ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន រួចបានរេចង្កូតទៅបុកបង្គោលភ្លើង បាក់អស់ ១ដើម និងបន្តបុកចូលដល់ក្នុងផ្ទះពលរដ្ឋ បណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួនធំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CE-9282 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូង ទៅជើង ដោយល្បឿនយ៉ាងលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកសំយាបផ្ទះពលរដ្ឋ រួចបន្តទៅបុកបង្គោលភ្លើង បាក់ចំនួន១ដើម ហើយរថយន្តមិនទាន់អស់ល្បឿន បន្តទៅបុកចូលដល់ក្នុងផ្ទះពលរដ្ឋ ខូចខាតរថយន្ត ១គ្រឿង និងទ្វារផ្ទះ ២ផ្ទាំង ទើបរថយន្តទៅមុខលែងរួច ហើយសំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ភ្លាមៗនោះ ប្រជា ពលរដ្ឋបានឃាត់នារីជាអ្នកបើកបររថយន្តបង្កហេតុ ប្រគល់ឱ្យសមត្ថកិច្ច។

ក្រោយកើតហេតុ ភាគីម្ចាស់រថយន្តបង្កហេតុ ព្រមសងជាសំណងថ្លៃខូចខាតទៅលើម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង។ រីឯរថយន្ត ត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ដោយមូលហេតុបុកបង្គោលភ្លើង បាក់ចំនួន ១ដើម ជាទ្រព្យសម្បត្តិរដ្ឋ៕
