Monday, March 16, 2026
Homeចរាចរណ៍ បត់ឡានចូលចាក់ប្រេង ក្រឡាប់ របួសព្រូ

 បត់ឡានចូលចាក់ប្រេង ក្រឡាប់ របួសព្រូ

ភ្នំពេញ ៖ រថយន្ត ១គ្រឿង ដឹកក្តារបន្ទះកុងផ្លាកេ បានបត់ចូលទៅចាក់ប្រេង នៅស្ថានីយប្រេងឥន្ធនៈ១កន្លែង តែដោយសារស្ថានីយប្រេងខ្ពស់ជាងផ្លូវ បានធ្វើឱ្យរថយន្តឡើងមិនរួច ក៏ផ្អៀងកង់មួយចំហៀង ក្រឡាប់ផ្ងារជើង បណ្តាលឱ្យព្រូរថយន្តម្នាក់ រងរបួសជើង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចស្ថានីយប្រេង មួយកន្លែង ស្ថិតនៅខាងក្រោយផ្សារបុរីសន្តិភាព២ ក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 2A-0674 ដឹកក្តារបន្ទះកុងផ្លាកេ ជាច្រើនសន្លឹក បើកបរធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិច ទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកែងផ្លូវ៥០ម៉ែត្រ បានបត់ចូលទៅចាក់ប្រេង នៅក្នុងស្ថានីយប្រេងឥន្ធនៈ ខាងលើ ប៉ុន្តែដោយសារបរិវេណស្ថានីយប្រេងឥន្ធនៈនោះ ខ្ពស់ជាងផ្លូវ ទើបធ្វើឱ្យរថយន្តផ្អៀងកង់មួយចំហៀង រួចក្រឡាប់ទាំងកំរោលតែម្តង បណ្តាលឱ្យព្រូរថយន្តម្នាក់ រងរបួសជើងយ៉ាងដំណំ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកឯរថយន្ត បានរងការខូចខាត។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត បានទាក់ទងហៅរថយន្ត ១គ្រឿងទៀត មកសាងដឹកក្តារបន្ទះកុងផ្លាកេ រួចនាំយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង៕

RELATED ARTICLES