ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេស ជាង៤០០នាក់ ចេញពីកម្ពុជា ក្រោយរកឃើញថា ក្រុមជនបទេស ទាំងនោះ បានលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់។

យោងតាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនបរទេស សរុបចំនួន៤០៦នាក់ (ស្រី២៨នាក់) ចេញពីប្រទេសកម្ពុជា។

ជនបរទេស ទាំង៤០៦នាក់ ដែលត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា រួមមាន ៩សញ្ជាតិ (ចិន ឥណ្ឌូនេស៊ី បង់ក្លាដែស យូហ្គាន់ដា នីហ្សេរីយ៉ា កូរ៉េ ឥណ្ឌា ថៃ និងសេរ៉ាឡេអូន) ក្នុងនោះមានជនជាតិចិន ចំនួន១៤០នាក់។ ជនរទេសទាំងនេះ ជាប់ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រើប្រាស់ QR CODE ក្លែងក្លាយ ។

សូមបញ្ជាក់ថា វិធានការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃ ក្នុងការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម និងធានាថាគ្រប់ជនបរទេសដែលរស់នៅលើទឹកដីកម្ពុជា ត្រូវតែគោរពច្បាប់ជាធរមាន៕


