Thursday, January 22, 2026
Homeនយោបាយកម្ពុជា តវ៉ាប្រឆាំងសកម្មភាពយោធាថៃ ក្នុងតំបន់ឈ្លានពានកាន់កាប់

កម្ពុជា តវ៉ាប្រឆាំងសកម្មភាពយោធាថៃ ក្នុងតំបន់ឈ្លានពានកាន់កាប់

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាផ្លូវការ ជាថ្មីម្តងទៀត ប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយសកម្មភាពទាំងនេះ បានប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងនោះរួមមាន ការតម្កល់ព្រះពុទ្ធប្បដិមា នៅលើទីតាំងបដិមាព្រះវិស្ណុ ដែលត្រូវ បានបំផ្លាញដោយយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ ការដាក់រាយកុងតឺន័រ ដើម្បីរាំងផ្លូវនៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ និងការសាងសង់លេណដ្ឋាន ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ នៅតំបន់បឹងត្រកួន ជាដើម។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លេខ ៖ បព ០៦/២០២៦ កបទ.សអ ចុះថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្តីពី «កម្ពុជា តវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងតំបន់ដែលបានកាន់កាប់» នោះ មានខ្លឹមសារទាំងស្រុងថា «ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាផ្លូវការជាថ្មីម្តងទៀត ប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពទាំងនេះ ដែលបានប៉ះពាល់ធ្ងន់ធ្ងរដល់ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បង្កឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ រួមមានដូចជា ៖

១. ការតម្កល់រូបសំណាកព្រះពុទ្ធបដិមា នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវ បានបំផ្លាញដោយមន្ត្រីយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ។

២. ការដាក់រាយកុងតឺន័រ ដើម្បីរាំងផ្លូវ នៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ។

៣. ការសាងសង់លេណដ្ឋាន ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ នៅតំបន់បឹងត្រកួន។

កម្ពុជា អំពាវនាវឱ្យប្រទេសថៃ អនុវត្តឱ្យបានពេញលេញនិងស្មោះត្រង់ នូវប្រការទាំងអស់ នៃ សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តនិងការជឿជាក់ ព្រមទាំងស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ។

កម្ពុជា បញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែន មិនត្រូវបានកែប្រែដោយប្រើកម្លាំងឡើយ»៕ ខៀវទុំ

RELATED ARTICLES