
ភ្នំពេញ ៖ គណបក្សជំនាន់ថ្មី បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីតម្លៃប្រេងឥន្ធនៈ កំពុងឡើងថ្លៃខ្ពស់នៅកម្ពុជា ដោយបានលើកឡើងថា ការហក់ឡើងថ្លៃប្រេងខ្ពស់នេះ ធ្វើឱ្យជះឥទ្ធិពលដល់ការឡើងថ្លៃទំនិញ និងសេវាកម្ម ប៉ះពាល់ដល់តម្លៃទំនិញទូទៅ អាជីវកម្មរោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន និងអាជីវកម្មខ្នាតតូចជាច្រើន ត្រូវបន្ថយសកម្មភាព ឬពន្យារពេលការងារ ។ គណបក្សនេះ បានផ្ដល់ដំណោះស្រាយជូនដល់រាជរដ្ឋាភិបាល ចំនួន ៤ចំណុច រួមមាន ផ្អាកការយកពន្ធនាំចូលក្នុងអន្តរកាល លើតម្លៃប្រេងឥន្ធនៈ គ្រប់គ្រងតម្លៃ និងទប់ស្កាត់ការលួចលាក់ដំឡើងថ្លៃ អនុវត្តវិធានការត្រួតពិនិត្យទីផ្សារឱ្យមានប្រសិទ្ធភាព លើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់ថាមពលជំនួស ដូចជា ថាមពលអគ្គិសនី ការប្រើប្រាស់ថាមពលសូឡា ជាដើម និងផ្សព្វផ្សាយ លើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យប្រើប្រាស់យានយន្តសាធារណៈ ។
សេចក្ដីថ្លែងការណ៍ របស់គណបក្សជំនាន់ថ្មី ចុះថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “គណបក្សជំនាន់ថ្មី បានកត់សម្គាល់ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា ប្រទេសកម្ពុជា បានជួបប្រទះបញ្ហាខ្វះខាតប្រេងឥន្ធនៈ ឬការផ្គត់ផ្គង់មិនទាន់តម្រូវការប្រើប្រាស់ និងមានការឡើងថ្លៃខ្ពស់ ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កសិករ កម្មករ និងអាជីវករ ដែលបញ្ហាទាំងនេះ បានប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគេ។
ចំពោះប្រេងឥន្ធនៈ ដែលនឹងកំពុងឡើងថ្លៃខ្ពស់ជាបន្តបន្ទាប់ ដោយសារមានសង្គ្រាមបង្កឡើងនៅមជ្ឈិមបូព៌ា អស់រយៈពេលជាងពីរសប្តាហ៍ កន្លងមកនេះ ដែលបានធ្វើឱ្យជះឥទ្ធិពលដូចជា ៖
– ការឡើងថ្លៃទំនិញ និងសេវាកម្ម ដោយសារប្រេងឥន្ធនៈ ជាធាតុសំខាន់សម្រាប់ការដឹកជញ្ជូន ការខ្វះខាត បានធ្វើឱ្យថ្លៃដឹកជញ្ជូន កើនឡើង ហើយប៉ះពាល់ដល់តម្លៃទំនិញទូទៅ។
– បញ្ហាការដឹកជញ្ជូន ប្រជាពលរដ្ឋ អាជីវករ ប្រឈមមុខនឹងការលំបាកក្នុងការស្វែងរកប្រេង ឬត្រូវរង់ចាំរយៈពេលយូរ។
– ប៉ះពាល់ដល់អាជីវកម្ម រោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន និងអាជីវកម្មខ្នាតតូច ជាច្រើន ត្រូវបន្ថយសកម្មភាព ឬពន្យារពេលការងារ។
គណបក្សជំនាន់ថ្មី សូមផ្តល់ជាដំណោះស្រាយ ជូនរាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដោះស្រាយបន្ទុកលំបាកជូនប្រជាពលរដ្ឋ កសិករ កម្មករ អាជីវករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដូចខាងក្រោម ៖
– ផ្អាកការយកពន្ធនាំចូល ក្នុងអន្តរកាល លើតម្លៃប្រេងឥន្ធនៈ
– គ្រប់គ្រងតម្លៃ និងទប់ស្កាត់ការលួចលាក់ដំឡើងថ្លៃ អនុវត្តវិធានការត្រួតពិនិត្យទីផ្សារឱ្យមានប្រសិទ្ធភាព
– លើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យប្រើប្រាស់ថាមពលជំនួស ដូចជា ថាមពលអគ្គិសនី ការប្រើប្រាស់ថាមពលសូឡា ជាដើម
– ផ្សព្វផ្សាយនិងលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យប្រើប្រាស់យានយន្តសាធារណៈ ។
គណបក្សជំនាន់ថ្មី ជឿជាក់ថា បញ្ហាប្រេងឥន្ធនៈនេះ គឺជាបញ្ហាដ៏សំខាន់ ដែលត្រូវការការសហការគ្នារវាងរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព“ ។

បន្ថែមលើសេចក្ដីថ្លែងការណ៍ ខាងលើនេះ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិប្រេងឥន្ធនៈ យើងត្រូវរកដំណោះស្រាយឲ្យច្រើនជាងបង្កើតដាក់ទម្ងន់បញ្ហា ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ជាដំណោះស្រាយ ដូចអ្វីដែលខ្ញុំបានសរសេរជាសំណេរ ហើយក៏ដូចជានៅក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សជំនាន់ថ្មី គឺថា យើងឲ្យជាដំណោះស្រាយណាដែលអាចរដ្ឋាភិបាល ទទួលយក ឬមិនទទួលយក អាហ្នឹងវាជារឿងសិទ្ធិរបស់រដ្ឋាភិបាល ដែលមានការគូសវាសគោលនយោបាយ ចក្ខុវិស័យ ក្នុងអ្វីដែលរដ្ឋាភិបាល បានដើរក្នុងការដឹកនាំប្រទេសហ្នឹង ។ អ៊ីចឹងការដោះស្រាយប្រេងឡើងថ្លៃ ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង គឺទី១ ថាតើយើងអាចសម្រេចក្នុងការមិនយកពន្ធប្រេងនាំចូលមកប្រទេសកម្ពុជា ពីឈ្មួញបរទេស ដែលគេវិនិយោគចូលហ្នឹង មួយអន្តរកាល ថា៣ខែ ៦ខែ ឬក៏១ឆ្នាំ អីអ៊ីចឹងទៅ អាហ្នឹងទី១ ។ ទី២ គឺថា រដ្ឋាភិបាល ត្រូវបញ្ចេញថវិកាបម្រុងណាមួយ សម្រាប់ទប់ឲ្យប្រេងហ្នឹងក្នុងកម្រិត វាមិនមែនថា មិនឲ្យឡើងថ្លៃកប់ពពកអីទេ គឺថាវាឡើងថ្លៃ ក៏ក្នុងកម្រិតមួយដែលអាចទទួលយកបាន ហើយយើងពន្យល់ណែនាំប្រជាពលរដ្ឋហ្នឹង ឲ្យដឹងថា ដោយសារយើងមានប្រាក់បម្រុងក្នុងកម្រិតប៉ុណ្ណេះខែ ដែលអាចទប់បាន ទម្រាំដំណោះស្រាយសកល ពិភពលោក ទាក់ទងទៅនឹងប្រេងឥន្ធនៈ ដែលមានសង្រ្គាមនៅអ៊ីរ៉ង់ ជាមួយអ៊ីស្រាអែល សហរដ្ឋអាមេរិក ហ្នឹងគឺយើងមានប្រាក់បម្រុង ប្រេងបម្រុង បានតែប៉ុណ្ណេះថ្ងៃទេ តើយើងត្រូវទប់ស្កាត់ ជួយគ្នាយ៉ាងម៉េច រវាងរដ្ឋនិងរាស្រ្ត?” ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងពលរដ្ឋត្រូវបន្ថយការចំណាយ មធ្យោបាយធ្វើដំណើរ បន្ថយការប្រើឡាន ប្រើម៉ូតូ ប្រើអីអ៊ីចឹងទៅ យើងអាចថា សម្រាកក្នុងកម្រិតណា បែបណា ក្នុងអាជីវកម្មពីឆ្ងាយមកជិត ពីជិតមកល្មមជុំវិញផ្ទះ ដោយដើរ ដោយធ្វើមធ្យោបាយបែបណា ហើយបន្ថយបញ្ហាបែបណាដែលអាចជួយរវាងរដ្ឋនិងរាស្រ្ត ហើយពាក់ព័ន្ធនឹងបំណុល ទំនិញឡើងថ្លៃបែបណាៗ ទាក់ទងទៅនឹងបំណុលធនាគារអីហ្នឹង យើងដោះស្រាយបែបជួយគ្នាទៅវិញទៅមក ការអត់ឱន យោគយល់ អធ្យាស្រ័យ រវាងរដ្ឋនិងរាស្រ្ត ជាមួយនឹងអ្នកទី៣ ដូចជាធនាគារ មីក្រូហិរញ្ញវត្ថុ ទៅនឹងកំណត់ទីផ្សារហ្នឹង មានន័យថា កុំឆក់ឱកាស កុំបង្កើតនូវទំនួញទុច្ចរិតបែបណាដែលយើងមិនបានចែកគ្នារស់ក្នុងនាមជាខ្មែរ យើងទៅជាការដណ្ដើមគ្នារស់ ក្នុងការឆក់ឱកាសបែបប្រទេសមានអាសន្ន មានវិបត្តិ ហានិភ័យ ជួបនូវវិបត្តិសេដ្ឋកិច្ច វិបត្តិហិរញ្ញវត្ថុ វិបត្តិបំណុល ក៏ដូចជាវិបត្តិប្រេងឥន្ធនៈ អីជាដើម ខ្ញុំថា ទាំងអស់ហ្នឹង គឺថាសុទ្ធតែរដ្ឋាភិបាលអាចដឹង អាចគិត អាចគូស ប៉ុន្តែនៅក្នុងប្រទេសប្រជាធិបតេយ្យ គឺថាត្រូវតែស្ដាប់មតិប្រជារាស្រ្ត ព្រោះប្រជារាស្រ្ត ជាម្ចាស់ប្រទេស ម្ចាស់សន្លឹកឆ្នោត ហើយអ្នកដឹកនាំ គឺជាអ្នកបម្រើប្រជារាស្រ្ត ក៏ដូចជាបក្សក្រៅរដ្ឋាភិបាល ជាបក្សបំពេញនូវអ្វីជាការឲ្យជាពហុគំនិត ឬក៏រិះគន់ស្ថាបនា ចង្អុលបង្ហាញបែបណា គឺបំពេញឲ្យគ្នា នៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពនូវសិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិអីហ្នឹង គឺសុទ្ធតែយើងធ្វើជាប្រយោជន៍ជាតិ ជាប្រយោជន៍ប្រជារាស្រ្ត យើងមិនយកពេលដែលជួបនូវហានិភ័យ ជួបនូវគ្រោះថ្នាក់នៃវិបត្តិសង្គម វិបត្តិប្រទេសជាតិ វិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ វិបត្តិប្រេងឥន្ធនៈ យើងបែរជាបង្កើតបញ្ហា ហើយជាន់ឈ្លីគ្នា បង្កើតនូវជម្លោះឲ្យកាន់តែមានបញ្ហាគរជាន់លើគ្នា បែរជាមិនរកដំណោះស្រាយជាប្រយោជន៍ជាតិ ប្រយោជន៍រួម យកនយោបាយប្រជាភិថុតិ និងគំនុំបុគ្គលហ្នឹង មកបង្កើតនិន្នាការរើសអើងនយោបាយ ខ្ញុំថាវាមិនមែនជាពេលវេលា កាលៈទេសៈនេះ ដែលយើងត្រូវរកដំណោះស្រាយឲ្យច្រើនជាងបង្កើតដាក់ទម្ងន់បញ្ហា“ ។

គួរបញ្ជាក់ដែរថា ក្រៅពីគណបក្សជំនាន់ថ្មី ចេញសេចក្ដីថ្លែងការណ៍ ផ្ដល់ដំណោះស្រាយដល់រាជរដ្ឋាភិបាល ចំនួន៤ចំណុច ដូចខាងលើ ជាការកត់សម្គាល់ ពាក់ព័ន្ធនឹងប្រេងឡើងថ្លៃនេះដែរ គណបក្សកម្លាំងជាតិ ដែលជាគណបក្សក្រៅរដ្ឋាភិបាលមួយដែរ បានចេញសេចក្ដីថ្លែងការណ៍ ស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ទម្លាក់ពន្ធលើតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត មកត្រឹមសូន្យដុល្លារ និងទម្លាក់អាករលើតម្លៃបន្ថែម ដប់ភាគរយ (10%) មកត្រឹមសូន្យភាគរយ (0%) ទៅលើតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត ទម្លាក់ពន្ធលើប្រេងឥន្ទន: ដើម្បីជួយសម្រួលបន្ទុកដល់កសិករ កម្មករ មន្ត្រីរាជការស៊ីវិល កងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរ ក្នុងការរស់នៅប្រចាំថ្ងៃ ។
សេចក្តីថ្លងការណ៍របស់គណបក្សកម្លាំងជាតិ ស្តីពីតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត ឡើងថ្លៃនៅកម្ពុជា ចុះថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា “ខណ:មានសង្គ្រាមនៅមជ្ឈិមបូព៌ា រយ:ពេលជាងពីរសប្តាហ៍នេះ បណ្តាលឱ្យប្រេងឥន្ទន: មានតម្លៃឡើងខ្ពស់នៅកម្ពុជា ប្រេងសាំង ៥៥០០រៀល ក្នុងមួយលីត្រ ប្រេងម៉ាស៊ូត ៦៥៥០រៀល ក្នុងមួយលីត្រ នាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋខ្មែរ យ៉ាងធ្ងន់ធ្ងរ។
គណបក្សកម្លាំងជាតិ យល់ឃើញថា ចំពោះតម្លៃប្រេងឥន្ទន: ឡើងថ្លៃខ្ពស់ ដែលប៉ះពាល់ដល់ការប្រកបមុខរបរធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋខ្មែរ និងការប្រើប្រាស់ផ្សេងៗទៀត ជាពិសេស ជីវភាពរស់នៅប្រចាំថ្ងៃ របស់កសិករ កម្មករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែមានកញ្ចប់ថវិកាជាតិមួយ ទប់ស្កាត់តម្លៃប្រេង កុំឱ្យហក់ឡើងបន្តទៀត ដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
គណបក្សកម្លាំងជាតិ សូមឱ្យរាជរដ្ឋាភិបាលកម្ពុជា ទម្លាក់ពន្ធលើប្រេងឥន្ធន: ដើម្បីជួយសម្រួលបន្ទុកដល់កសិករ កម្មករ មន្ត្រីរាជការស៊ីវិល កងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរ ក្នុងការរស់នៅប្រចាំថ្ងៃ មានដូចខាងក្រោម ៖
១. សូមទម្លាក់ពន្ធលើតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត មកត្រឹមសូន្យដុល្លារ (០)
២. សូមទម្លាក់អាករលើតម្លៃបន្ថែម ដប់ភាគរយ (10%) មកត្រឹមសូន្យភាគរយ (0%) ទៅលើតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត។
បើរាជរដ្ឋាភិបាលកម្ពុជា មានការទម្លាក់ពន្ធនិងអាករលើតម្លៃបន្ថែម មកត្រឹមសូន្យ នោះតម្លៃប្រេងសាំង ធ្លាក់ចុះប្រហែលជាង ៤០០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ប្រហែលជាង ៥០០០រៀល ក្នុងមួយលីត្រ» ។
គួរបញ្ជាក់ថា តម្លៃប្រេងសាំងធម្មតា បានឡើងថ្លៃ ៣០០រៀលទៀត ដល់ ៥៥០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត ឡើងថ្លៃ ១៥០រៀល ដល់តម្លៃ ៦៥៥០រៀល ក្នុងមួយលីត្រ គិតចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រហូតដល់មានការជូនដំណឹងជាថ្មី ពីក្រសួងពាណិជ្ជកម្ម ៕ កុលបុត្រ




