានអនុញ្ញាតឱ្យបងប្អូនទាំង៧នាក់ ត្រលប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ៕

RELATED ARTICLES