Thursday, January 29, 2026
Homeចរាចរណ៍LEXUS 570 បុកគូទគេ ផ្ទុះឆេះទាំងតៃកុង

LEXUS 570 បុកគូទគេ ផ្ទុះឆេះទាំងតៃកុង

ខេត្តកំពង់ស្ពឺ ៖ រថយន្តទំនើប ម៉ាក LEXUS LX-570 ១គ្រឿង កំពុងបើកបរល្បឿនលើផ្លូវល្បឿនលឿន រួចជ្រុលបុកពីក្រោយរថយន្តដឹកប្រេង ១គ្រឿង បណ្តាលឱ្យផ្ទុះឆេះសន្ធោសន្ធៅ ខូចខាតអស់ទាំងស្រុង សល់តែគ្រោងឆ្អឹងដែក ខណៈអ្នកបើកបរបានស្លាប់ និងត្រូវភ្លើងឆេះខ្លោចក្នុងរថយន្ត យ៉ាងរន្ធត់ ចំណែករថយន្តដឹកប្រេង ខូច ខាតផ្នែកខាងក្រោយតិចតួច រីឯអ្នកបើកបរ បានចុះរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវល្បឿនលឿន ចំណុច (PK 93+400) ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រ និល ស្រុកភ្នំស្រួច។

លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា សមត្ថកិច្ចជំនាញ បានទទួលព័ត៌មានពីក្រុមការងារផ្លូវល្បឿនលឿនថា កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ មានករណីរថយន្តទំនើប ១គ្រឿង ម៉ាក LEXUS LX-570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ស្លាប់ក្នុងហេតុការណ៍ផ្ទុះឆេះរថយន្ត) បានបើកបររថយន្តខាងលើ ក្នុងទិសដៅពីលិច ទៅកើត (ព្រះសីហនុ-ភ្នំពេញ) លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត ១គ្រឿង ម៉ាក SHACMAN ពណ៌ស-លឿង-បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-7040 មានសណ្តោងសឺមីរ៉ឺម៉ក (ដឹកប្រេង) ពាក់ស្លាកលេខ ភ្នំពេញ 4A-3058 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយកើតហេតុគេចខ្លួនបាត់)  ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា ពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាក LEXUS LX-570 ផ្ទុះឆេះទាំងស្រុង នៅនឹងកន្លែង និងបណ្តាលឱ្យអ្នកបើកបរស្លាប់ ដោយត្រូវភ្លើងឆេះខ្លោចក្នុងរថយន្តតែម្តង។ រីឯរថយន្តដឹកប្រេង ខូចខាតផ្នែកខាងក្រោយ តែសំណាងល្អ មិនបានផ្ទុះឆេះនោះទេ។

ក្រោយកើតហេតុ ក្រុមការងារក្រុមហ៊ុនផ្លូវល្បឿនលឿន បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ អស់១រថយន្ត។

វត្ថុតាងទាំង២ ត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង រួចអូសយកទៅរក្សាទុក រង់ចាំស្រាវជ្រាវរកភាគីពាក់ ព័ន្ធ មកដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES