ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានប្រើប្រាស់គ្រឿងញៀន ជាប្រចាំ លុះបន្ទាប់ពីប្រើប្រាស់រួច បែកថ្នាំ ក៏ធ្វើសកម្ម ភាពយកកាំបិតកាប់បំផ្លាញម៉ូតូឪពុកខ្លួនឯង បណ្តាលឱ្យខូចខាត ធ្វើឱ្យបុរសជាឪពុក ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនកូនប្រុស យកទៅចាត់ការតាមច្បាប់។

ករណីកាប់បំផ្លាញម៉ូតូនេះ បានកើតឡើង កាលពីថ្ងទី១៨ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿន ពុទ្ធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃទទឹង ឃុំឆ្នាល់ ស្រុកគាស់ក្រឡ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះម៉ៅ សឿន អាយុ៥៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់ ស្រុកគាស់ក្រឡ។
តាមប្រភពសមត្ថកិច្ចស្រុកគាស់ក្រឡ បានឱ្យដឹងកាលនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាល ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំកម្លាំងជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលឆ្នាល់មាន់ ធ្វើការឃាត់ខ្លួនឈ្មោះសឿន ពុទ្ធា នៅចំណុចភូមិព្រៃទងទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ពីបទធ្វើឱ្យខូចខាតដោយចេតនា (កាប់បំផ្លាញម៉ូតូឪពុករបស់ខ្លួនឯង) ដោយដកហូតបានវត្ថុតាង រួមមាន កាំបិតដងឈើ ប្រវែង៥២សង់ទីម៉ែត្រ ចំនួន១ដើម រួចនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ម៉ូតូរបស់ឪពុកខ្លួន ប្រាកដមែន ដោយមូលហេតុ ខ្លួនបានប្រើប្រាស់គ្រឿងញៀន (បែកថ្នាំ)។
ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕