ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ១គ្រឿង ត្រូវបានមន្ត្រីជំនាញបង្ក្រាប នៅពេលដែលរថយន្តនេះ បានដឹកបទល្មើសព្រៃឈើ បង្កប់ក្រោមអីវ៉ាន់បញ្ញើ នៅបរិវេណផ្ទះឈ្មួញឈើចាស់វស្សាម្នាក់ ឈ្មោះប្រាក់ គា ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តដែលត្រូវបានចាប់ឃាត់នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 3G-2483 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ខូអិលធីឌី ដែលមានអ្នកបើកបរឈ្មោះ ស្លាម រំលី ។ ការចាប់ឃាត់រថយន្ត ១គ្រឿងនេះ គឺបន្ទាប់ពីមន្ត្រីជំនាញ បានរកឃើ ញមានផ្ទុកឈើអារ ប្រភេទលេខ១ (ទ្វារសុក្រំ) ចំនួន៣០សន្លឹក (ពុំទាន់វាស់វែង) ពុំមានច្បាប់អនុញ្ញាត (PC) បង្កប់ជាមួយអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ។
តាមការផ្តល់ចម្លើយពីអ្នកបើកបររថយន្ត ថាគេបានដឹកឱ្យឈ្មោះ ប្រាក់ គា ក្នុងគោលដៅពីខេត្តមណ្ឌលគិរី ឆ្ពោះទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ បានតម្លៃដឹក ក្នុង ១ជើង១លាន១០ម៉ឺនរៀល ទៅ១លាន៤០ម៉ឺនរៀល ដោយដឹកបានប្រហែល ១២ជើងហើយ (ទូទាត់ប្រាក់ថ្លៃដឹករួចរាល់)។
ជុំវិញករណីនេះ សមត្ថកិច្ចបានរឹបអូសតែរថយន្ត និងវត្ថុតាង ជាឈើប៉ុណ្ណោះ ដោយយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ត តាមច្បាប់ ។
យោងតាមកំណត់ហេតុស្តីពីការចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ស្ថិតក្នុងភូមិសាស្ត្រភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នៅវេលាម៉ោង ១២និង១៦នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌ រដ្ឋបាលព្រៃឈើមណ្ឌលគិរី ដោយមានការចង្អុលបង្ហាញពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី តាមរយៈទូរស័ព្ទលេខ ០៨៨ ៩៩៩ ២២៣២ វេលាម៉ោង ០០និង១៦នាទី ឲ្យក្រុមការងារធ្វើការឃាត់ត្រួតពិនិត្យរថយន្ត ចំនួន ១គ្រឿង ម៉ាក Hyundai ពណ៌ទឹកក្រូច ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 3G-2483 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ខូអិលធីឌី ត្រង់ចំណុចនិយាមការ (736488-1380446) ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានអ្នកបើកបររថយន្តឈ្មោះ ស្លាម រំលី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ជនជាតិខ្មែរអ៊ិស្លាម កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ 0104 80981 (01) ។

សមាសភាពចូលរួម មានដូចខាងក្រោម ៖
១- លោក អ៊ុក វណ្ណៈ នាយរងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី
២- លោក យឿង ប៉ាន់យ៉ា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី
៣- លោក សេង វាសនា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី
នៅពេលក្រុមការងារបានចុះត្រួតពិនិត្យនិងឆែកឆេរជាក់ស្តែង បានប្រទះឃើញមានឈើអារប្រភេទលេខ១ (ទ្វារសុក្រំ) ចំនួន៣០ សន្លឹក (ពុំទាន់វាស់វែង) បង្កប់ជាមួយនឹងអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ខូអិលធីឌី។ ខណៈ នោះក្រុមការងារយើងបានសួរទៅអ្នកបើកបរ រថយន្តឈ្មោះស្លាម រំលី ដែលជាបុគ្គលិកក្រុមហ៊ុន វីរៈប៊ុនថាំ ខូអិលធីឌី ដើម្បីរកលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ (PC) ប៉ុន្តែ ជនឈ្មោះស្លាម រំលី បានឆ្លើយថាខ្លួនពុំមានលិខិត អនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ (PC) ទេ ហើយការដឹកជញ្ជូនឈើក្នុងរថ យន្ត គឺខ្លួន បានលួចដឹកដោយមិនមានលិខិតអនុញ្ញាត និងមិនឱ្យក្រុមហ៊ុនខ្លួនដឹងឡើយ ខ្លួនបានដឹកឈើអារ (ទ្វាសុក្រម) ស៊ីឈ្នួលឱ្យឈ្មោះគា ភេទប្រុស ជនជាតិខ្មែរ មិនដែលជួបមុខ ទាក់ទងតែតាមទូរស័ព្ទលេខ 097 9191 188 ដឹកពីទីរួមខេត្តមណ្ឌលគិរី ឆ្ពោះយកទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយបានតម្លៃដឹក ក្នុង១ជើង ១លាន១០ម៉ឺនរៀល ទៅ១លាន៤០ម៉ឺនរៀល ហើយដឹកបានប្រហែល ១២ជើង (ទូទាត់ប្រាក់ថ្លៃដឹករួចរាល់)។

បន្ទាប់ក្រុមការងារពិនិត្យឃើញថា ការដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ខាងលើ ជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើ ដូចនេះក្រុមការងារបានសម្រេចធ្វើការចាប់ឃាត់និងដកហូតវត្ថុតាងបទល្មើសខាងលើ នាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរី ដើម្បីបន្តអនុវត្តទៅតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ។ ចំណែកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន នៅក្នុងរថយន្តដែលក្រុមការងារបានចាប់ឃាត់ ក្រុមការងារបានប្រគល់ឲ្យជនឈ្មោះ ស្លាម រំលី យកត្រឡប់ទៅក្រុមហ៊ុនវីរៈប៊ុនថាំ ខូអិលធីឌី ដោយក្រុមបុគ្គលិកក្រុមហ៊ុនវីរៈប៊ុនថាំ ខូអិលធីឌី បានយកម៉ូតូកង់បី ចំនួន២គ្រឿង មកផ្ទេរអីវ៉ាន់ចេញពីក្នុងរថយន្តដែលក្រុមការងារបានចាប់ឃាត់ ត្រឡប់ទៅវិញ ដោយពុំមានបាត់បង់ឬខូចខាតអ្វីឡើយ។ ក្រៅពីវត្ថុតាងខាងលើ ក្រុមការងារពុំបានដកហូតអ្វីផ្សេងឡើយ៕