ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ក្រុមលោក សម រង្ស៊ី ស្ថាបនិករដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានប្រកាសរួមគ្នាទាមទារទឹកដីកម្ពុជា ពីថៃឈ្លានពាន មកវិញ តាមយន្តការច្បាប់អន្តរជាតិ ។ ជាពិសេស រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា របស់លោក សម រង្ស៉ី ប្រកាសថា នឹងប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាពេលខាងមុខ បន្ទាប់ពីដាក់ពាក្យប្ដឹងថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) តាមរយៈមេធាវីអន្តរជាតិ រួច។

លោក ឡុង រី អតីតតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ នៃអតីតគណបក្សសង្រ្គោះជាតិ និងជាប្រធានស្ថាប័នសន្តិសុខជាតិនិងសុវត្ថិភាពប្រជាពលរដ្ឋ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលជាសហការីលោក សម រង្ស៊ី បានប្រកាសតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “យើងរួមគ្នាបញ្ចប់សង្រ្គាម និងទាមទារទឹកដី ពីបរទេសឈ្លានពាន ប្រគល់សងកម្ពុជា វិញ តាមរយៈយន្តការច្បាប់អន្តរជាតិ“ ។

ជាមួយគ្នានេះដែរ លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ និងជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលជាសហការីជំនិតលោក សម រង្ស៊ី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ថា ទាំងរដ្ឋាភិ បាលកម្ពុជាឯករាជ្យ២៣តុលា ដឹកនាំដោយលោក សម រង្ស៊ី និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ត្រូវតែធ្វើរួមគ្នា គឺត្រូវតែប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ប៉ុន្តែមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នៅរួញរា មិនព្រមប្ដឹងថៃ ទៅកាន់ ICJ ខណៈដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹងប្ដឹងថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅខែក្រោយនេះ ព្រោះមេធាវីអន្តរជាតិ បានរៀបចំឯកសាររួចរាល់ ហើយបន្ទាប់មកទៀត នឹងប្ដឹងថៃ ទៅកាន់ ICJ បន្ថែមទៀត ។ លោកថា ការប្ដឹងនេះ ទោះបីបានលទ្ធផលឬមិនបាន វាជាឆន្ទៈក្នុងការទាមទារទឹកដីយើង តាមរយៈយន្តការអន្តរជាតិ ។

លោក អ៊ុំ សំអាន បានមានប្រសាសន៍ថា “ប្រកាសរួមគ្នាដើម្បីទាមទារទឹកដី ពីថៃឈ្លានពាន តាមរយៈយន្តការច្បាប់អន្តរជាតិហ្នឹង គឺមានសារសំខាន់ណាស់ ហើយសំខាន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹង នៅពេលដែលប្រជាពលរដ្ឋទាមទារឲ្យប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហ្នឹង ក៏ត្រូវប្រញាប់ដាក់ពាក្យប្ដឹងទៅ កុំនៅរួញរា អត់ទាន់ប្ដឹងនៅឡើយ ។ អាហ្នឹងបានបញ្ជាក់ពីការរួបរួមគ្នា ដើម្បីទាមទារទឹកដី បើសិនជាគាត់អត់ប្ដឹងផង គាត់មានឆន្ទៈឯណាទៅទាមទារទឹកដី? ការទាមទារទឹកដីហ្នឹង គឺអត់បានផលនោះទេ អត់បានប្រយោជន៍នោះទេ ។ ដូច្នេះរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នៅតែរក្សាជំហរជំរុញឲ្យការប្រកាសរួមគ្នា ដើម្បីទាមទារទឹកដីហ្នឹង ធ្វើទាំងរដ្ឋាភិបាលឯករាជ្យ២៣តុលា ធ្វើទាំងរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹង គឺត្រូវតែប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កុំនៅរួញរា មិនព្រមប្ដឹងថៃ ទៅកាន់ ICJ ហើយជំហររបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា គឺយើងនឹងប្ដឹងថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅខែក្រោយនេះ ព្រោះមេធាវីបានរៀបចំឯកសាររួចរាល់ហើយ មេធាវី រីឆាដ រ៉ូចឺរស៍ (Richard Rogers ) ហើយបន្ទាប់ពីប្ដឹងថៃ ទៅកាន់ ICC ហើយ យើងនឹងប្ដឹងថៃ ទៅកាន់ ICJ ទៀត ។ អាហ្នឹងជាជំហររបស់យើង ទោះបីបានលទ្ធផល ឬមិនបានអី អាហ្នឹងជាឆន្ទៈក្នុងការទាមទារទឹកដីយើងតាមរយៈយន្តការអន្តរជាតិ គឺប្រើយន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាហ្នឹង“ ។

គួររំលឹកថា ទាក់ទងនឹងយន្តការច្បាប់អន្តរជាតិ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដឹកនាំដោយលោក សម រង្ស៉ី បានប្រកាសពីការប្តឹងភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំពោះការឈ្លានពានរបស់ភាគីថៃ មកលើពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជា មិន បានយកសំណុំរឿងព្រំដែនកម្ពុជា-ថៃ ប្តឹងទៅកាន់តុលាការអន្តរជាតិ ។ ប៉ុន្តែក្រោយពីការប្រកាស រដ្ឋាភិ បាលកម្ពុជាឯករាជ្យ២៣តុលា បានសម្រេចរៀបចំពាក្យបណ្ដឹង ប្ដឹងថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) មុនប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ពោលគឺកាលពីចុងខែធ្នូ ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា របស់លោក សម រង្ស៉ី បានពឹងពាក់មេធាវីអន្តរជាតិ ដើម្បីដាក់ពាក្យបណ្ដឹងផ្លូវការ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលប្រព្រឹត្តដោយកងកម្លាំងថៃ ។

ដោយឡែក មកដល់ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិករដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានដឹកនាំធ្វើបាតុកម្មនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ថៃ មកលើកម្ពុជា និងជំរុញឲ្យកម្ពុជា ប្តឹងទារសំណងការខូចខាតពីថៃ ទៅតុលាការអន្តរជាតិ ផងដែរ ។

លោក សម រង្ស៊ី បានថ្លែងបញ្ជាក់នៅមុខក្រុមបាតុករដែលបានចូលរួមនៅពេលនោះថា លោកសូមអំពាវនាវ ២ចំណុច ដល់បងប្អូនជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស គឺទី១ សូមចូលរួមគាំទ្រនិងចូលរួមក្នុងយុទ្ធនាការទាមទារបញ្ចប់សង្រ្គាម និងទី២ ត្រូវតែទាមទារដណ្ដើមយកទឹកដីខ្មែរ ដែលថៃ បានឈ្លានពាន លេបត្របាក់យកដោយខុសច្បាប់នោះ មកប្រគល់សងជូនឲ្យប្រជារាស្រ្តខ្មែរវិញ ។ បន្ថែមលើនេះ លោក សម រង្ស៊ី ថាបើអ្នកដឹកនាំណា អាចបញ្ចប់សង្រ្គាម ហើយទាមទារយកទឹកដីយើងមកវិញបានដោយសន្តិវិធី យើងនឹងគាំទ្រ តែបើរដ្ឋាភិបាលណា មិនចេះបញ្ចប់សង្រ្គាម ហើយស្រលាញ់អំណាចខ្លួន ជាងអំណាចទឹកដីជាតិ បណ្ដោយឲ្យបរទេសឈ្លានពាន ប់គ្រងទឹកដីយើង ឬធ្វើឲ្យបាត់បង់ទឹកដី ត្រូវតែចុះចេញពីអំណាច ៕ កុលបុត្រ

