Wednesday, March 18, 2026
Homeព័ត៌មានជាតិក្រសួងអប់រំ ណែនាំពង្រឹងអនុវត្តបទបញ្ជាផ្ទៃក្នុងតាមគ្រឹះស្ថានសិក្សា

ក្រសួងអប់រំ ណែនាំពង្រឹងអនុវត្តបទបញ្ជាផ្ទៃក្នុងតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស ដោយហាមសិស្សានុសិស្សប្រើទូរស័ព្ទដៃ ក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង។សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ ដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

អនុលោមតាមច្បាប់ស្តីពីការអប់រំ ដែលបានកំណត់អំពីសិទ្ធិ ករណីយកិច្ចរបស់អ្នកសិក្សា មាតាបិតា ឬអ្នកអាណាព្យាបាល និងសិទ្ធិនិងកាតព្វកិច្ចរបស់បុគ្គលិកអប់រំ និងអនុលោមតាមកម្មវិធីសិក្សាព្រមទាំងសេចក្តីណែនាំស្តីពីដំណើរការគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការអប់រំ ដើម្បីសម្រេចបាននូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា តាមរយៈការ អនុវត្តកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា។ ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជាភារកិច្ច និងទាមទារការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមមាន ៖ គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាសង្គមជាតិ ទាំងមូល។

ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងលើកកម្ពស់ចរិយាសម្បទារបស់សិស្ស ក្រសួងអប់រំ យុវជននិងកីឡា សូមដាក់ចេញនូវសេចក្តីណែនាំដូចខាងក្រោម ៖

១. គ្រឹះស្ថានសិក្សា

– បង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងដំណើរការឱ្យមានប្រសិទ្ធភាព ដោយមានការចូលរួមពីមាតាបិតាឬអ្នកអាណាព្យាបាល

– ជួបប្រជុំ ពិភាក្សា និងទាក់ទងមាតាបិតា ឬ អ្នកអាណាព្យាបាល ឱ្យបានទៀងទាត់ ដើម្បីពិភាក្សាលទ្ធផលសិក្សារបស់សិស្ស និងដោះស្រាយបញ្ហាដែលកើតមានឡើងជាយថាហេតុ

– ប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការគ្រប់គ្រងសាលារៀន ដើម្បីឱ្យមាតាបិតាមានលទ្ធភាពក្នុងការត្រួតពិនិត្យមើលវត្តមាន ពិន្ទុ និងវិន័យរបស់អ្នកសិក្សា

– បង្កើតក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា នៅក្នុងគ្រឹះស្ថានសិក្សា និងត្រូវចាត់តាំងនាយករង មួយរូប ឱ្យទទួលបន្ទុកការងារក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា

– ពង្រឹងទំនាក់ទំនងរវាងក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា ជាមួយគ្រូទទួលបន្ទុកថ្នាក់

– បង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីផ្តល់ការលើកទឹកចិត្ត ឬដាក់ទណ្ឌកម្មខាងវិន័យ ដល់អ្នកសិក្សាដែលអនុវត្តល្មើសបទបញ្ជាផ្ទៃក្នុង ឬប្រាសចាកពីសីលធម៌

– រាយការណ៍អំពីសកម្មភាពមិនប្រក្រតី ឬអំពើល្មើស ដែលបានកើតឡើងក្នុងគ្រឹះស្ថានសិក្សាឱ្យបានទាន់ពេលវេលា ជូនការិយាល័យអប់រំ យុវជននិងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជននិងកីឡារាជធានី ខេត្ត

– អនុវត្តវិធានការផ្តល់រង្វាន់និងទណ្ឌកម្ម ចំពោះសិស្សល្អត្រូវលើកទឹកចិត្តចំពោះសិស្សដែលប្រព្រឹត្តល្មើសទៅនឹងបទបញ្ជាផ្ទៃក្នុង ត្រូវណែនាំចាត់វិធានការរដ្ឋបាល និងអាចដាក់ទណ្ឌកម្មឈានទៅដល់ការលុបឈ្មោះចេញពីសាលារៀន អាស្រ័យទៅលើកំហុស ឬអំពើល្មើសដែលបានប្រព្រឹត្ត

– អនុវត្តវិធានការតាមផ្លូវច្បាប់ ករណីក្មេងទំនើង។

២. គណៈកម្មការគ្រប់គ្រងសាលារៀន

– ជំរុញការអនុវត្តសៀវភៅណែនាំប្រតិបត្តិស្តីពីកិច្ចការពារកុមារនៅក្នុងសាលារៀន

– ចូលរួមទប់ស្កាត់បាតុភាពអវិជ្ជមាននានា

– តាមដានការអនុវត្តនូវវិធីសាស្ត្រនៃការដាក់វិន័យតាមបែបវិជ្ជមាន និងការងាររបស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា

– ចូលរួមក្នុងដំណើរការសម្របសម្រួលនិងសេវាគាំទ្រដល់សិស្ស នៅពេលមានករណីអំពើហិង្សាណាមួយកើតឡើង

– សហការជាមួយមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ រៀបចំកិច្ចប្រជុំ ឬកម្មវិធីផ្សេងៗ ដើម្បីពង្រឹងការចូលរួមរបស់មាតាបិតា ក្នុងការអប់រំចរិយាសម្បទា។

៣. គ្រូទទួលបន្ទុកថ្នាក់ និងគ្រូបង្រៀន

– បង្កើតគណៈកម្មការគ្រប់គ្រងថ្នាក់រៀន

– បង្កើតប្រព័ន្ធទំនាក់ទំនងជាមួយមាតាបិតា ដើម្បីផ្តល់ព័ត៌មានអំពីអវត្តមាន ឬហេតុការណ៍ផ្សេងៗដែលកើតឡើងចំពោះសិស្ស ទៅដល់មាតាបិតា ឬអ្នកអាណាព្យាបាល

– បញ្ជ្រាបការអប់រំសីលធម៌និងសុជីវធម៌ដល់សិស្ស ក្នុងម៉ោងបង្រៀន និងអង្កេតមើលសកម្មភាពរបស់សិស្ស ជាប់ជាប្រចាំ ដោយផ្តល់មតិកែលម្អ នៅពេលដែលឃើញមានកំហុសឆ្គង ឬភាពមិនប្រក្រតីណាមួយ

– សហការផ្តល់ព័ត៌មាននិងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីបង្ការនិងទប់ស្កាត់អ្នកសិក្សា កុំឱ្យប្រព្រឹត្តសកម្មភាពមិនប្រក្រតី

– ផ្តល់មូលវិចារអំពីចរិយាសម្បទារបស់សិស្ស នៅក្នុងសៀវភៅតាមដានការសិក្សា និងសៀវភៅសិក្ខាគារិក។

៤. មាតាបិតាឬអ្នកអាណាព្យាបាល និងសហគមន៍

– សហការ ចូលរួម និងផ្តល់ការគាំទ្រកម្មវិធីអប់រំ ការប្រឹក្សា សកម្មភាពសង្គម សកម្មភាពលើកកម្ពស់វប្បធម៌សន្តិភាព កម្មវិធីសម្តែងធម៌ទេសនា បាឋកថា អំពីសីលធម៌ឬសុជីវធម៌ ដែលរៀបចំដោយគណៈគ្រប់គ្រងសាលារៀន

– ពិនិត្យមើលសកម្មភាពរស់នៅរបស់កូនចៅ ជាពិសេសការអប់រំឱ្យចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ការជក់បារី និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ

– តាមដានការសិក្សា ដោយត្រូវសួរនាំ និងណែនាំកូនចៅ នៅពេលមានកំហុស

– សហការជាមួយសាលារៀន ដោយចូលរួមកិច្ចប្រជុំ និងសហការជាមួយគ្រូបង្រៀន ដើម្បីដោះស្រាយបញ្ហា និងលើកទឹកចិត្តកូនចៅ។

៥. សិស្ស

– គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា និងអនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃ រក្សាភាពថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌

– អនុវត្តតាមកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដែលគ្រឹះស្ថានសិក្សា បានកំណត់ ដូចជា ចូលរួមស្តាប់កម្មវិធីសម្តែងធម៌ទេសនា ឬបាឋកថាអំពីសីលធម៌ ឬសុជីវធម៌

– មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃ ក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង លើកលែងតែមានការអនុញ្ញាត

– មិនត្រូវលេងល្បែងស៊ីសង ឬល្បែងភ្នាល់គ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា

– មិនត្រូវជក់បារីគ្រប់ប្រភេទ នៅក្នុងគ្រឹះស្ថានសិក្សា។

៦. មន្ទីរអប់រំ យុវជន និងកីឡា

-ត្រូវផ្សព្វផ្សាយនិងពង្រឹងការដឹកនាំ និងគ្រប់គ្រងគ្រឹះស្ថានសិក្សា ឱ្យមានប្រសិទ្ធភាព ជាពិសេស ការអនុវត្តបទបញ្ជាផ្ទៃក្នុងគ្រឹះស្ថានសិក្សា និងគោលការណ៍ពាក់ព័ន្ធ ឱ្យបានទូលំទូលាយ

– សហការ សម្របសម្រួល និងជំរុញការអនុវត្តសកម្មភាពក្រៅម៉ោងសិក្សា ដូចជា កម្មវិធីអប់រំចិត្ត កម្មវិធីប្រឹក្សាយោបល់ បាឋកថា អំពីសីលធម៌ ឬសុជីវធម៌ប្រចាំសប្តាហ៍ កម្មវិធីអប់រំសីលធម៌ ការងារស្ម័គ្រចិត្ត កីឡា ក្លឹបសិក្សា សកម្មភាពបណ្ណាល័យ និងការសិក្សាស្រាវជ្រាវ ជាក្រុម

– សម្របសម្រួល និងដោះស្រាយបញ្ហាឬបាតុភាពនានា ក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់

– រាយការណ៍រាល់សកម្មភាពមិនប្រក្រតី និងបាតុភាពនានា ដល់ក្រសួងអប់រំ យុវជននិងកីឡា ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

៧. រដ្ឋបាលក្រុង ស្រុក ខណ្ឌ

– ត្រូវផ្សព្វផ្សាយនិងពង្រឹងការដឹកនាំ គ្រប់គ្រងគ្រឹះស្ថានសិក្សា ឱ្យមានប្រសិទ្ធភាព ជាពិសេសការអនុវត្តបទបញ្ជាផ្ទៃក្នុងគ្រឹះស្ថានសិក្សា និងគោលការណ៍ពាក់ព័ន្ធ ឱ្យបានទូលំទូលាយ

– សហការ សម្របសម្រួល និងជំរុញការអនុវត្តសកម្មភាពក្រៅម៉ោងសិក្សា ដូចជា កម្មវិធីអប់រំចិត្ត កម្មវិធីប្រឹក្សាយោបល់ បាឋកថា អំពីសីលធម៌ឬសុជីវធម៌ប្រចាំសប្តាហ៍ កម្មវិធីអប់រំសីលធម៌ ការងារស្ម័គ្រចិត្ត កីឡា ក្លឹបសិក្សា សកម្មភាពបណ្ណាល័យ និងការសិក្សាស្រាវជ្រាវជាក្រុម

– សម្របសម្រួលនិងដោះស្រាយបញ្ហាឬបាតុភាពនានា ក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់

– រាយការណ៍រាល់សកម្មភាពមិនប្រក្រតី និងបាតុភាពនានា ដល់មន្ទីរអប់រំ យុវជននិងកីឡា ឱ្យបានចាប់រហ័ស និងទាន់ពេលវេលា។

ទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជននិងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវជំរុញការផ្សព្វផ្សាយនិងសហការអនុវត្តឱ្យបានទូលំទូលាយ។ នាយក នាយិកានៃគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ប្រធានអង្គភាពពាក់ព័ន្ធ បុគ្គលិកអប់រំ និងសិស្សានុសិស្សត្រូវ អនុវត្តតាមសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាព…៕

RELATED ARTICLES