ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនជនរួមជាតិ និងសាធារណជន ជាតិ-អន្តរជាតិថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំ ដែនគោក (JBC) កម្ពុជា-ថៃ ដែលកម្ពុជា បានស្នើរៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប នោះ ត្រូវបានភាគីថៃ ឆ្លើយតបនិងស្នើលើកពេល ជាលើកទី២ ដោយលើកហេតុផល រង់ចាំនីតិវិធីផ្ទៃក្នុង ដើម្បីតែងតាំងសមាសភាពថ្មី នៃគណៈកម្មការ JBC ភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃ ថ្មី ត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតសភា នៅដើមខែកុម្ភៈ ខាងមុខ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែង ដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ IBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជា បានស្នើសាជាថ្មី ទៅភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ស្នើភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 42-47 និងបង្គោលលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លេខ : ០០២/២វ រកព សប្រព ចុះថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយស សូមជម្រាបជូនជនរួមជាតិ និងសាធារណជន ជាតិ-អន្តរ ជាតិ ទាំងអស់ ឱ្យបានជ្រាបថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលកម្ពុជា បានស្នើរៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀម រាប ត្រូវបានភាគីថៃ ឆ្លើយតបនិងស្នើលើកពេលសាជាថ្មី ជាលើកទី២ ដោយលើកហេតុផល រង់ចាំនីតិវិធី ផ្ទៃក្នុង ដើម្បីតែងតាំងសមាសភាពថ្មី នៃគណៈកម្មការ JBC ភាគីថៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃ ថ្មីត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតសភា នៅដើមខែកុម្ភៈ នាពេលខាងមុខ។
ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែង ដែលបានឯកភាពគ្នា នាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជា បានស្នើសាជាថ្មី ទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារ ដូចខាងក្រោម ៖

១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃកាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង បង្គោលលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ នឹងធ្វើការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកំណត់ពេលវេលានិងទីតាំងជាក់លាក់នៃការចុះលើដីជាក់ស្តែង។
សូមគូសបញ្ជាក់ផងដែរថា ក្រុមវាស់វែងចម្រុះ នៃភាគីទាំងពីរកម្ពុជា-ថៃ បានចាប់ផ្តើមធ្វើការវាស់វែងនិងបោះ បង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 42-47 កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 52-59 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយត្រូវបានផ្អាក កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្រ្គាមឈ្លានពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។
២- ស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរ ចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទសម ស្របណាមួយ ចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែន ចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដ ដែលភាគីទាំងពីរបានឯកភាពគ្នា។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមគូសបញ្ជាក់ឡើងវិញថា ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីបន្តចុះធ្វើការលើដីជាក់ស្តែងនេះ គឺធ្វើឡើងស្របតាមនីតិវិធីនិងបែបបទការងារ (Technical Instruction) ដែលបានឯកភាពគ្នា និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី នាពេលកន្លងមក។ ក្នុងស្មារតីនេះ នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម Anutin Charnvirakul ក៏បានលើកឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដូចមានចុះផ្សាយក្នុងសារព័ត៌មាន The Nation Thuriland ថា ៖ ក្នុងអំឡុងពេលរដ្ឋាភិបាលចាំផ្ទះ (…) កិច្ចប្រជុំរបស់គណៈកម្មការ JBC ថៃ-កម្ពុជា មិនអាចធ្វើបានទេ ដោយហេតុថា អាណត្តិរបស់ប្រធានគណៈកម្មការ JBC បានបញ្ចប់ ជាមួយនឹងអាណត្តិរបស់រដ្ឋាភិបាល ទៅហើយ។ (…) ប៉ុន្តែ ក្រុមការងារកម្រិតបច្ចេកទេស នៅបន្តអនុវត្តការងាររបស់ខ្លួនដដែល។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មី ដល់ជនរួមជាតិ និងសា ធារណជន ជាតិ-អន្តរជាតិ ទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់បំផុត ជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង តាមបណ្តោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់ មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិ សេស ការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

សេចក្តីដូចបានជម្រាបនិងបញ្ជាក់ជូនខាងលើ សូមជនរួមជាតិ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន»៕ ខៀវទុំ