Tuesday, February 3, 2026
Homeនយោបាយក្រុមលេខា RBC កម្ពុជា-ថៃ បន្តជួបប្រជុំ នៅតែមិនទាន់រកឃើញចំណុចកណ្តាលរួមគ្នា

ក្រុមលេខា RBC កម្ពុជា-ថៃ បន្តជួបប្រជុំ នៅតែមិនទាន់រកឃើញចំណុចកណ្តាលរួមគ្នា

ខេត្តឧត្តរមានជ័យ ៖ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ផងដែរ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ មិនទាន់រកឃើញចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរ បានឯកភាពគ្នាដកឃ្លា វិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នា រហូតឈានដល់ការឯកភាពគ្នា នាពេលខាងមុខ ទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារ ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦  បានបញ្ជាក់ថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹក ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ផងដែរ។ ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។

សូមជម្រាបជូនផងដែរថា ដោយសារតែភាគីទាំងពីរ មិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរ បានឯកភាពគ្នាដកឃ្លា វិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នា ឈានដល់ការឯកភាពគ្នា នាពេលខាងមុខ ទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈ កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ ។

គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នេះ ធ្វើ ឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរ បានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន នូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ខៀវទុំ

RELATED ARTICLES