Wednesday, March 4, 2026
Homeនយោបាយប្រមុខការទូតកម្ពុជា នាំអង្គការអន្តរជាតិ ចុះពិនិត្យស្ថានភាពជនភៀសសឹក

ប្រមុខការទូតកម្ពុជា នាំអង្គការអន្តរជាតិ ចុះពិនិត្យស្ថានភាពជនភៀសសឹក

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  រដ្ឋមន្ត្រីក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បាននាំលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO)  អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជនភៀសសឹកកម្ពុជា ដែលកំពុងស្នាក់នៅជម្រកបណ្ដោះអាសន្ន ក្នុងវត្តធម្មរង្សី (វត្តសំពៅលូន) ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលពលរដ្ឋកម្ពុជា ទាំងនេះ ត្រូវបានទាហានថៃ ឈ្លានពាន រាយលួសបន្លា ដាក់កងឡាននិងទូកុងតឺន័រ រំលោភយកដីនិងផ្ទះសម្បែងរបស់ពួកគាត់ ដោយខុសច្បាប់ ក្រោយពេលមានបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានថ្លែងថា លោកស្រី បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាជម្លោះរវាងកម្ពុជា និងថៃ។ លោកស្រី ថ្លែងប្រាប់ពលរដ្ឋខ្មែរ ដែលជាជនភៀសសឹកថា កាលពីទសវត្សរ៍ឆ្នាំ១៩៦០ លោកស្រីក៏ធ្លាប់ឆ្លងកាត់នូវស្ថានភាពដ៏លំបាក ដូចពលរដ្ឋកម្ពុជា នៅពេលនេះដែរ ព្រោះរវ៉ាន់ដា ដែលជាប្រទេសកំណើតរបស់លោកស្រី ក៏ធ្លាប់កើតមានសង្គ្រាមដែរ ដូច្នេះលោកស្រីបានយល់យ៉ាងច្បាស់អំពីទុក្ខលំ បាករបស់ពលរដ្ឋខ្មែរ ដែលជាភៀសសឹក នាពេលនេះ។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃអង្គការក្រុមប្រទេសនិយាយភាសាបារាំង បានជូនពរពលរដ្ឋភៀសសឹកដែលស្នាក់នៅជម្រកបណ្ដោះអាសន្នទាំងអស់ ឆ្លងកាត់ពេលវេលាដ៏លំបាកនេះ ឱ្យបានឆាប់បំផុត និងសង្ឃឹមថា កម្ពុជា-ថៃ អាចរកដំណោះស្រាយបានឆាប់ៗ អនុញ្ញាតឱ្យពលរដ្ឋភៀសសឹកទាំងអស់គ្នា ត្រឡប់ទៅរស់នៅក្នុងជីវភាពធម្មតាឡើងវិញ។

ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ជនភៀសសឹកថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំរកដំណោះស្រាយដោយសន្តិវិធី ដើម្បីឲ្យបងប្អូន ឆាប់បានត្រឡប់ទៅផ្ទះសម្បែង អាចប្រកបអាជីវ កម្មចិញ្ចឹមជីវិត និងរស់នៅតាមធម្មតាឡើងវិញ។

សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមជាមួយលោស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិ។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ការពិភាក្សា ផ្តោតជាពិសេសលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធានាបាននូវជោគជ័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលគ្រោងនឹងរៀបចំនៅក្នុងរយៈពេល ៨ខែខាងមុខ។

នៅថ្ងៃដដែលនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបចំទទួលអាហារថ្ងៃត្រង់ការងារ ជូនលោកស្រី អគ្គលេខាធិការអង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី នៅក្នុងគេហដ្ឋានផ្ទាល់របស់លោក ដើម្បីបន្តកិច្ចពិភាក្សានា នា មុននឹងជូនដំណើរលោកស្រី អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជនភៀសសឹកកម្ពុជា ដែលកំពុងស្នាក់នៅជម្រកបណ្ដោះអាសន្ន ក្នុងវត្តធម្មរង្សី (វត្តសំពៅលូន) ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀម រាប នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ៕ ខៀវទុំ

RELATED ARTICLES