Monday, January 26, 2026
Homeចរាចរណ៍ឡានដឹកទំនិញហួសទ្រុង ទាក់បាក់ខ្លោងទ្វារវត្ត

ឡានដឹកទំនិញហួសទ្រុង ទាក់បាក់ខ្លោងទ្វារវត្ត

ភ្នំពេញ ៖ រថយន្តធុនធំ ១គ្រឿង ដឹកក្រណាត់សំពីងសំពោងខ្ពស់ហួសទ្រុង បានទាក់ខ្លោងទ្វារវត្តតាភេម បណ្តាលឱ្យបាក់ដាច់ត្រឹមគល់ និងជាប់ដោយតាមរថយន្ត ហើយភ្លាមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ទុក ដើម្បីដោះស្រាយគ្នា។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងវត្តតាភេម ស្ថិតនៅក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល។

រថយន្តបង្កហេតុ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 4A-9450 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ហើយក៏ពុំដឹងថាជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនណានោះដែរ ដោយដឹកទំនិញ (ក្រណាត់) ដែលបានផ្ទុកខ្ពស់ហួសទ្រុង ប្រមាណ២ម៉ែត្រ។ ខ្លោងទ្វារវត្តតាភេម ដែលរងការខូចខាតនោះ សាងសង់ពីដែក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរធ្វើដំណើរតាមផ្លូវបេតុងវត្តតាភេម ក្នុងទិសដៅពីជើង ទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដោយសារតែរថយន្តនោះដឹកសំពីងសំពោង ផ្ទុកខ្ពស់ហួសទ្រុងពេក និងខ្ពស់ជាងខ្លោងទ្វារ ទើបបណ្តាលឱ្យទាក់ខ្លោងទ្វារ បណ្តាលឱ្យបាក់ដាច់ត្រឹមគល់ ជាប់នឹងរថយន្តតែម្តង។

ភ្លាមៗនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំបូល រួមជាមួយប្រជាការពារ និងប្រជាពលរដ្ឋដែលនៅជិតនោះ នាំគ្នាឃាត់រថយន្តខាងលើទុក ដើម្បីធ្វើការដោះស្រាយ៕

RELATED ARTICLES